ធនាគារ ABA និងអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ សហការគ្នា ដើម្បីអនុញ្ញាតការទូទាត់តាមអនឡាញ កាន់តែងាយស្រួល
29-04-2026 15:38
(ភ្នំពេញ)៖ ធនាគារ ABA បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ (MoU) ជាមួយអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ដើម្បីភ្ជាប់ប្រព័ន្ធទូទាត់អនឡាញ ABA PayWay ទៅក្នុងផ្លែតហ្វមផ្លូវការ សម្រាប់ការចុះបញ្ជីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក។
កិច្ចសហការនេះ នឹងអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចធ្វើការទូទាត់ថ្លៃសេវាពាក់ព័ន្ធនឹងការចុះបញ្ជីបានដោយផ្ទាល់ តាមគេហទំព័ររបស់ក្រសួង ដែលនឹងជួយធ្វើឲ្យដំណើរការនេះ កាន់តែងាយស្រួល និងមានប្រសិទ្ធភាព និងបង្កើនបទពិសោធន៍អ្នកប្រើប្រាស់ទាំងអស់។
ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់នេះ ប្រព្រឹត្តណ៍ឡើងនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ នៅក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមជាអធិបតីពីលោក សួស ប្រាថ្នា ប្រធានការិយាល័យចំណុះនាយកដ្ឋាន និង កញ្ញា ប្លុង ម៉ាលីពណ៍ នាយិកាផលិតផលឌីជីថល នៃធនាគារ ABA ព្រមទាំងតំណាងពីភាគីទាំងសងខាង។
កញ្ញា ប្លុង ម៉ាលី ពណ៌ បានថ្លែងថា «នៅ ABA យើងមានការប្តេជ្ញាគាំទ្រវឌ្ឍនភាពឌីជីថលរបស់កម្ពុជា។ ការភ្ជាប់ប្រព័ន្ធ PayWay ទៅក្នុងផ្លែតហ្វមរបស់ក្រសួងនេះ អនុញ្ញាតឲ្យយើង ផ្តល់នូវដំណោះស្រាយ ទូទាត់ឌីជីថលដែលមានសុវត្ថិភាព និងងាយស្រួលទៅកាន់អ្នកប្រើប្រាស់ ព្រមទាំងរួមចំណែកដល់ប្រព័ន្ធអេកូឡូស៊ីសេវាសាធារណៈឲ្យកាន់តែមានប្រសិទ្ធភាព និងភ្ជាប់គ្នាកាន់តែប្រសើរ»។
ការសហការនេះ ស្របតាមគោលនយោបាយវឌ្ឍភាពឌីជីថលរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានគោលបំណងលើកកម្ពស់ការប្រើប្រាស់សេវាឌីជីថលដែលមានសុវត្ថិភាព និងកាត់បន្ថយនីតិវិធីដោយដៃ។
ធនាគារ ABA បន្តពង្រីកប្រព័ន្ធឌីជីថលរបស់ខ្លួនតាមរយៈកិច្ចសហការជាមួយបណ្តាស្ថាប័នរដ្ឋ និងឯកជន ដើម្បីបន្តដឹកនាំក្នុងការផ្តល់ដំណោះស្រាយទូទាត់ឌីជីថលនវានុវត្ត និងមានសុវត្ថិភាពនៅកម្ពុជា៕







