YouTube កំពុងប្រែក្លាយខ្លួនទៅជាជំនួយការ AI ខណៈមុខងារថ្មីអាចជួយរៀបចំគម្រោងដើរលេង និងឆ្លើយសំណួរបានយ៉ាងឆ្លាតវៃ
29-04-2026 17:03
(បរទេស)៖ អ្នកប្រើប្រាស់ជារឿយៗតែងតែស្វែងរកវិធីធ្វើម្ហូប និងគម្រោងដើរកម្សាន្តនៅលើ YouTube ដើម្បីស្វែងរកវីដេអូដែលពាក់ព័ន្ធ។ ពេលនេះ ផ្លែតហ្វមវីដេអូមួយនេះ នឹងផ្តល់ជូននូវឧបករណ៍ថ្មីមួយ ដើម្បីបំពេញតម្រូវការទាំងនោះ តាមរយៈការដាក់ឱ្យប្រើប្រាស់នូវ មុខងារស្វែងរកបែបអន្តរកម្ម (Interactive Search) ដែលដើរដោយបច្ចេកវិទ្យា AI ដើម្បីបង្ហាញលទ្ធផលជាជំហានៗ រួមមានទាំងអត្ថបទ និងវីដេអូបញ្ចូលគ្នា។
តាមរយៈមុខងារថ្មីដែលមានឈ្មោះថា «Ask YouTube» នេះ អ្នកប្រើប្រាស់អាចសាកសួរជាសំណួរដូចជា៖ «ជួយរៀបចំគម្រោងដើរកម្សាន្តតាមឡានរយៈពេល ៣ថ្ងៃពីទីក្រុង San Francisco ទៅ Santa Barbara» ហើយអ្នកនឹងទទួលបានលទ្ធផលជាជំហានៗ ដែលជាការលាយបញ្ចូលគ្នារវាងអត្ថបទ វីដេអូខ្លីៗ (Shorts) និងវីដេអូវែងៗ ជំនួសឱ្យការបង្ហាញតែបញ្ជីឈ្មោះវីដេអូដូចមុន។ ក្រុមហ៊ុនបានបញ្ជាក់ថា វានឹងបង្ហាញវីដេអូ និងផ្នែកខ្លីៗនៃវីដេអូដែលពាក់ព័ន្ធ រួមជាមួយចំណងជើង និងព័ត៌មានលម្អិតរបស់ឆានែល ដើម្បីជួយឱ្យអ្នកប្រើប្រាស់បានស្គាល់អ្នកបង្កើតមាតិកាថ្មីៗ (Creators)។
លើសពីនេះទៅទៀត អ្នកប្រើប្រាស់អាចសួរដេញដោលបន្ថែមបាន ដូចជា៖ «តើខ្ញុំអាចរកទិញកាហ្វេឆ្ងាញ់ៗនៅឯណា?» ហើយនឹងទទួលបានការណែនាំក្នុងទម្រង់ស្រដៀងគ្នាដែរ។ សម្រាប់លក្ខខណ្ឌនៃការប្រើប្រាស់គឺ៖
* មុខងារនេះមានផ្តល់ជូនសម្រាប់អ្នកប្រើប្រាស់ YouTube Premium នៅក្នុងសហរដ្ឋអាមេរិក ដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ។
* អ្នកដែលចាប់អារម្មណ៍ ចាំបាច់ត្រូវយល់ព្រមចូលរួមការសាកល្បងនេះតាមរយៈតំណភ្ជាប់ (URL) របស់ YouTube។
* Google ក៏បានកត់សម្គាល់ផងដែរថា ខ្លួនកំពុងអភិវឌ្ឍដើម្បីដាក់ឱ្យប្រើប្រាស់មុខងារនេះសម្រាប់អ្នកប្រើប្រាស់ទូទៅ (ដែលមិនមែន Premium) ផងដែរ។
គួរជម្រាបថា នាពេលថ្មីៗនេះ Google បាននឹងកំពុងជំរុញការស្វែងរកបែប AI របស់ខ្លួននៅលើសេវាកម្មជាច្រើនក្រៅពី YouTube។ កាលពីឆ្នាំមុន ក្រុមហ៊ុនបានដាក់ឱ្យប្រើប្រាស់ «AI mode» ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់សួរសំណួរស្មុគស្មាញ និងសំណួរបន្តបន្ទាប់។ នៅឆ្នាំនេះ ពួកគេបានបន្ថែមមុខងារមើលវេបសាយទន្ទឹមគ្នា និងការស្វែងរកតម្លៃផលិតផល។ កាលពីខែមុន ក្រុមហ៊ុនក៏បានបង្ហាញមុខងារ Canvas របស់ Gemini ដើម្បីរក្សាទុកគម្រោងការងារផ្សេងៗនៅក្នុង AI mode ផងដែរ។ តាមរយៈការសាកល្បងមុខងារថ្មីលើ YouTube នេះ Google អាចនឹងឈានទៅដល់ការស្វែងរកវិធីបង្ហាញវីដេអូប្រភេទផ្សេងៗ រួមជាមួយនឹងការដាក់បញ្ចូលមាតិកាផ្សព្វផ្សាយ (Sponsorships) នាពេលអនាគត៕









