Hun Sen Cup៖ វិសាខា ឡើងវគ្គផ្ដាច់ព្រ័ត្រលើកទី៤ រង់ចាំក្រុមឈ្នះ រវាងបឹងកេត និងព្រះខ័នរាជ
30-04-2026 08:56
(ភ្នំពេញ)៖ ការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន (Hun Sen Cup) លើកទី១៩ ឆ្នាំ២០២៥/២៦ (ថ្នាក់ជាតិ) បានរកឃើញបេក្ខភាពវគ្គផ្ដាច់ព្រ័ត្រ ១ក្រុមហើយ គឺក្រុមវិសាខា ដែលត្រូវឈរចាំក្រុមឈ្នះ រវាងក្រុមបឹងកេត និងព្រះខ័នរាជស្វាយរៀង ដ្បិតក្រុមទាំងពីរ ទើបជួបគ្នាជើងទី១ ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ កាលពីយប់មិញស្មើគ្នា ១-១។
វិសាខា បានឡើងវគ្គផ្ដាច់ព្រ័ត្រ ក្រោយបន្ដយកឈ្នះក្រុម ISI ដង្កោសែនជ័យ ៤-១ ក្នុងជំនួបជើងទី២ នៃវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ កាលពីម្សិលមិញ។ ជំនួបកាត់សេចក្ដីនេះ ISI បានព្យាយាមសម្រុកយ៉ាងខ្លាំងនៅដើមវគ្គ បន្ទាប់ពីរងបរាជ័យ ៣-០ ក្រៅដីកាលពីជើងទី១ តែពួកគេមិនអាចទម្លាយរបាំងការពារក្រុមភ្ញៀវបានឡើយ ផ្ទុយទៅវិញ ត្រូវបានវិសាខា វាយបករកបាន ៤គ្រាប់ជាបន្ដបន្ទាប់ ដោយកីឡាករ Park Jungbin ៣គ្រាប់ និង ថា គ្រីយ៉ា ១គ្រាប់ មុនកីឡាករ Onda Yonosuke រកបាន ១គ្រាប់ឲ្យម្ចាស់ផ្ទះវិញ នៅចុងម៉ោង ដោយការទាត់បាល់ពិន័យ ១១ម៉ែត្រ។
ក្រឡេកទៅចាប់អារម្មណ៍ជំនួបដ៏ជក់ចិត្ត នៅពហុកីឡដ្ឋានជាតិ (អូឡាំពិក) រវាងបឹងកេត និងព្រះខ័នរាជស្វាយរៀង វិញ បានបញ្ចប់ដោយលទ្ធផលស្មើគ្នា ១-១ ។ សម្រាប់ ១គ្រាប់របស់អតីតក្រុមជើងឯក ៥សម័យព្រះខ័នរាជស្វាយរៀង រកបានដោយកីឡាករ Patrick Robson តាំងពីនាទីទី៧ រហូតដល់នាទី៨៥ ទើបកីឡាករ Ingo Bento រកបានគ្រាប់តាមស្មើឲ្យបឹងកេត បន្ទាប់ពីការព្យាយាមវាយសម្រុកគ្នាទៅវិញទៅមកចំពោះមុខអ្នកគាំទ្រជិត ៥ពាន់នាក់។
ជាមួយលទ្ធផលខាងលើ នាំឲ្យក្រុមវិសាខា បានឡើងវគ្គផ្ដាច់ព្រ័ត្រ ជាលើកទី៤ ក្នុងប្រវត្តិសាស្ដ្រក្លិប ក្រោយសរុបលទ្ធផលជួបគ្នា ២ជើង ឈ្នះ ISI ដង្កោសែនជ័យ ៧-១ ហើយអតីតក្រុមជើងឯក ៣សម័យនេះ នឹងត្រូវឈរចាំក្រុមឈ្នះ រវាងបឹងកេត និងព្រះខ័នរាជស្វាយរៀង ដែលនឹងត្រូវជួបប្រកួតកាត់សេចក្ដីជើងទី២ នាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ ខាងមុខ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។ ចាំមើលរវាងក្រុមទាំងពីរ តើក្រុមណានឹងឡើងវគ្គផ្ដាច់ព្រ័ត្រ?
សូមរំឮកថា មិនថា បឹងកេត ឬព្រះខ័នរាជស្វាយរៀង នោះទេ សុទ្ធតែធ្លាប់ជួបវិសាខា នៅវគ្គផ្ដាច់ព្រ័ត្រ ក្នុងនោះកាលពីរដូវកាលឆ្នាំ២០២១ ជួបព្រះខ័នរាជស្វាយរៀង វិសាខា បានយកឈ្នះដោយការទាត់បាល់ប៉េណាល់ទីកាត់សេចក្ដី ៥-៤ បន្ទាប់ពីប្រកួត ១២០នាទីស្មើគ្នា ២-២ គ្រាដែលឆ្នាំ២០២២ ជួបបឹងកេត វិសាខាបានយកឈ្នះ ៤-៣។ ជារួមរាល់ការឡើងវគ្គផ្ដាច់ព្រ័ត្រ ៣លើកកន្លងមក វិសាខាពុំធ្លាប់ចាញ់ឡើយ? ដូច្នេះចាំមើលតើរដូវកាលនេះ ពួកគេអាចគ្រងជើងឯកជាថ្មីបានទេ បន្ទាប់ពីខកខាន ២រដូវកាលចុងក្រោយកន្លងមក?












