ខ្សែការពារ Hakimi របស់ PSG នឹងអវត្តមានជើងទី២ UCL ទល់នឹង Bayern ដោយសាររបួសភ្លៅ
30-04-2026 09:59
(បរទេស)៖ ខ្សែការពារ Achraf Hakimi នឹងខកខានប្រកួតជើងទី២ កាត់ក្តីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានអឺរ៉ុប UEFA Champions League 2025-26 ទល់នឹង Bayern Munich ក្រោយរងរបួសភ្លៅ។
ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា Hakimi សញ្ជាតិម៉ារ៉ុកមានបញ្ហារបួសភ្លៅខាងស្តាំ ក្រោយលេងពេញម៉ោង ៩០នាទីកាលជើងទី១ ដែលក្រុមការពារតំណែងជើងឯកបានយកឈ្នះក្រុមមកពីអាល្លឺម៉ង់ ៥-៤។
ក្នុងជំនួបធំនោះដែរ Hakimi ក៏បានបញ្ជូនបាល់ឲ្យមិត្តរួមក្រុម Khvicha Kvaratskhelia បញ្ចប់ទីបានសម្រេច ១គ្រាប់សម្រាប់ជើងទី១ កាលពីរាត្រីថ្ងៃអង្គារ ទី២៨ ខែមេសា ឆ្នាំ២០២៦។
នៅក្នុងសេចក្តីថ្លែងការណ៍របស់ PSG បានឲ្យដឹងថា "Hakimi បានរងរបួសភ្លៅខាងស្តាំ ពេលអំឡុងប្រកួតទល់នឹងក្រុមជើងឯកលីគមកពី Bundesliga។ រូបគេនឹងទទួលការព្យាបាល ២-៣សប្តាហ៍ខាងមុខ"។
នេះមានន័យថា Hakimi នឹងអវត្តមានពេល Paris ត្រូវប្រឈមមុខនឹង Bayern ក្នុងជើងទី២ UCL នាថ្ងៃទី០៦ ខែឧសភា នៅទីក្រុង Munich៕



