EU ចោទប្រកាន់ Meta ថា «ធូររលុង» បណ្តោយឱ្យកុមារក្រោម ១៣ឆ្នាំ លួចប្រើ Facebook និង Instagram
30-04-2026 10:23
(បរទេស)៖ សហភាពអឺរ៉ុប (EU) បានដាក់ការចោទប្រកាន់ជាផ្លូវការលើក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Meta ដែលជាម្ចាស់ Facebook និង Instagram ពីបទរំលោភច្បាប់បច្ចេកវិទ្យាឌីជីថល ដោយមិនបានទប់ស្កាត់កុមារអាយុក្រោម ១៣ឆ្នាំ ឱ្យមានប្រសិទ្ធភាព។ ការរកឃើញបឋមបង្ហាញថា កុមារក្នុងវ័យនេះប្រហែល ១០% ទៅ ១២% នៅតែអាចចូលប្រើប្រាស់បណ្តាញសង្គមទាំងពីរបានយ៉ាងងាយស្រួល ដែលជាហានិភ័យដល់សុវត្ថិភាពអនីតិជន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦។
លោកស្រី Henna Virkkunen ប្រធានផ្នែកបច្ចេកវិទ្យារបស់ EU បានរិះគន់ចំៗក្នុងសេចក្តីថ្លែងការណ៍ថា៖ «លក្ខខណ្ឌប្រើប្រាស់ មិនគួរគ្រាន់តែជាសំណេរលើក្រដាសនោះទេ ប៉ុន្តែវាត្រូវតែជាមូលដ្ឋានសម្រាប់សកម្មភាពជាក់ស្តែង ដើម្បីការពារអ្នកប្រើប្រាស់ ជាពិសេសគឺកុមារ»។ លោកស្រីបន្ថែមថា រហូតមកដល់ពេលនេះ ផ្លេតហ្វមទាំងពីរ «ធ្វើសកម្មភាពតិចតួចបំផុត» ក្នុងការដោះស្រាយបញ្ហាអាយុរបស់អ្នកប្រើប្រាស់នេះ។
ជាការឆ្លើយតប ក្រុមហ៊ុន Meta បានអះអាងថា ខ្លួនមានប្រព័ន្ធស្វែងរក និងលុបគណនីកុមាររួចហើយ ប៉ុន្តែបានទទួលស្គាល់ថា ការផ្ទៀងផ្ទាត់អាយុពិតជាបញ្ហាប្រឈមដ៏ធំសម្រាប់ឧស្សាហកម្មបច្ចេកវិទ្យាទាំងមូល។ ជាមួយគ្នានេះ Meta ក៏បានសន្យាថានឹងបង្ហាញវិធានការបន្ថែមថ្មីៗនៅសប្តាហ៍ក្រោយ ដើម្បីឆ្លើយតបទៅនឹងការបារម្ភរបស់និយតករ និងដើម្បីជៀសវាងការផាកពិន័យដែលអាចមានតម្លៃរហូតដល់ ៦% នៃចំណូលសរុបប្រចាំឆ្នាំ។
គួរជម្រាបថា គណៈកម្មការអឺរ៉ុបបានទុកពេលឱ្យ Meta កែប្រែប្រព័ន្ធវាយតម្លៃហានិភ័យ និងពង្រឹងវិធានការស្វែងរកអនីតិជនឱ្យបានហ្មត់ចត់បំផុត។ ប្រសិនបើលទ្ធផលនៅតែមិនទាន់គាប់ចិត្ត និយតករនឹងឈានទៅរកការផាកពិន័យជាប្រាក់យ៉ាងធ្ងន់ធ្ងរ ដែលជាវិធានការដាច់ខាតដើម្បីធានាថា បណ្តាញសង្គមយក្សទាំងនេះគោរពតាមច្បាប់ការពារកុមារក្នុងយុគសម័យឌីជីថល៕









