ទោះមានឧបសគ្គ តែថ្នាក់ដឹកនាំកីឡាគ្រិកឃីកមិនបោះបង់ការខំប្រឹង ដើម្បីពង្រឹងប្រភេទកីឡាអូឡាំពិកនៅកម្ពុជា
30-04-2026 11:40
(ភ្នំពេញ)៖ កីឡាគ្រិកឃីត គឺជាកីឡាដ៏ពេញនិយមបំផុតមួយលើពិភពលោក តែនៅកម្ពុជា ហាក់មិនសូវមានអ្នកយល់ដឹង និងលេងច្រើននោះទេ ដែលជាឧបសគ្គមួយដ៏ធំ សម្រាប់ការអភិវឌ្ឍ ។ បែបនេះក្ដី ថ្នាក់ដឹកនាំសហព័ន្ធ នៅតែមិនបោះបង់ ហើយបន្ដការខំប្រឹងគ្រប់មធ្យោបាយ ដើម្បីពង្រឹង និងជំរុញការអភិវឌ្ឍប្រភេទកីឡាអូឡាំពិកមួយនៅកម្ពុជា។
នេះបើតាមការលើកឡើងរបស់លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បន្ទាប់ពីលោកទទួលបានការគាំទ្របន្ដដឹកនាំសហព័ន្ធ ក្នុងនាមប្រធានសហព័ន្ធកីឡាគ្រិកឃីតកម្ពុជា អាណត្តិថ្មី នៅក្នុងមហាសន្និបាតបញ្ចប់អាណត្តិទី៤ និងបន្ដអាណត្តិទី៥ ឆ្នាំ២០២៦-២០៣០ កាលពីថ្ងៃទី២៩ ខែមេសាកន្លងទៅ នៅទីស្នាក់ការ NOCC។
លោកថា គ្រិកឃីត ជាប្រភេទកីឡាអូឡាំពិក និងកីឡាជាក្រុម ដែលត្រូវការចំណាយជាច្រើន ទាំងដំណើរការហ្វឹកហាត់ ការប្រកួត និងទីលានជាដើម ។ លើសពិភពលោក កីឡានេះ មានការពេញនិយមលេងជាខ្លាំង តែថ្មីសម្រាប់កម្ពុជា ដោយប្រជាពលរដ្ឋ មានការជ្រួតជ្រាបពីកីឡាគ្រិកឃីតនៅមានកម្រិត ដែលទាមទារឲ្យមានការផ្សព្វផ្សាយ អប់រំ ដើម្បីបំផុសការយល់ដឹង ហើយចូលរួមគាំទ្រ និងលេងកាន់តែច្រើន។
ទន្ទឹមជាមួយការជម្នះឧបសគ្គ ក្នុងការលើកកម្ពស់ការអប់រំផ្សព្វផ្សាយពីកីឡាគ្រិកឃីតឲ្យបានទូលំទូលាយដល់មហាជន សហព័ន្ធក៏ប្ដេជ្ញាស្វែងរការឧបត្ថម្ភគាំទ្រពីប្រភពជាច្រើន ពិសេសធុរកិច្ចផ្សេងៗ និងជនបរទេស ទាំងជំនួយបច្ចេកទេស និងថវិកាជាដើម ដើម្បីជួយជ្រោមជ្រែង និងពង្រឹងការអភិវឌ្ឍប្រភេទកីឡាអូឡាំពិកជាក្រុមនៅកម្ពុជានេះកាន់តែរីកចម្រើន និងរក្សាបាននូវសក្ដានុពល ដែលខ្លួនធ្លាប់ទទួលបានក្នុងស៊ីហ្គេម ឆ្នាំ២០២៣។
ការងារសំខាន់ចំពោះមុខមួយទៀត គឺស្វែងរកទីលានសម្រាប់ការហ្វឹកហាត់ និងប្រកួត។ ជាក់ស្ដែង បច្ចុប្បន្នសហព័ន្ធកីឡាគ្រិកឃីតកម្ពុជាកំពុងពិភាក្សាជាមួយភាគីពហុកីឡដ្ឋានជាតិមរតកតេជោ ដើម្បីបោះទីតាំងហ្វឹកហាត់ និងប្រកួតឲ្យបានជាប់លាប់ ព្រមទាំងគោលដៅបង្ហាត់បង្រៀនដល់សិស្សានុសិស្ស តាមគ្រឹះស្ថានអប់រំមួយចំនួន ដែលមានគ្រូបង្រៀនជាក្រុមការងារសហព័ន្ធ ដើម្បីពង្រីកវិសាលភាពកីឡានេះឲ្យកាន់តែទូលំទូលាយក្នុងអាណត្តិថ្មី។ លោក វ៉ាត់ ចំរើន បន្ថែម។
សម្រាប់ក្បាលម៉ាស៊ីន អាណត្តិថ្មី របស់សហព័ន្ធកីឡាគ្រិកឃីកកម្ពុជា ខាងលើ គឺរក្សាសមាជិកគណៈកម្មាធិការប្រតិបត្តិ ៥រូបដដែល រួមមានលោក វ៉ាត់ ចំរើន ជាប្រធាន និងលោក ទ្រី សុវណ្ណារ៉ា ជាអនុប្រធាន ព្រមទាំងលោក នូ សុផល ជាអគ្គលេខាធិការ, លោកស្រី ទឹម ធាវី ជាអគ្គហេរញ្ញិក និងលោក Nirmaljit Singh ជាសមាជិក។ ចំពោះសមិទ្ធផលដ៏ធំរបស់សហព័ន្ធ ក្នុងអាណត្តិចាស់កន្លងមក គឺការឈ្នះមេដាយ ៤គ្រឿង ក្នុងស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា គឺមានមេដាយមាស ៣ និងប្រាក់ ១៕










