Microsoft បំបែកកំណត់ត្រាប្រាក់ចំណេញក្នុងត្រីមាសទី៣ ខណៈអាជីវកម្ម AI កើនឡើង ១២៣% ប៉ុន្តែការផ្តាច់មុខជាមួយ OpenAI ឈានដល់ទីបញ្ចប់

30-04-2026 12:37

(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Microsoft បានប្រកាសពីលទ្ធផលហិរញ្ញវត្ថុដ៏គួរឱ្យភ្ញាក់ផ្អើលសម្រាប់ត្រីមាសទី៣ ឆ្នាំ២០២៦ ដោយបង្ហាញពីការរីកចម្រើនយ៉ាងខ្លាំងក្លានៅក្នុងវិស័យបញ្ញាសិប្បនិម្មិត (AI)។ ទោះជាយ៉ាងណាក៏ដោយ អ្វីដែលជាចំណុចចាប់អារម្មណ៍បំផុតនោះគឺការកែសម្រួលរចនាសម្ព័ន្ធភាពជាដៃគូជាមួយក្រុមហ៊ុន OpenAI។

សន្ទស្សន៍សេដ្ឋកិច្ចសំខាន់ៗក្នុងត្រីមាសទី៣ គឺចំណូលសរុប ដោយទទួលបាន ៨២.៨៩ ពាន់លានដុល្លារ (លើសពីការរំពឹងទុករបស់សេដ្ឋវិទូដែលថាបានត្រឹម ៨១.៤៦ ពាន់លានដុល្លារ) ខណៈប្រាក់ចំណេញក្នុងមួយភាគហ៊ុនគឹ ៤.២៧ ដុល្លារ ហើយអ្វីដែលកាន់តែពិសេសនោះគឺកំណើនអាជីវកម្ម AI កើនឡើងរហូតដល់ ១២៣% បើធៀបនឹងគ្រាដូចគ្នាកាលពីឆ្នាំមុន ដែលស្មើនឹងទំហំទឹកប្រាក់ប្រមាណ ៣៧ ពាន់លានដុល្លារក្នុងមួយឆ្នាំ។

ក្នុងនោះ Microsoft ក៏បានប្រកាសឱ្យដឹងផងដែរថា ចំនួនអ្នកប្រើប្រាស់ Copilot បង់ប្រាក់បានកើនឡើងដល់ ២០ លាននាក់។

របាយការណ៍នេះបានបង្ហាញពីការផ្លាស់ប្តូរដ៏សំខាន់នៅក្នុងទំនាក់ទំនងរវាង Microsoft និង OpenAI គឺទី១ បញ្ឈប់ការបែងចែកប្រាក់ចំណូល ដោយ Microsoft នឹងមិនបន្តបង់ថ្លៃបែងចែកប្រាក់ចំណូលទៅឱ្យ OpenAI ទៀតទេ ប៉ុន្តែ OpenAI នៅតែត្រូវបង់ថ្លៃសេវាប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធ Cloud ទៅឱ្យ Microsoft ដដែល។ ទី២គឺ ការបញ្ចប់សិទ្ធិផ្តាច់មុខ ដោយ Microsoft លែងមានសិទ្ធិផ្តាច់មុខលើបច្ចេកវិទ្យា និងម៉ូដែល AI របស់ OpenAI ទៀតហើយ។ នេះមានន័យថា OpenAI អាចនឹងចាប់ដៃគូជាមួយក្រុមហ៊ុនផ្តល់សេវា Cloud ផ្សេងទៀតដូចជា AWS ឬ Google Cloud ជាដើម។

ទោះបីជាទទួលបានចំណូលខ្ពស់ក៏ដោយ Microsoft បានចំណាយទុនវិនិយោគយ៉ាងសន្ធឹកសន្ធាប់រហូតដល់ ៣១.៩ ពាន់លានដុល្លារ ក្នុងរយៈពេលតែមួយត្រីមាស ដើម្បីពង្រឹងប្រព័ន្ធ Hardware និងបន្ទះឈីប (GPU) សម្រាប់ទ្រទ្រង់បច្ចេកវិទ្យា AI។

ជាមួយគ្នានេះ ទីផ្សារកុំព្យូទ័រ កំពុងជួបបញ្ហាប្រឈមដោយសារការខ្វះខាតបន្ទះអង្គចងចាំ (Memory Chip) នៅទូទាំងពិភពលោក ដែលធ្វើឱ្យតម្លៃកុំព្យូទ័រឡើងថ្លៃ និងអាចបណ្តាលឱ្យការនាំចេញកុំព្យូទ័រធ្លាក់ចុះប្រមាណ ១១.៣% នៅឆ្នាំនេះ៕