Google Cloud រកចំណូលបានលើស ២០ពាន់លានដុល្លារជាលើកដំបូង ប៉ុន្តែប្រឈមនឹងបញ្ហាកង្វះសមត្ថភាពផ្គត់ផ្គង់
30-04-2026 14:36
(បរទេស)៖ ក្រុមហ៊ុន Google Cloud ដែលជាបុត្រសម្ព័ន្ធរបស់ Alphabet បានបង្ហាញរបាយការណ៍ហិរញ្ញវត្ថុដ៏គួរឱ្យភ្ញាក់ផ្អើលសម្រាប់ត្រីមាសទី១ ឆ្នាំ២០២៦ ដោយរកចំណូលបានលើសពី ២០ពាន់លានដុល្លារ ដែលជាកំណើនរហូតដល់ ៦៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
កត្តាជំរុញដ៏ធំបំផុតគឺបច្ចេកវិទ្យា Generative AI ដែលមានកំណើនដល់ទៅ ៨០០% ធៀបនឹងឆ្នាំមុន។ ជាមួយគ្នានេះ សេវាកម្ម Gemini Enterprise ក៏មានការកើនឡើង ៤០% បើធៀបនឹងត្រីមាសមុន។ ចំនួនអតិថិជនថ្មីបានកើនឡើងទ្វេដង ហើយក្រុមហ៊ុនបានចុះហត្ថលេខាលើគម្រោងដែលមានតម្លៃចាប់ពី ១ពាន់លានដុល្លារឡើងទៅជាច្រើនករណី។ ងាកមកហេដ្ឋារចនាសម្ព័ន្ធវិញ គឺមានតម្រូវការខ្ពស់លើផ្នែក Hardware ដូចជាបន្ទះឈីប TPU និងមជ្ឈមណ្ឌលទិន្នន័យ (Data Centers) ដើម្បីទ្រទ្រង់ដល់ការប្រើប្រាស់ AI។
ទោះបីជាចំណូលកើនឡើងខ្លាំងក៏ដោយ លោក Sundar Pichai អគ្គនាយកក្រុមហ៊ុន Alphabet បានបញ្ជាក់ថា កំណើននេះអាចនឹងខ្ពស់ជាងនេះ ប្រសិនបើក្រុមហ៊ុនមានសមត្ថភាពផ្គត់ផ្គង់គ្រប់គ្រាន់។ បច្ចុប្បន្ន Google Cloud កំពុងជួបបញ្ហា «កង្វះសមត្ថភាពកុំព្យូទ័រ» (Compute Constrained) ក្នុងរយៈពេលខ្លី ដែលធ្វើឱ្យពួកគេមិនអាចឆ្លើយតបនឹងតម្រូវការអតិថិជនបានទាំងអស់។ បច្ចុប្បន្ន ក្រុមហ៊ុនមានការងារដែលអតិថិជនកុម្ម៉ង់ទុក (Backlog) សរុបតម្លៃដល់ទៅ ៤៦២ពាន់លានដុល្លារ។ ដើម្បីដោះស្រាយបញ្ហានេះ Google កំពុងបង្កើនការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធបន្ថែមទៀត ដោយរំពឹងថានឹងអាចដោះស្រាយការងារដែលនៅសល់ទាំងនោះឱ្យបាន ៥០% ក្នុងរយៈពេល ២៤ខែខាងមុខ។
គួរជម្រាបថា ទោះបីជាមានបញ្ហារាំងស្ទះផ្នែកបច្ចេកទេសខ្លះក៏ដោយ ប៉ុន្តែលទ្ធផលនេះបានបង្ហាញថា Google Cloud កំពុងក្លាយជាគូប្រជែងដ៏ខ្លាំងក្លាក្នុងទីផ្សារ Cloud និង AI លំដាប់ពិភពលោក៕









