ក្រុមហ៊ុន JTI Cambodia ទទួលបានពានរង្វាន់មាស ក្នុងកម្មវិធី «សហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយ» សម្រាប់ឆ្នាំ២០២៦
30-04-2026 16:01
(ភ្នំពេញ)៖ ក្រុមហ៊ុន JTI Cambodia មានមោទនភាពយ៉ាងខ្លាំង ដែលទទួលបានពានរង្វាន់មាស ពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងកម្មវិធីប្រកួតប្រជែង «សហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយ» សម្រាប់ឆ្នាំ២០២៦។
ពិធីប្រគល់ពានរង្វាន់ដ៏ឧត្តុង្គឧត្តមនេះ ត្រូវបានប្រារព្ធឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ក្នុងឱកាសអបអរសាទរខួបលើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ថ្ងៃទី១ ខែឧសភា ដែលនឹងប្រារព្ធឡើងក្រោមប្រធានបទ៖ «រួមគ្នាកសាងភាពធន់ ដើម្បីការងារសមរម្យ»។ ពិធីនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។
ពានរង្វាន់មាសនេះ ឆ្លុះបញ្ចាំងអំពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ក្រុមហ៊ុន JTI កម្ពុជា ក្នុងការអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវបទប្បញ្ញត្តិការងារ និងស្តង់ដាកន្លែងធ្វើការដ៏ល្អឥតខ្ចោះ។ លើសពីការអនុលោមតាមលក្ខខណ្ឌតម្រូវតម្រូវក្នុងស្រុក ក្រុមហ៊ុនបានបង្កើតភាពលេចធ្លោប្លែកពីគេ តាមរយៈការផ្ដល់ជូននូវអត្ថប្រយោជន៍ខ្ពស់ ឱកាសស្មើគ្នា ព្រមទាំងកម្មវិធីសិក្សា និងអភិវឌ្ឍសមត្ថភាពប្រកបដោយអត្ថន័យ ដោយដាក់ចេញនូវគំនិតផ្ដួចផ្ដើមកម្រិតសកលជាច្រើន។
ក្នុងនោះរួមមាន «របៀបរបបការងារថ្មី» (New Ways of Working) ដែលជាម៉ូដែលធ្វើការងារពីចម្ងាយប្រកបដោយភាពបត់បែន និងការសម្រាកលំហែមាតុភាព/ បិតុភាព ជាសកល ដោយអនុញ្ញាតឱ្យបុគ្គលិកទាំងអស់ ក្នុងនាមជាឪពុកម្តាយដែលទើបមានកូន អាចឈប់សម្រាកដើម្បីមើលថែទាំកូនក្នុងរយៈពេល ៥ ខែ ដោយទទួលបានប្រាក់បៀវត្សរ៍ពេញ ដែលលក្ខខណ្ឌនេះត្រូវបានអនុវត្តចំពោះបុគ្គលិកគ្រប់រូប ដោយមិនគិតពីភេទ និងទោះបីជាកូនរបស់ពួកគេជាកូនបង្កើត ឬកូនចិញ្ចឹមក៏ដោយ។
នៅលើឆាកអន្តរជាតិ ក្រុមហ៊ុន JTI កម្ពុជា ត្រូវបានទទួលស្គាល់ជា «និយោជកឆ្នើម» ក្នុងរយៈពេល៦ឆ្នាំ ជាប់ៗគ្នា ពីវិទ្យាស្ថាន Top Employer នៃប្រទេសហូឡង់។ រួមជាមួយនឹងពានរង្វាន់មាសថ្នាក់ជាតិខាងលើនេះ បានឆ្លុះបញ្ចាំងកាន់តែច្បាស់ពីការយកចិត្តទុកដាក់ខ្ពស់របស់ក្រុមហ៊ុន JTI Cambodia ក្នុងការចាត់ទុកបុគ្គលិកជាស្នូលគ្រឹះ នៃប្រតិបត្តិការ និងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់សុខុមាលភាពបុគ្គលិក ដែលជាផ្នែកមួយនៃការអភិវឌ្ឍជាតិ។
លោក Benjamin Cerletti អគ្គនាយកក្រុមហ៊ុន JTI កម្ពុជា បានថ្លែងថា ពានរង្វាន់មាសថ្នាក់ជាតិនេះ បាននាំមកនូវមោទនភាពបំផុតសម្រាប់ក្រុមហ៊ុន JTI កម្ពុជា និងបុគ្គលិករបស់យើងទាំងអស់គ្នា ហើយវាក៏ជួយពង្រឹងការប្តេជ្ញាចិត្តរបស់យើង ក្នុងការបន្តកែលម្អបរិយាកាសកន្លែងធ្វើការឱ្យកាន់តែប្រសើរឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ បុគ្គលិក គឺជាបេះដូងនៃស្ថាប័នរបស់យើង ហើយយើងនឹងរួមគ្នា ចូលរួមចំណែកដល់ការរីកចម្រើននៃព្រះរាជាណាចក្រកម្ពុជា។
ក្រៅពីឧត្តមភាពក្នុងការគ្រប់គ្រងធនធានមនុស្ស ក្រុមហ៊ុន JTI កម្ពុជា ក៏ត្រូវបានទទួលស្គាល់ដោយ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីថា ជា សហគ្រាសដែលបង់ពន្ធ ផ្ទៃក្នុងច្រើន ជាងគេក្នុងបណ្តាសហគ្រាស នៅក្នុងប្រទេស និងទទួលបានវិញ្ញាបនបត្រអនុលោមភាពសារពើពន្ធប្រភេទ «មាស» ពីអគ្គនាយកដ្ឋានពន្ធដារ (២០២២–២០២៧)។ លើសពីនេះ ក្រុមហ៊ុន ក៏ត្រូវបានទទួលស្គាល់ជា «សមាជិកក្រុមធុរៈជនល្អបំផុត» និងជា «ប្រតិបត្តិករសេដ្ឋកិច្ចទទួលបានការអនុញ្ញាត AEO» ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាផងដែរ។
គួរឱ្យកត់សម្គាល់ថា ក្រុមហ៊ុន JTI កម្ពុជា បាន និងកំពុងចូលរួមបង្កើតសមិទ្ធផលជាច្រើនសម្រាប់សហគមន៍ តាមរយៈការវិនិយោគទឹកប្រាក់ជាង ១ លានដុល្លារអាមេរិក លើគម្រោងសង្គមនានា ចាប់តាំងពីការផ្តល់ជំនួយមនុស្សធម៌ដល់ជនភៀសសឹក ការដាំដើមឈើឡើងវិញ ការដំឡើងបង្គោលភ្លើងសូឡាបំភ្លឺផ្លូវ ការផ្តល់ដំណោះស្រាយ ទឹកស្អាតជូនសហគមន៍ និងការសាងសង់ផ្ទះសម្រាប់ជនក្រីក្រ និងងាយរងគ្រោះ ព្រមទាំង កម្មវិធីជំនួយសម្រាប់មនុស្សចាស់ជរា និងជនមានពិការភាពជាដើម។
លើសពីនេះ បុគ្គលិករបស់ក្រុមហ៊ុន ក៏បានស្ម័គ្រចិត្តលះបង់ពេលវេលាផ្ទាល់ខ្លួនយ៉ាងច្រើន ដើម្បីចូលរួមក្នុងសកម្មភាព និងគម្រោងទាំងនេះ ដែលវាឆ្លុះបញ្ចាំងឱ្យឃើញពីការប្តេជ្ញាចិត្ត យ៉ាងមុតមាំរបស់ក្រុមហ៊ុន JTI ចំពោះប្រជាជន និងសង្គមជាតិកម្ពុជាទាំងមូល។
សូមជម្រាបថា JTI គឺជាក្រុមហ៊ុនថ្នាំជក់អន្តរជាតិនាំមុខគេ ដែលលក់ផលិតផលរបស់ខ្លួននៅច្រើនជាង ១៣០ ប្រទេស និងមានបុគ្គលិកច្រើនជាង ៤៨,០០០នាក់មកពីជាង ៧០ ប្រទេស។ JTI គឺជាសមាជិករបស់សម្ព័ន្ធក្រុមហ៊ុន JT។ នៅកម្ពុជា ក្រុមហ៊ុន JTI កម្ពុជា ចែកចាយលក់ផលិតផលបារីម៉ាកល្បីៗ លំដាប់ពិភពលោក ដូចជា Mevius និង Winston ហើយមានបុគ្គលិកប្រហែល៤៥០នាក់៕



