SoftBank ត្រៀមបញ្ចេញក្រុមហ៊ុន AI យក្សតម្លៃ ១០០ពាន់លានដុល្លារ ដើម្បីវាយលុកទីផ្សារអាមេរិក

30-04-2026 16:39

(បរទេស)៖ ក្រុមហ៊ុនយក្សរបស់ជប៉ុន SoftBank កំពុងធ្វើឱ្យពិភពលោកចាប់អារម្មណ៍ជាថ្មី ក្រោយប្រកាសផែនការបង្កើតក្រុមហ៊ុនថ្មីមួយឈ្មោះថា «Roze» ដើម្បីដាក់លក់ភាគហ៊ុននៅលើទីផ្សារសហរដ្ឋអាមេរិក។ អ្វីដែលពិសេសបំផុតនោះគឺ Roze នឹងក្លាយជាអាវុធថ្មីដែលរួមបញ្ចូលគ្នារវាង «បញ្ញាសិប្បនិម្មិត (AI)» និង «មនុស្សយន្ត» ដើម្បីសាងសង់មជ្ឈមណ្ឌលផ្ទុកទិន្នន័យខ្នាតធំ ដែលជាឆ្អឹងខ្នងមិនអាចខ្វះបានសម្រាប់បច្ចេកវិទ្យាឌីជីថលនាពេលបច្ចុប្បន្ន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦។

យោងតាមប្រភពពីសារព័ត៌មាន Financial Times ក្រុមហ៊ុនថ្មីសន្លាងមួយនេះ ត្រូវបានគេរំពឹងថាមានតម្លៃខ្លួនរហូតដល់ទៅ ១០០ ពាន់លានដុល្លារ ហើយអាចនឹងបង្ហាញខ្លួននៅលើផ្សារភាគហ៊ុនយ៉ាងឆាប់បំផុតនៅក្នុងឆ្នាំ ២០២៦ នេះ។ នេះគឺជាមហិច្ឆតាដ៏ធំមួយទៀតរបស់ SoftBank ក្នុងការក្តោបក្តាប់ទីផ្សារបច្ចេកវិទ្យាពិភពលោក។

លោក Masayoshi Son ស្ថាបនិក និងជា CEO ក្រុមហ៊ុន SoftBank ចង់ប្រើប្រាស់ភាពជោគជ័យរបស់ក្រុមហ៊ុន Roze នេះ ដើម្បីពង្រឹងសាច់ប្រាក់ និងបន្តបេសកកម្មគាំទ្រដល់ក្រុមហ៊ុនបច្ចេកវិទ្យាដទៃទៀត រួមទាំងក្រុមហ៊ុន OpenAI (ម្ចាស់ ChatGPT) ដែលកំពុងមានតម្លៃខ្លួនហក់ឡើងដល់ ១ ទ្រីលានដុល្លារផងដែរ។ ការសម្រេចចិត្តនេះ បង្ហាញថា SoftBank មិនត្រឹមតែចង់វិនិយោគលើអ្នកដទៃនោះទេ ប៉ុន្តែខ្លួនឯងផ្ទាល់ក៏ចង់ក្លាយជាអ្នកបង្កើតបច្ចេកវិទ្យាដ៏ឥទ្ធិពលមួយដែរ។

គួរជម្រាបថា ក្រៅពីគម្រោងក្រុមហ៊ុន Roze នេះ SoftBank ក៏កំពុងបោះទុនយ៉ាងសន្ធឹកសន្ធាប់លើ «គម្រោង Stargate» ដើម្បីពង្រីកបណ្តាញមជ្ឈមណ្ឌលផ្ទុកទិន្នន័យបន្ថែមទៀតនៅអាមេរិក។ សកម្មភាពទាំងអស់នេះ សបញ្ជាក់ឱ្យឃើញថា យុគសម័យដែលមនុស្សយន្ត និង AI ដើរតួជាអ្នកគ្រប់គ្រងទិន្នន័យពិភពលោក កំពុងខិតជិតមកដល់ក្នុងពេលឆាប់ៗនេះហើយ៕