ធនាគារ ជីប ម៉ុង ប្រកាសផ្តល់យុទ្ធសាស្ត្រគ្រប់គ្រងខ្សែច្រវាក់ផលិតកម្ម ឱ្យកាន់តែមានប្រសិទ្ធភាព សម្រាប់វិស័យស្វាយចន្ទី និងស្រូវ-អង្ករកម្ពុជាឆ្ពោះទីផ្សារពិភពលោក
30-04-2026 16:53
(ភ្នំពេញ)៖ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ ធនាគារ ជីប ម៉ុង បានបន្តបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងរឹងមាំ ក្នុងការលើកស្ទួយវិស័យកសិកម្មកម្ពុជា តាមរយៈការរៀបចំ «សិក្ខាសាលា យុទ្ធសាស្រ្ដផ្តល់ហិរញ្ញប្បទាន ៥០០ លានដុល្លារ ពីធនាគារ ជីប ម៉ុង ក្នុងការជំរុញវិស័យស្វាយចន្ទី និងស្រូវ-អង្ករកម្ពុជា ឲ្យកាន់តែមានប្រសិទ្ធិភាពខ្ពស់ឆ្ពោះទៅកាន់ទីផ្សារអន្ដរជាតិ» នៅរោងចក្រ ខ្មែរប៊ែរវើរីជីស ក្រោមវត្តមានការអញ្ជើញចូលរួមពី អ្នកឧកញ៉ា លាង ម៉េង អគ្គនាយកធនាគារ ជីប ម៉ុង ឧកញ៉ា ឡាយ ឈុនហួរ ប្រធានសហព័ន្ធស្រូវអង្ករ លោក អាន តារា ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្វាយចន្ទី និងសមាជិកនៃសហព័ន្ធស្រូវអង្ករ និងស្វាយចន្ទីប្រមាណ ១៣០ នាក់។
សិក្ខាសាលានេះត្រូវបានបង្កើតឡើងក្នុងគោលបំណងផ្តល់ហិរញ្ញប្បទានរហូតដល់ ៥០០ លានដុល្លារ ពីធនាគារ ជីប ម៉ុង ទៅកាន់វិស័យកសិកម្ម ជាពិសេសវិស័យស្វាយចន្ទី និងស្រូវអង្ករនិងផ្តល់ជូនជាយុទ្ធសាស្ត្រគ្រប់គ្រងខ្សែច្រវាក់ផលិតកម្មឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ដែលនេះជាកិច្ចសហប្រតិបត្តិការភាពជាដៃគូហិរញ្ញវត្ថុដ៏មានទំនុកចិត្តរយៈពេលវែង។
ក្នុងឱកាសនេះ អ្នកឧកញ៉ា លាង ម៉េង ក៏បានចែករំលែកយុទ្ធសាស្រ្តសំខាន់ៗ ក្នុងការកសាង និងគ្រប់គ្រងខ្សែច្រវាក់ផលិតកម្មរោងចក្រតាមស្តង់ដារអន្តរជាតិ ដោយផ្អែកលើបទពិសោធន៍អាជីវកម្មជាង ៤០ ឆ្នាំ ទៅកាន់ម្ចាស់សហគ្រាសស្វាយចន្ទី និងស្រូវអង្ករ ដើម្បីឲ្យយល់ពីវិធីសាស្រ្តបង្កើត និងគ្រប់គ្រងច្រវាក់ផលិតកម្ម ដែលអាចបម្លែងផលិតផលកសិកម្មក្នុងស្រុកឲ្យក្លាយជាផលិតផលមានគុណភាពខ្ពស់ ដែលត្រូវបានពិភពលោកទទួលស្គាល់ និងអាចបង្កើនតម្លៃបន្ថែម ក៏ដូចជាបង្កើនផលចំណេញ។
គួរបញ្ជាក់ផងដែរថា កន្លងមកធនាគារ ជីប ម៉ុង បានត្រៀមទំហំកម្ចីប្រមាណ ២០០ លានដុល្លារសម្រាប់វិស័យកសិកម្ម ប៉ុន្តែដើម្បីលើកកម្ពស់គុណភាព និងពង្រីកសក្តានុពលវិស័យនេះឲ្យឆ្ពោះទៅកាន់ទីផ្សារអន្តរជាតិ ធនាគារ បានបន្ថែមទំហំកម្ចី ៣០០ លានដុល្លារថែមទៀត ដែលធ្វើឲ្យទំហំសរុបឈានដល់ ៥០០ លានដុល្លារ សម្រាប់គាំទ្រវិស័យស្វាយចន្ទី និងស្រូវអង្ករ។
ជាមួយនឹងបេសកកម្មជាធនាគារខ្មែរ ១០០% ដែលដឹកនាំដោយកូនខ្មែរ ធនាគារ ជីប ម៉ុង បន្តប្តេជ្ញាចិត្តក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ តាមរយៈការផ្តល់ដំណោះស្រាយហិរញ្ញវត្ថុដែលបត់បែន សុវត្ថិភាព និងមានទំនុកចិត្តខ្ពស់។ ធនាគារមើលឃើញថា ការវិនិយោគក្នុងវិស័យកសិកម្ម គឺជាគន្លឹះសំខាន់មួយក្នុងការបង្កើនតម្លៃបន្ថែម ផលិតភាព និងជីវភាពរស់នៅរបស់ប្រជាជនខ្មែរ ឲ្យកាន់តែប្រសើរឡើង។
ធនាគារ ជីប ម៉ុង ជាធនាគារបង្កើតឡើងដោយសហគ្រិនខ្មែរ១០០% មានគ្រឹះរឹងមាំ និងផ្តល់សេវាហិរញ្ញវត្ថុទៅកាន់អតិថិជនប្រកបដោយសុវត្ថិភាពនិងទំនុកចិត្តខ្ពស់ ដោយមានក្រុមហ៊ុនយក្ស ជីប ម៉ុង ជាក្រុមហ៊ុនមេ មានប្រពភច្បាស់លាស់ ប្រវត្តិអាជីវកម្មយូរអង្វែងក្នុងទីផ្សារកម្ពុជា និងទទួលបានភាពជោគជ័យតាំងពីឆ្នាំ១៩៨២។
សម្រាប់ព័ត៌មាន សូមទំនាក់ទំនងទៅកាន់សេវាអតិថិជន24ម៉ោង៖ 081 811 911 ឬ 066 811 911៕











