កម្ពុជា ទទួលសិទ្ធិធ្វើម្ចាស់ផ្ទះវគ្គជម្រុះក្នុងពូល ពានរង្វាន់ AFC U20 Asian Cup 2027

30-04-2026 17:16

(ភ្នំពេញ)៖ កម្ពុជា ទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតវគ្គជម្រុះក្នុងពូល សម្រាប់ពានរង្វាន់យុវជនអាយុក្រោម ២០ឆ្នាំប្រចាំទ្វីបអាស៊ី ឆ្នាំ២០២៧ (AFC U20 Asian Cup China 2027)។ នេះបើយោងតាមការជូនដំណឹងរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា នៅល្ងាចថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦។

ប្រភពខាងលើបញ្ជាក់ថា វគ្គជម្រុះពាន U20 ទ្វីបអាស៊ីនេះ នឹងចាប់ផ្ដើមការប្រកួតចាប់ពីថ្ងៃទី៣១ ខែសីហា ដល់ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៦ ដោយមានក្រុមជម្រើសជាតិអាយុក្រោម ២០ឆ្នាំ តាមប្រទេសនៃទ្វីបអាស៊ីទាំងអស់ចូលរួម និងត្រូវបែងចែកជា ១១ពូល។ ចំពោះការចាប់ឆ្នោតបែងចែកពូល រង់ចាំការជូនដំណឹងពីសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC) នាពេលក្រោយ។

ដូច្នេះចាំមើលតើក្រុមជម្រើសជាតិអាយុក្រោម ២០ឆ្នាំកម្ពុជា នឹងត្រូវជួបក្រុមជម្រើសជាតិយុវជនមកពីប្រទេសណាខ្លះ ក្នុងនាមម្ចាស់ផ្ទះវគ្គជម្រុះក្នុងពូលនាខែសីហាខាងមុខ?