ក្រុមហុកគីបុរសកម្ពុជា ចូលរួមព្រឹត្តិការណ៍អន្ដរជាតិលើកដំបូង ក្រោយស៊ីហ្គេម ឆ្នាំ២០២៣
01-05-2026 09:46
(ភ្នំពេញ)៖ ក្រុមកីឡាហុកគីជម្រើសជាតិហុកគីកម្ពុជា បានចេញទៅប្រកួតក្នុងកម្មវិធី 4-Nations Men’s Hockey Tournament នៅប្រទេសសិង្ហបុរី ដែលនឹងចាប់ផ្ដើមពីថ្ងៃទី១-៣ ខែឧសភា ឆ្នាំ២០២៦ នេះ។
លោក កាំង សុធា អគ្គលេខាធិការសហព័ន្ធកីឡាហុកគីកម្ពុជា បានឲ្យដឹងថា នេះជាលើកដំបូងហើយ ដែលក្រុមហុកគីបុរសកម្ពុជា បានចូលរួមព្រឹត្តិការណ៍អន្ដរជាតិផ្លូវការ បន្ទាប់ពីស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា។
ក្រោយបញ្ចប់យុទ្ធនាការក្នុងព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រលើទឹកដីរបស់ខ្លួន ក្រុមហុកគីកម្ពុជា បានត្រឹមការប្រកួតលក្ខណៈមិត្តភាពអន្ដរជាតិធម្មតា និងការប្រកួតថ្នាក់ជាតិនានា តែពុំធ្លាប់ចូលរួមការប្រកួតផ្លូវការលក្ខណៈអន្ដរជាតិបែបនេះឡើយ។
លោកបានចាត់ទុកការចូលរួមប្រកួតនៅសិង្ហបុរីនេះ គឺជាវេទិការមួយដ៏ល្អ សម្រាប់ក្រុមកីឡាករហុកគីកម្ពុជា ក្នុងការបង្ហាញសមត្ថភាព ពិសេសធនធានកីឡាករវ័យក្មេងប្រមាណ ៥០% ដែលបានរួមដំណើរជាមួយរាមច្បង ដើម្បីទទួលបានបទពិសោធន៍ ក៏ដូចជាដុសខាត់សមត្ថភាព បច្ចេកទេសកាន់តែល្អប្រសើរ ត្រៀមការប្រកួតអន្ដរជាតិធំៗនាថ្ងៃអនាគត៕







