នាយកប្រតិបត្តិក្រុមហ៊ុន Meta លោក Zuckerberg បញ្ជាក់ថា ការកាត់បន្ថយបុគ្គលិកគឺដើម្បីយកថវិកាទៅវិនិយោគលើ AI
01-05-2026 10:32
(បរទេស)៖ ក្នុងកិច្ចប្រជុំផ្ទៃក្នុងមួយកាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ លោក Mark Zuckerberg នាយកប្រតិបត្តិក្រុមហ៊ុន Meta (ក្រុមហ៊ុនមេរបស់ Facebook) បានពន្យល់ពីមូលហេតុនៅពីក្រោយផែនការកាត់បន្ថយបុគ្គលិកថា ជាការចាំបាច់ដើម្បីបង្កើនកញ្ចប់ថវិកាសម្រាប់ការវិនិយោគលើបច្ចេកវិទ្យា AI។ ជាមួយគ្នានេះ លោកក៏មិនបានបដិសេធចំពោះលទ្ធភាពនៃការកាត់បន្ថយបុគ្គលិកបន្ថែមទៀតនាពេលអនាគតនោះដែរ។
យោងតាមប្រភពពី Reuters លោក Zuckerberg បានប្រាប់ទៅកាន់បុគ្គលិកក្នុងអង្គប្រជុំ Town Hall ថា ក្រុមហ៊ុនមានចំណុចចំណាយធំៗចំនួនពីរ គឺហេដ្ឋារចនាសម្ព័ន្ធកុំព្យូទ័រ (Compute Infrastructure) និងធនធានមនុស្ស។
លោកបានសង្កត់ធ្ងន់ថា៖ «ប្រសិនបើយើងវិនិយោគកាន់តែច្រើនលើវិស័យណាមួយ ដើម្បីបម្រើសហគមន៍របស់យើង នោះមានន័យថា យើងមានដើមទុនតិចជាងមុនសម្រាប់បែងចែកទៅផ្នែកផ្សេងទៀត។ ដូច្នេះ វាមានន័យថា យើងពិតជាត្រូវកាត់បន្ថយទំហំក្រុមហ៊ុនក្នុងកម្រិតណាមួយ»។
ទោះជាយ៉ាងណា លោក Zuckerberg បានបន្ថែមថា ការកាត់បន្ថយបុគ្គលិកនេះ មិនមានការពាក់ព័ន្ធដោយផ្ទាល់ទៅនឹងការរៀបចំក្រុមការងារឡើងវិញជុំវិញរចនាសម្ព័ន្ធ «AI Native» ឬកិច្ចខិតខំប្រឹងប្រែងបង្កើត AI ដែលអាចធ្វើការដោយស្វ័យប្រវត្តិនោះទេ។
កន្លងមក ភាពស្ងប់ស្ងាត់របស់ក្រុមហ៊ុនជុំវិញការបញ្ឈប់ការងារ ស្របពេលដែលមានការប្រកាសពីការផ្លាស់ប្តូរអង្គភាពឆ្ពោះទៅរក AI និងគំនិតផ្ដួចផ្ដើមថ្មីក្នុងការតាមដានសកម្មភាពម៉ៅស៍ (Mouse) និងការវាយអត្ថបទរបស់បុគ្គលិកដើម្បីបណ្តុះបណ្តាល AI បានធ្វើឱ្យបុគ្គលិកជាច្រើនមានការមិនពេញចិត្តយ៉ាងខ្លាំង។ តាមរយៈសារផ្ទៃក្នុងដែល Reuters ទទួលបាន បុគ្គលិកមួយចំនួនបានរិះគន់លោក Zuckerberg និងថ្នាក់ដឹកនាំក្រុមហ៊ុនដោយចំហ ចំពោះការផ្លាស់ប្តូរទាំងនេះ។
Meta មានគម្រោងកាត់បន្ថយបុគ្គលិកប្រហែល ១០% នៅថ្ងៃទី ២០ ខែឧសភា ខាងមុខនេះ ហើយក៏កំពុងគ្រោងកាត់បន្ថយបន្ថែមទៀតសម្រាប់ឆមាសទីពីរនៃឆ្នាំនេះផងដែរ។ នៅពេលសួរអំពីផែនការរយៈពេលវែង លោក Zuckerberg បានឆ្លើយតបដោយភាពស្មោះត្រង់ថា៖ «ខ្ញុំចង់ប្រាប់អ្នកថា ខ្ញុំមានផែនការច្បាស់លាស់សម្រាប់រយៈពេល ៣ ឆ្នាំខាងមុខ ប៉ុន្តែខ្ញុំមិនមានទេ។ ខ្ញុំគិតថាគ្មាននរណាម្នាក់មានឡើយ»៕






