ខ្សែបម្រើមិនសូវបានលេងជាប់លាប់ Mainoo បន្តរួមរស់ជាមួយ Man Utd ដល់ឆ្នាំ២០៣១
01-05-2026 11:03
(បរទេស)៖ កីឡាករសញ្ជាតិអង់គ្លេស Kobbie Mainoo បានព្រមព្រៀងបន្តកិច្ចសន្យា ៤ឆ្នាំបន្ថែមទៀតជាមួយក្លិប បិសាចក្រហម Manchester United ដែលមានសុពលភាពដល់ឆ្នាំ២០៣១ ខាងមុខ។ នេះបើយោងតាមការចេញ ដោយ BBC។
Mainoo វ័យទើប ២១ឆ្នាំ ជាយុវជនថ្នាលនៅកីឡដ្ឋាន Old Trafford ដែលទើបដំឡើងមកក្រុមធំរបស់បិសាចក្រហម កាលពីអំឡុងឆ្នាំ២០២៣ ជាមួយនឹងកិច្ចសន្យាចាស់ដែលនឹងអស់សុពលភាពនាឆ្នាំ២០២៧ ខាងមុខ។
ទោះជាយ៉ាងណា Mainoo ដែលតែងតែអង្គុយនៅកៅអីបម្រុងជាញឺកញាប់នោះ ទើបរកបាន ៧គ្រាប់ប៉ុណ្ណោះ ក្នុងចំណោមចូលលេងបាន ៩៨ប្រកួតសម្រាប់ Man Utd គ្រប់កម្មវិធី។
នេះមានន័យថា យុវជនរូបនេះបានបញ្ចប់មន្ទិលសង្ស័យជុំវិញអនាគតរបស់លោកនៅទីក្រុង Manchester ប្រទេសអង់គ្លេស ដោយកន្លងមកគ្រូបង្វឹកចាស់ លោក Ruben Amorim ធ្លាប់មានបំណងផ្ទេរជាលក្ខណៈខ្ចីជើងទៅក្លិប Napoli នាអំឡុងខែមករា ប៉ុន្តែត្រូវបានថ្នាក់ដឹកនាំក្លិបបដិសេធ។
Mainoo មានឈ្មោះចូលលេងស្ទើរតែគ្រប់ការប្រកួតស្ថិតក្រោមការដឹកនាំរបស់គ្រូបង្វឹកបណ្តោះអាសន្ន Michael Carrick ក្រោយការចាកចេញរបស់លោក Amorim ក្នុងចំណោម ១២ប្រកួតក្នុងលីគកន្លងមក និងបានអវត្តមាន ១លើកតែប៉ុណ្ណោះពេល Man Utd បានចាញ់ Leeds United ២-១ ដោយសាររបួស៕



