ភាគហ៊ុនបច្ចេកវិទ្យាបំបែកកំណត់ត្រា៖ ខែមេសា ក្លាយជាខែដែលរីកចម្រើនបំផុតចាប់តាំងពីវិបត្តិ Covid-2020

01-05-2026 12:16

(បរទេស)៖ សន្ទស្សន៍ Nasdaq Composite ដែលសម្បូរទៅដោយក្រុមហ៊ុនបច្ចេកវិទ្យាបានហក់ឡើង ១៥,២៩% ក្នុងខែមេសា ដែលជាការកើនឡើងប្រចាំខែខ្ពស់បំផុតមិនធ្លាប់មាន ចាប់តាំងពីការចាប់ផ្តើមនៃជំងឺរាតត្បាតកូវីដ-១៩ ក្នុងខែមេសា ឆ្នាំ ២០២០។

របាយការណ៍ចំណូលដ៏រឹងមាំពីសំណាក់ក្រុមហ៊ុនយក្សដូចជា Alphabet, Amazon និង Microsoft នៅសប្តាហ៍នេះ បានក្លាយជាក្បាលម៉ាស៊ីនរុញច្រានវិស័យនេះឱ្យហក់ឡើងយ៉ាងខ្លាំង ដោយក្រុមហ៊ុនទាំងនេះសុទ្ធតែទទួលបានលទ្ធផលលើសពីការរំពឹងទុក ទាំងលើប្រាក់ចំណូល និងការរីកចម្រើននៃសេវាកម្ម Cloud។

កំណើនគួរឱ្យកត់សម្គាល់នៃក្រុមហ៊ុនយក្ស Alphabet (Google) ដោយភាគហ៊ុនបានហក់ឡើង ១០% ក្រោយការប្រកាសប្រាក់ចំណូល និងកើនឡើងសរុប ៣៤% ក្នុងខែនេះ។ នេះគឺជាខែដ៏ល្អបំផុតសម្រាប់ក្រុមហ៊ុន ចាប់តាំងពីខែតុលា ឆ្នាំ ២០០៤ ដែលជាឆ្នាំក្រុមហ៊ុនចូលទីផ្សារភាគហ៊ុនដំបូង។ ចំណែក Amazon & Broadcom ដោយ Amazon បានកើនឡើង ២៧% ខណៈដែល Broadcom កើនឡើង ៣៥% ក្នុងខែមេសា។ ដោយឡែក Qualcomm ទទួលបានលទ្ធផលល្អបំផុតមិនធ្លាប់មានកាលពីថ្ងៃព្រហស្បតិ៍ ដោយតម្លៃភាគហ៊ុនសរុបក្នុងខែនេះហក់ឡើងជិត ៤០% និងចុងក្រោយ Meta ទោះបីជាធ្លាក់ចុះ ៩% កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីប្រកាសបង្កើនការចំណាយលើដើមទុន (Capex) ក៏ដោយ ប៉ុន្តែជារួម Meta នៅតែទទួលបានកំណើនជិត ៧% សម្រាប់ខែមេសា។

តម្រូវការមជ្ឈមណ្ឌលទិន្នន័យ (Data Centers) ដែលបន្តកើនឡើង បានធ្វើឱ្យភាគហ៊ុនក្នុងវិស័យបន្ទះឈីបមានការរីកចម្រើនយ៉ាងខ្លាំង ដូចជា AMD & Micron ភាគហ៊ុន AMD ហក់ឡើងដល់ ៧៤% និង Micron កើនឡើង ៥៣% ចំណែក Nvidia កើនឡើងប្រហែល ១៤% ដែលជាខែដ៏ល្អបំផុតចាប់តាំងពីខែមិថុនាឆ្នាំមុន។ Intel បង្កើតប្រវត្តិសាស្ត្រថ្មីដោយតម្លៃភាគហ៊ុនបានកើនឡើងទ្វេដងក្នុងខែមេសា ដែលជាខែដ៏ជោគជ័យបំផុតក្នុងប្រវត្តិសាស្ត្រ ៥៥ ឆ្នាំរបស់ក្រុមហ៊ុន។

ការកើនឡើងក្នុងខែមេសានេះ គឺជាចំណុចរបត់ដ៏សំខាន់សម្រាប់វិស័យបច្ចេកវិទ្យា បន្ទាប់ពីមានការចាប់ផ្តើមយ៉ាងលំបាកក្នុងដើមឆ្នាំ ២០២៦។ កន្លងមក ភាគហ៊ុនបច្ចេកវិទ្យា ជាពិសេសផ្នែក Software បានរងសម្ពាធយ៉ាងខ្លាំងដោយសារតែក្តីបារម្ភអំពីការរំខានពីបច្ចេកវិទ្យា AI។

គិតត្រឹមដើមឆ្នាំរហូតមកដល់ពេលនេះ សន្ទស្សន៍ Nasdaq កើនឡើងបាន ៧%។ គួរកត់សម្គាល់ថា កំណើនភាគច្រើនកើតឡើងក្នុងខែមេសានេះឯង ព្រោះកាលពីចុងខែមីនា សន្ទស្សន៍នេះបានធ្លាក់ចុះប្រហែល ៧% ទៅហើយ៕