ភាគហ៊ុនរបស់ Apple ហក់ឡើងខ្ពស់ ខណៈ iPhone 17 និង MacBook Neo រុញច្រានការព្យាករណ៍ឱ្យកាន់តែមានភាពវិជ្ជមាន

01-05-2026 14:58

(បរទេស)៖ នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ក្រុមហ៊ុន Apple បានបង្ហាញពីតម្រូវការដ៏ខ្លាំងក្លាមិនធ្លាប់មានសម្រាប់ទូរស័ព្ទ iPhone 17 និងកុំព្យូទ័រ MacBook Neo ដែលជាកត្តាជួយឱ្យការព្យាករណ៍ការលក់មានភាពរឹងមាំ និងធ្វើឱ្យតម្លៃភាគហ៊ុនរបស់ខ្លួនហក់ឡើងជិត ៤% បន្ទាប់ពីបិទទីផ្សារដូរដូរ។ ទោះជាយ៉ាងណាក៏ដោយ Apple បានព្រមានអំពីការបន្តខ្វះខាតការផ្គត់ផ្គង់បន្ទះឈីប។ ការព្យាករណ៍នេះបានបង្ហាញពីរបៀបដែល Apple កំពុងទប់ទល់នឹងសម្ពាធខ្សែចង្វាក់ផ្គត់ផ្គង់ និងការកើនឡើងតម្លៃបន្ទះឈីបអង្គចងចាំ (Memory chip) តាមរយៈតម្រូវការដ៏ខ្លាំងនៃ Mac Neo ថ្មី កំណើននៃផ្នែកសេវាកម្ម និងការលក់ដ៏រឹងមាំនៅក្នុងប្រទេសចិន។

ថ្នាក់ដឹកនាំ Apple រំពឹងថាការលក់នឹងកើនឡើងពី ១៤% ទៅ ១៧% សម្រាប់ត្រីមាសទី៣ ដែលនឹងមកដល់ ដែលតួលេខនេះខ្ពស់ជាងការប៉ាន់ស្មានរបស់ Wall Street (៩,៥%)។ ទស្សនវិស័យវិជ្ជមាន និងការទិញភាគហ៊ុនមកវិញចំនួន ១០០ពាន់លានដុល្លារថ្មី បានផ្តល់ការធានាឡើងវិញដល់វិនិយោគិន ដែលថ្លឹងថ្លែងពីការផ្លាស់ប្តូរភាពជាអ្នកដឹកនាំរបស់ក្រុមហ៊ុន Apple ចំពេលមានការប្រកួតប្រជែងកាន់តែខ្លាំងឡើងនៅក្នុងវិស័យបញ្ញាសិប្បនិម្មិត។ ផលិតផលថ្មីដែលមានតម្លៃត្រឹម ៥០០ដុល្លារសម្រាប់សិស្សានុសិស្ស បានជួយឱ្យចំណូលពីផ្នែក Mac ឡើងដល់ ៨.៤ ពាន់លានដុល្លារ (លើសពីការរំពឹងទុក ៨.០២ ពាន់លានដុល្លារ)។ អ្នកវិភាគជឿថា នេះនឹងជួយឱ្យ Apple វាយលុកទីផ្សារកុំព្យូទ័រតម្លៃទាប ដែលពីមុនគ្រប់គ្រងដោយ Google Chromebooks។

ចំណូលពី iPhone សម្រេចបាន ៥៦.៩៩ ពាន់លាដុល្លារ។ លោក Tim Cook បានបញ្ជាក់ថា តម្រូវការគឺ «ខ្ពស់ខ្លាំងលើសពីការរំពឹងទុក» ប៉ុន្តែការលក់ត្រូវបានរាំងស្ទះដោយសារកង្វះខាតបន្ទះឈីបកម្រិតខ្ពស់ពី TSMC ដែលបច្ចុប្បន្នកំពុងមានតម្រូវការខ្ពស់សម្រាប់យកទៅផលិតបច្ចេកវិទ្យា AI ផងដែរ។

គួរជម្រាបថា ទោះបីជា Apple មិនបានចំណាយលុយរាប់សិបពាន់លានដុល្លារលើ AI ដូចគូប្រជែងក៏ដោយ ប៉ុន្តែការចំណាយលើការស្រាវជ្រាវ និងអភិវឌ្ឍន៍ (R&D) បានកើនឡើង ៣៣.៥% ដល់ ១១.៤២ ពាន់លានដុល្លារ។ ក្រុមហ៊ុនត្រូវបានគេរំពឹងថា នឹងបង្ហាញព័ត៌មានលម្អិតបន្ថែមអំពីផែនការ AI របស់ខ្លួននៅក្នុងសន្និសីទអ្នកអភិវឌ្ឍន៍ (WWDC) នាខែមិថុនាខាងមុខនេះ។ លើសពីនេះ លោកនាយកប្រតិបត្តិ Tim Cook បានលើកឡើងថា Apple កំពុងស្វែងរកការបង្វិលសងវិញនូវពន្ធគយ (Tariffs) ដែលបានបង់ក្នុងអំឡុងរដ្ឋបាលទីពីររបស់លោកប្រធានាធិបតី Donald Trump ដើម្បីយកមកវិនិយោគឡើងវិញលើការផលិតនៅក្នុងសហរដ្ឋអាមេរិក៕