Infantino មានបំណងដឹកនាំ FIFA ដល់ឆ្នាំ២០៣១ ដ្បិតអាណត្តិចាស់នឹងផុតសុពលភាពឆ្នាំក្រោយ

01-05-2026 17:01

(បរទេស)៖ លោក Gianni Infantino បានបង្ហាញមហិច្ឆតាដឹកនាំសហព័ន្ធ FIFA យ៉ាងហោចណាស់ក៏ដល់ឆ្នាំ២០៣១ ផងដែរ បន្ថែមលើអាណត្តចាស់ដែលនឹងអស់សុពលភាពនាឆ្នាំ២០២៧ ខាងមុខ។ នេះបើយោងតាមការចេញផ្សាយដោយ BBC។

ការថ្លែងបែបនេះត្រូវបានធ្វើឡើងក្នុងសមាជប្រចាំឆ្នាំលើកទី៧៦ របស់ FIFA កាលពីថ្ងៃព្រហស្បតិ៍ ទី៣០ ខែមេសា នៅប្រទេសកាណាដា ជាទីដែលរៀបចំ World Cup 2026 ជាមួយមិចស៊ិក និងសហរដ្ឋអាមេរិកចាប់ពីថ្ងៃទី១១ ខែមិថុនា។

លោក Infantino បានថ្លែងក្នុងសមាជដែលមាន ២១១សហព័ន្ធជាសមាជិកចូលរួម លើកលែងតែអ៉ីរ៉ង់នោះថា «ដូចដែលអ្នកធ្លាប់ដឹងហើយ។ ដំណើរការនៃការបោះឆ្នោត ដើម្បីជ្រើសរើសប្រធាន FIFA នឹងចាប់ផ្តើមពីថ្ងៃនេះតទៅ។ ឆ្លៀតក្នុងឱកាសនេះដែរ ខ្ញុំពិតជាមានកិត្តិយស និងធ្វើឱ្យគ្រប់យ៉ាងនៅដដែល។ ខ្ញុំនឹងបន្តឈរឈ្មោះបោះឆ្នោតសម្រាប់តំណែងធំនេះទៀតនាឆ្នាំក្រោយ»។

លោកបានត្រៀមខ្លួនរួចរាល់ ក្នុងការប្រជែងតំណែងប្រធាន FIFA ទល់នឹងគូប្រជែងមកពីតំបន់អាមេរិកឡាទីន អាស៊ី និងអាហ្វ្រិកទៀតផង។

ក្នុងច្បាប់ FIFA បុគ្គលមួយរូបអាចកាន់តំណែងបាន ៣អាណតិ្តយ៉ាងច្រើនបំផុត (១អាណត្តិ ៤ឆ្នាំ) ក៏ប៉ុន្តែក្នុងរយៈពេល ៣ឆ្នាំកន្លះដំបូងរបស់លោក Gianni Infantino មិនត្រូវបានរាប់បញ្ចូលឡើយ ដែលលោកបានចូលដឹកនាំជំនួសប្រធានចាស់ លោក Sepp Blatter ដែលបានលាឈប់កាលពីឆ្នាំ២០១៦។

ហេតុដូច្នេះ គាត់នៅអាចមានសិទ្ធិដឹកនាំ ៤ឆ្នាំទៅមុខទៀត ប្រសិនបើឈ្នះការបោះឆ្នោតនាឆ្នាំ២០២៧ ខាងមុខ៕