Huawei កំពុងជោគជ័យខ្លាំង៖ ចំណូលពីបន្ទះឈីប AI រំពឹងថានឹងហក់ឡើងដល់ ១២ ពាន់លានដុល្លារ

02-05-2026 07:34

(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Huawei កំពុងបង្ហាញឥទ្ធិពលយ៉ាងខ្លាំងក្នុងទីផ្សារបញ្ញាសិប្បនិម្មិត (AI) ដោយរំពឹងថាចំណូលពីការលក់បន្ទះឈីប AI នឹងកើនឡើងយ៉ាងហោចណាស់ ៦០% ក្នុងឆ្នាំនេះ។ កំណើនដ៏ឆាប់រហ័សនេះ កើតឡើងដោយសារក្រុមហ៊ុនចិនជាច្រើន បានងាកមកប្រើប្រាស់ផលិតផលរបស់ Huawei ជំនួសឱ្យការប្រើប្រាស់បន្ទះឈីបនាំចូលពីបរទេស។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៦។

ជាក់ស្ដែង យោងតាមការចុះផ្សាយរបស់កាសែត Financial Times ផ្អែកលើការបញ្ជាទិញដែលទទួលបានរួចរាល់ ចំណូលរបស់ Huawei អាចនឹងហក់ឡើងដល់ ១២ ពាន់លានដុល្លារ ពោលគឺកើនឡើងលើសឆ្ងាយពីចំនួន ៧,៥ ពាន់លានដុល្លារ កាលពីឆ្នាំ ២០២៥ កន្លងទៅ។ ប្រភពដដែលបានបញ្ជាក់ថា តម្រូវការភាគច្រើនគឺផ្ដោតលើបន្ទះឈីបស៊េរីថ្មី Ascend 950PR ដែលបានចាប់ផ្ដើមផលិតក្នុងទ្រង់ទ្រាយធំតាំងពីខែមីនាមកម្ល៉េះ។

បន្ថែមលើនេះ Huawei ក៏មានផែនការបញ្ចេញបន្ទះឈីបជំនាន់កែលម្អថ្មីមួយទៀត គឺម៉ូដែល 950DT នៅក្នុងត្រីមាសទី ៤ ឆ្នាំនេះផងដែរ។ ការសម្រុកផលិត និងការកើនឡើងនៃតម្រូវការក្នុងស្រុកនេះ បានសបញ្ជាក់ឱ្យឃើញថា Huawei កំពុងពង្រឹងជំហរខ្លួនយ៉ាងរឹងមាំ ដើម្បីក្លាយជាអ្នកនាំមុខគេក្នុងវិស័យបច្ចេកវិទ្យា AI ក្នុងតំបន់ និងពិភពលោក៕