មន្ទីរបញ្ចកោណឈានដល់កិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន AI កំពូលៗ ប៉ុន្តែមិនរាប់បញ្ចូលក្រុមហ៊ុន Anthropic ឡើយ
02-05-2026 10:22
(វ៉ាស៊ីនតោន)៖ ក្រសួងការពារជាតិអាមេរិក បានប្រកាសថា ខ្លួនបានឈានដល់កិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនបញ្ញាសិប្បនិម្មិត (AI) ចំនួន ៧ ដើម្បីដាក់ពង្រាយបច្ចេកវិទ្យាកម្រិតខ្ពស់របស់ពួកគេទៅក្នុងបណ្តាញសម្ងាត់របស់យោធា។ ជំហាននេះធ្វើឡើងក្នុងគោលបំណងពង្រីកវិសាលភាពនៃអ្នកផ្តល់សេវា AI ឱ្យកាន់តែសម្បូរបែបនៅក្នុងវិស័យយោធា។
តាមសេចក្តីថ្លែងការណ៍ ក្រុមហ៊ុនទាំង ៧ រួមមាន៖ OpenAI, Google, NVIDIA, Microsoft, Amazon Web Services, SpaceX និងក្រុមហ៊ុនថ្មីថ្មោង Reflection AI។ ក្រុមហ៊ុនទាំងនេះនឹងត្រូវធ្វើសមាហរណកម្មទៅក្នុងប្រព័ន្ធបណ្តាញ «សម្ងាត់ ឬ Secret» និង «សម្ងាត់បំផុត ឬ Top-Secret» ដើម្បីផ្តល់លទ្ធភាពឱ្យយោធាប្រើប្រាស់ផលិតផល AI លើកិច្ចការងារដែលងាយរងគ្រោះ និងសំខាន់ៗ។
អ្វីដែលគួរឱ្យកត់សម្គាល់នោះគឺ ក្រុមហ៊ុន Anthropic ដែលធ្លាប់ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងក្រសួងការពារជាតិ ត្រូវបានដកចេញពីបញ្ជីនេះ។ កាលពីដើមឆ្នាំនេះ មន្ទីរបញ្ចកោណបានចាត់ទុក Anthropic ថាជា «ហានិភ័យនៃខ្សែសង្វាក់ផ្គត់ផ្គង់» និងបានហាមឃាត់ការប្រើប្រាស់ផលិតផលរបស់ក្រុមហ៊ុននេះ រួមទាំងសម្រាប់ក្រុមហ៊ុនម៉ៅការបន្តផងដែរ។
ជម្លោះរវាងភាគីទាំងពីរបានឈានដល់ការប្តឹងផ្តល់គ្នា បន្ទាប់ពីមានការខ្វែងគំនិតលើ «របាំងការពារ» ក្នុងការប្រើប្រាស់ឧបករណ៍ AI របស់យោធា។ ទោះជាយ៉ាងណាក៏ដោយ បុគ្គលិកយោធា និងអ្នកជំនាញ IT មួយចំនួនបានបង្ហើបប្រាប់ថា ពួកគេនៅតែចង់ប្រើប្រាស់ឧបករណ៍របស់ Anthropic ដោយសារពួកគេយល់ថាវាមានសមត្ថភាពខ្ពស់ជាងជម្រើសផ្សេងទៀត បើទោះបីជាមានបញ្ជាឱ្យបញ្ឈប់ការប្រើប្រាស់ក្នុងរយៈពេល ៦ ខែខាងមុខក៏ដោយ។
ក្រោយពេលមានបញ្ហាជាមួយ Anthropic មន្ទីរបញ្ចកោណបានបង្ហាញការចាប់អារម្មណ៍កាន់តែខ្លាំងលើក្រុមហ៊ុន AI បង្កើតថ្មី (Startups)។ ក្នុងនោះ ក្រុមហ៊ុន Reflection AI ដែលទទួលបានការគាំទ្រពីមូលនិធិ 1789 Capital (មានលោក Donald Trump Jr. ជាដៃគូវិនិយោគ) ក៏ត្រូវបានជ្រើសរើសផងដែរ។
បច្ចុប្បន្ន ដំណើរការនៃការបញ្ចូលបច្ចេកវិទ្យាថ្មីៗទៅក្នុងប្រព័ន្ធទិន្នន័យសម្ងាត់ត្រូវបានពន្លឿន ដោយចំណាយពេលតិចជាង ៣ ខែ ខណៈដែលកាលពីមុនត្រូវចំណាយពេលរហូតដល់ ១៨ ខែ ឬយូរជាងនេះ។ ការធ្វើបែបនេះគឺដើម្បីជៀសវាង «ការពឹងផ្អែកខ្លាំងលើអ្នកផ្តល់សេវាតែមួយ» ។
បច្ចេកវិទ្យា AI បានក្លាយជាផ្នែកមិនអាចខ្វះបានសម្រាប់យោធាអាមេរិក ក្នុងការរៀបចំផែនការ ភស្តុភារ និងការកំណត់គោលដៅវាយប្រហារ។ ប្រព័ន្ធ AI ចម្បងរបស់មន្ទីរបញ្ចកោណដែលមានឈ្មោះថា GenAI.mil ត្រូវបានប្រើប្រាស់ដោយបុគ្គលិកជាង ១,៣ លាននាក់ ក្នុងរយៈពេលត្រឹមតែ ៥ ខែនៃការដាក់ឱ្យដំណើរការ។
លោក Emil Michael ប្រធានផ្នែកបច្ចេកវិទ្យារបស់ក្រសួងការពារជាតិ បានបញ្ជាក់ថា Anthropic នៅតែស្ថិតក្នុងបញ្ជីហានិភ័យនៅឡើយ ជាពិសេសពាក់ព័ន្ធនឹងម៉ូឌែល AI ថ្មីឈ្មោះ «Mythos» ដែលមានសមត្ថភាពខ្ពស់ផ្នែកសន្តិសុខសាយប័រ។ ទោះជាយ៉ាងណាក៏ដោយ លោកប្រធានាធិបតី ដូណាល់ ត្រាំ កាលពីសប្តាហ៍មុន បានលើកឡើងថា Anthropic កំពុង «កែលម្អខ្លួន» ដែលនេះអាចជាសញ្ញាវិជ្ជមានក្នុងការដកក្រុមហ៊ុននេះចេញពីបញ្ជីខ្មៅនាពេលអនាគត៕






