ក្រសួងអប់រំ គាំទ្រការបង្កើតពានកុមារ Daiichi Junior Cup ដើម្បីជំរុញចលនាបាល់ទាត់តាមសហគមន៍

02-05-2026 10:42

(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានគាំទ្រការបង្កើតឲ្យមានពានរង្វាន់បាល់ទាត់កុមារ Daiichi Junior Cup កម្រិតអាយុក្រោម ១២ឆ្នាំ និង ១៤ឆ្នាំ ដែលជាការជំរុញចលនាបាល់ទាត់តាមសហគមន៍ ឆ្ពោះទៅលើកកម្ពស់ការអភិវឌ្ឍយុវជននៅកម្ពុជា និងស្របតាមផែនការយុទ្ធសាស្ដ្ររបស់វិស័យអប់រំ ឆ្នាំ២០២៤-២០២៨។

នេះបើតាមការថ្លែងរបស់លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការ តំណាងលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា ក្នុងសន្និសីទសារព័ត៌មាន ស្ដីពីការសម្ពោធជាផ្លូវការការប្រកួតបាល់ទាត់កុមារខាងលើ នាថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៦ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ខណៈការប្រកួតរដូវកាលទី១ គ្រោងនឹងចាប់ផ្ដើមនាចុងខែនេះ។

ក្នុងនាមក្រសួង និងជាអគ្គលេខាធិការ NOCC លោកបានសម្ដែងការគាំទ្រពេញទំហឹង ចំពោះការផ្ដួចផ្ដើមព្រឹត្តិការណ៍បាល់ទាត់កុមារដ៏ធំនេះ ដែលជាការបំផុសយ៉ាងសំខាន់ដល់កុមារឲ្យចូលរួមលេងកីឡា ដ្បិតកីឡា គឺជាចលនាសង្គមមួយជួយអភិវឌ្ឍន៍ផ្នែកសុខភាព សាមគ្គីភាព មិត្តភាព ស្មារតី និងកសាងគុណភាពជីវិតមនុស្ស។ ដូច្នេះតាមរយៈពានកម្រិតសហគមន៍នេះ លោកសង្ឃឹមថា នឹងក្លាយជាមាគ៌ាដ៏សំខាន់សម្រាប់ការអភិវឌ្ឍយុវជនកម្ពុជា។

លោក សេង សុភ័ក្ត្រ នាយកប្រតិបត្តិ PEAK Digital ដែលជាអ្នកសហការរៀបចំការប្រកួតបាល់ទាត់កុមារខាងលើ បានឲ្យដឹងថា ការប្រកួតនេះ គ្រោងនឹងចាប់ផ្ដើមការប្រកួតវគ្គជម្រុះចាប់ពីខែឧសភា ដល់ខែសីហា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ខេត្តបាត់ដំបង និងខេត្តសៀមរាប ដើម្បីស្វែងរកក្រុមឆ្នើមឡើងមកប្រកួតជុំផ្ដាច់ព្រ័ត្រ ហើយលោកបានលើកទឹកចិត្តដល់កុមារ ចុះឈ្មោះចូលរួមឲ្យបានច្រើនកុះករ។ លោករំពឹងថា ការប្រកយតនេះនឹងក្លាយជាវេទិកាផ្សារភ្ជាប់គ្នារវាងកីឡា សហគមន៍ និងអនាគត។

ជាមួយគ្នានេះដែរ លោក Mah Kin Yoong អគ្គនាយកប្រតិបត្តិក្រុមហ៊ុន ដាយអិឈិ ឡាយហ្វី បានបង្ហាញសេចក្ដីសោមនស្សរីករាយ និងមោទនភាព សម្រាប់ការបានរួមចំណែករៀបចំព្រឹត្តិការណ៍បាល់ទាត់កុមារដ៏ធំនៅកម្ពុជា ដើម្បីជំរុញ និងលើកកម្ពស់ទំពាំង​ស្នង​ឬស្សី​នៃ​កម្ពុជា តាមរយៈកម្មវិធីបាល់ទាត់បែបសហគមន៍។ លោកសង្ឃឹមថា កិច្ចសហការពីគ្រប់ភាគីពាក់ព័ន្ធនេះ នឺងក្លាយជាការកសាងអនាគតកាន់តែភ្លឺស្វាង និងប្រកបដាយ សុខុមាលភាព សម្រាប់កុមារ និងសហគមន៍ទាំងមូល៕