តើការវិនិយោគលើកីឡារបស់អារ៉ាប៊ីសាអូឌីតដល់ទីបញ្ចប់ ឬយ៉ាងណា ខណៈមូលនិធិ PIF បានដកខ្លួនពី LIV Golf?
02-05-2026 12:13
(បរទេស)៖ ការសម្រេចចិត្តបិទបញ្ចប់របស់មូលនិធិលំដាប់កំពូលអារ៉ាប៊ីសាអូឌីត PIF ក្នុងនាមជាដៃគូឧបត្ថម្ភធំក្នុងកម្មវិធីវាយកូនហ្គោល LIV Golf នាចុងរដូវកាលនេះ បានបង្កើតជាកង្វល់ជាខ្លាំងទៅថ្ងៃអនាគត។ នេះបើយោងតាមការចេញផ្សាយដោយ BBC។
វាក៏ត្រូវបានគេចោទសួរនូវសំណួរជាច្រើនទៀតដែរ ជុំវិញការវិនិយោគកីឡាជាច្រើនទៀត ក្នុងប្រទេសស្ថិតនៅតំបន់មជ្ឈិមបូព៌ានេះដែរ។
ជារួមក្នុងរយៈពេល ១ទសវត្សរ៍មកនេះ អារ៉ាប៊ីសាអូឌីតបានចំណាយអស់ទឹកប្រាក់ច្រើនជាង ១០ពាន់លានផោន ក្នុងការចាក់បញ្ចូលលុយទៅក្នុងវិស័យកីឡាជាសកល និងធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ធំៗទៀតផង តួយ៉ាងមានដូចជា កម្មវិធីប្រដាល់ ប្រណាំងរថយន្ត Fomula 1, Tennis និងប្រណាំងសេះជាដើម និងជិតត្រៀមខ្លួនធ្វើម្ចាស់រៀបចំព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ផ្នែកបុរស FIFA World Cup នៅឆ្នាំ២០៣៤ ថែមទៀតផង។
ទោះជាយ៉ាងណា នៅក្នុងសេចក្តីថ្លែងការណ៍របស់មូលនិធិ Public Investment Fund’s (PIF) ដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ «អំពីការប្រកាសដកខ្លួនចេញពី LIV Golf នៅពេលបិទបញ្ចប់រដូវកាលនេះ។ មូលនិធិនេះនៅតែបន្តប្តេជ្ញាចិត្ត ក្នុងការជួយជ្រោមជ្រែងដល់កីឡាពិភពលោកជាច្រើនទៀតទៅថ្ងៃអនាគតដែរ»។
គួរបញ្ជាក់ផងថា នៅក្នុងខ្ទង់ចំណាយដ៏ច្រើនក្រាស់ក្រែលនោះ ក៏រាប់បញ្ចូលទាំងតម្លៃខ្លួនថ្លៃបំផុតលើលោកសម្រាប់ តារាបាល់ទាត់ Cristiano Ronaldo រួមទាំងការទិញយកក្លិបអង់គ្លេស ដែលលេងនៅ Premier League បច្ចុប្បន្នគឺ សារិកាព្រៃ Newcastle United មកគ្រប់គ្រងថែមទៀតផង។
បម្រែបម្រួលស្ថិតក្នុងភាពជាយុទ្ធសាស្រ្ត នៅពេលចំណាយមានការកើនឡើង ខណៈចំណូលបានពីការលក់ប្រេងទៅលើទីផ្សារអន្តរជាតិមានការថយចុះ ដែលមានត្រឹមតែ ៧៣ពាន់លានដុល្លារតែប៉ុណ្ណោះកាលពីឆ្នាំទៅ ហើយសង្រ្គាមរវាងអ៉ីស្រាអែល-សហរដ្ឋអាមេរិក និងប្រទេសអ៉ីរ៉ង់បច្ចុប្បន្ន ក៏បង្កបានជាផលរំខានដល់ការនាំចេញប្រេងរបស់អារ៉ាប៊ីសាអូឌីតទៅកាន់ទីផ្សារអន្តរជាតិដែរ៕



