កម្មវិធី «មគ្គទេសក៍សហគ្រិនខ្មែរ វគ្គកែច្នៃចំណីអាហារ» រដូវកាលទី៣ រកឃើញក្រុមនិស្សិតជ័យលាភី នវានុវត្តន៍ផលិតផលអាហារ
02-05-2026 13:28

(បាត់ដំបង)៖ កម្មវិធីប្រកួតប្រជែង និងប្រគល់ពានរង្វាន់ «មគ្គទេសក៍ សហគ្រិនខ្មែរ វគ្គកែច្នៃចំណីអាហារ» រដូវកាលទី៣ បានបិទបញ្ចប់ដោយជោគជ័យ នៅសាកលវិទ្យាល័យជាតិបាត់ដំបង ដោយរកឃើញក្រុមនិស្សិតជ័យលាភី ដែលបានកែច្នៃផលិតផលចំណីអាហារប្រកបដោយភាពច្នៃប្រឌិត ដើម្បីត្រៀមឈានចូលទីផ្សារ។
កម្មវិធីនេះ ត្រូវបានរៀបចំឡើងក្រោមអធិបតីភាពលោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមប្រឹក្សាបរធនបាល នៃសហគ្រិនខ្មែរ និងមានការចូលរួមពីភាគីពាក់ព័ន្ធសំខាន់ៗ តំណាងស្ថាប័ននៃរាជរដ្ឋាភិបាលកម្ពុជា ដៃគូអភិវឌ្ឍន៍ វិស័យអប់រំ និងវិស័យឯកជន។
កម្មវិធី «មគ្គទេសក៍សហគ្រិនខ្មែរ វគ្គកែច្នៃចំណីអាហារ» ត្រូវបានអនុវត្តដោយសាកលវិទ្យាល័យជាតិបាត់ដំបង សហការជាមួយសហគ្រិនខ្មែរ និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ក្នុងគោលដៅលើកកម្ពស់ការអភិវឌ្ឍផលិតផលចំណីអាហារប្រកបដោយនវានុវត្តន៍ និងបណ្តុះគំនិតសហគ្រិនភាព ក្នុងចំណោមនិស្សិតសាកលវិទ្យាល័យ និងសិស្សមកពីស្ថាប័នបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) នៅទូទាំងប្រទេស។

លោក ហែម វណ្ណឌី បានលើកឡើងថា «កម្មវិធីនេះបង្ហាញថា នវានុវត្តន៍អាចចាប់ផ្តើមនៅក្នុងថ្នាក់រៀន និងអាចបន្តអភិវឌ្ឍចូលទីផ្សារ។ លទ្ធផលដែលយើងទទួលបានថ្ងៃនេះ មិនមែនគ្រាន់តែជាគម្រោងរបស់ក្រុមនិស្សិតធម្មតាទេ ប៉ុន្តែជាផលិតផលបឋមដែលមានសក្តានុពលពាណិជ្ជកម្មពិតប្រាកដ។ នេះជាទិសដៅសម្រាប់កម្ពុជា ដើម្បីបណ្តុះសហគ្រិនដែលអាចបង្កើតតម្លៃបន្ថែម អភិវឌ្ឍផលិតផលដែលមានភាពប្រកួតប្រជែង និងពង្រឹងមូលដ្ឋានទីផ្សាររបស់យើងក្នុងតំបន់ និងពិភពលោក»។
កម្មវិធីរដូវកាលទី៣នេះ បានសម្រាំងក្រុមនិស្សិតចំនួន ១០ ក្រុម ដែលមានសមាជិកសរុប ៣៩ នាក់ សម្រាប់ចូលរួមវគ្គបណ្តុះបណ្តាលរយៈពេល ១៦ សប្តាហ៍ រួមទាំងការអភិវឌ្ឍផលិតផល ការរៀបចំផលិតផលគំរូ ទស្សនកិច្ចទៅកាន់សហគ្រាសកែច្នៃចំណីអាហារ និងការសាកល្បងទីផ្សារតាមរយៈមតិយោបល់ពីអ្នកប្រើប្រាស់ ដើម្បីបន្តអភិវឌ្ឍផលិតផលអាហាររបស់ខ្លួន សម្រាប់ការប្រកួតប្រជែងក្នុងវគ្គផ្តាច់ព្រ័ត្រនេះ។

លោក សុខ ខន សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យជាតិបាត់ដំបង បានលើកឡើងថា «ការប្រកួតប្រជែងកែច្នៃចំណីអាហារនេះ ជាការលើកទឹកចិត្តសម្រាប់ការបង្កើតគំនិត ផលិតផលថ្មីៗ ជាជម្រើសសម្រាប់សកម្មភាពពាណិជ្ជកម្ម ដោយមានគោលដៅលើកកម្ពស់ផលិតភាព និងភាពចម្រុះនៃសហគមន៍ចំណីអាហារកម្ពុជា។ លើសពីនេះ កម្មវិធីនេះក៏បានរួមចំណែកយ៉ាងសំខាន់ក្នុងការអប់រំជំនាញកែច្នៃចំណីអាហារ ដើម្បីឆ្លើយតបទៅនឹងតម្រូវការជំនាញក្នុងទីផ្សារការងារ»។

លោក Suyoung Chang តំណាង KOICA បានបន្ថែមថា «ក្រុមទាំង ១០ បានបង្ហាញបេសកកម្មដូចគ្នា នៅក្នុងផែនការអាជីវកម្មរបស់ពួកគេ គឺ ‘គាំទ្រកសិករខ្មែរ»។
សហគ្រិនវ័យក្មេងទាំងនេះ បានរចនាគម្រោងអាជីវកម្មរបស់ពួកគេ ជាផ្នែកមួយនៃប្រព័ន្ធអេកូឡូស៊ីកសិ-ឧស្សាហកម្មរួមមួយ មិនមែនគ្រាន់តែជាការស្វែងរកប្រាក់ចំណេញផ្ទាល់ខ្លួនទេ។ ក្រុមទាំង ១០ ដែលបានប្រកួតប្រជែងថ្ងៃនេះ មិនត្រឹមតែជានិស្សិតដែលបង្កើតផលិតផលថ្មីៗប៉ុណ្ណោះទេ ប៉ុន្តែជាតួអង្គដែលចូលរួមតាំងពីដំបូងទី ក្នុងការកសាងឧស្សាហកម្មចំណីអាហារកម្ពុជាប្រកបដោយបរិយាបន្ន និងធន់នឹងវិបត្តិ។
ផលិតផលអាហារចំនួន ១០ ដែលត្រូវបានបង្កើតឡើងដោយក្រុមនិស្សិតរួមមាន ប្រេងកាកាវ បាយសម្ងួត បាយសម្លកកូរ សាច់ក្រកហតដក ភេសជ្ជៈល្ហុង ប្រេងចង្រិត ទឹកពោតសុខភាព តែសុខភាពស្ដ្រី ម្សៅទឹកដោះ សណ្ដែកខ្មៅ និងមីដំឡូងជ្វា។
នៅចុងបញ្ចប់នៃការប្រកួត កម្មវិធីបានជ្រើសរើសក្រុមនិស្សិតជ័យលាភីចំនួន ៣ ក្រុម រួមមាន៖
១៖ ក្រុម ប៊េប៊ីករកូរ (ផលិតផល៖ សម្លកកូររហ័ស)
២៖ ក្រុម កាកាវ (ផលិតផល៖ ប្រេងកាកាវ និងម្សៅកាកាវ)
៣៖ ក្រុម រតនៈ (ផលិតផល៖ ទឹកពោតសុខភាព)
ជ័យលាភីទាំង ៣ ក្រុម ក៏ទទួលបានមូលនិធិបឋមដើម្បីអភិវឌ្ឍអាជីវកម្មចំនួន ២០លានរៀល សម្រាប់ក្រុមនីមួយៗផងដែរ។










សូមជម្រាបថា សហគ្រិនខ្មែរ (KE) ត្រូវបានបង្កើតឡើងដោយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីអនុវត្តកម្មវិធីគាំទ្រនានា និងធ្វើការដោយផ្ទាល់ជាមួយដៃគូ និងអ្នកទួលផល។ សហគ្រិនខ្មែរមានគោលបំណងកៀរគរវិនិយោគ និងគ្រប់គ្រង ធនធានពីប្រភពស្របច្បាប់ទាំងឡាយ ដើម្បីគាំទ្រដល់ការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពឱ្យមានភាពរស់ រវើក និងផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុ ដល់អ្នកកសាងពាក់ព័ន្ធក្នុងប្រព័ន្ធអេកូឡូស៊ី សហគ្រិនភាព។
អ្នកទាំងអស់នោះរួមមាន សហគ្រិន ធុរកិច្ចបង្កើតថ្មីដែលមានលក្ខណៈនវានុវត្តន៍ សហគ្រាសធុន តូចនិងមធ្យមដែលពោរពេញដោយសក្តានុពល និងស្ថាប័នដៃគូនានា ដែលចូលរួមលើកកម្ពស់សកម្មភាព សហគ្រិនភាពផ្សេងៗ ដើម្បីសំដៅជំរុញនវានុវត្តន៏ និងការបង្កើតតម្លៃបន្ថែមនៅក្នុងសេដ្ឋកិច្ច កម្ពុជា។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ https://khmerenterprise.info/sector បណ្ដាញសង្គម៖ Facebook | Website
ដោយឡែក KOICA–គម្រោងភូមិសន្តិភាព ដែលផ្តល់មូលនិធិដោយរដ្ឋាភិបាលកូរ៉េតាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) គឺជា ការរួមបញ្ចូលគំនិតផ្តួចផ្តើម អភិវឌ្ឍន៍ជនបទ រយៈពេល ប្រាំឆ្នាំដែលកំពុងត្រូវបានអនុវត្តនៅក្នុងខេត្ត ភាគពាយព្យនៃប្រទេស កម្ពុជា រួមមានខេត្តបាត់ដំបង បន្ទាយមានជ័យ និងប៉ៃលិន។
ក្រោមកិច្ចសហប្រតិបត្តិការ ជាមួយក្រសួងអភិវឌ្ឍន៍ជនបទ គម្រោងនេះមានគោលបំណងបង្កើតសហគមន៍ជនបទប្រកបដោយនិរន្តរភាព តាមរយៈការលើកកម្ពស់ជីវភាព និងសមត្ថភាពរបស់អ្នកភូមិ ពង្រឹងអភិបាលកិច្ច និងបង្កើនប្រាក់ចំណូលផ្នែក កសិកម្ម ប្រកបដោយចីរភាព។ បណ្ដាញសង្គម៖ KOICA Cambodia Office | Home - Ministry of Rural Development
សាកលវិទ្យាល័យជាតិបាត់ដំបង (NUBB) គឺជាសាកលវិទ្យាល័យសាធារណៈដ៏ធំបំផុតរបស់កម្ពុជានៅភាគពាយព្យ នៃប្រទេស, ដើម្បីអាចទទួលបានសេវាអប់រំឧត្តមសិក្សា ដើម្បីអភិវឌ្ឍអាជីពរៀងៗខ្លួន ក៏ដូចជាសហគមន៍មូលដ្ឋាន និងដូចជាកាត់បន្ថយគម្លាតចំណេះដឹងរវាងជនបទ និងទីក្រុងផងដែរ។
NUBB មានមហាវិទ្យាល័យ និងវិទ្យាស្ថានចំនួន ៥ រួមមាន៖ (១) មហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្ម និងទេសចរណ៍ (២) មហាវិទ្យាល័យកសិកម្ម និងកែច្នៃអាហារ (៣) មហាវិទ្យាល័យសង្គមសាស្រ្ត និងអភិវឌ្ឍន៍សហគមន៍ (៤) មហាវិទ្យាល័យសិល្បៈ មនុស្សសាស្ត្រ និងអប់រំ (៥) វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា និង (៦) វិទ្យាស្ថានភាសាបរទេស។
បរិញ្ញាបត្រវិទ្យាសាស្រ្ត–កម្មវិធីកែច្នៃអាហារត្រូវបានធ្វើទំនើបកម្មដើម្បីបំពេញតម្រូវការទីផ្សារ និងស្របតាមស្តង់ដារគុណភាពអប់រំសកល។ បរិញ្ញាបត្រវិទ្យាសាស្រ្ត–ការកែច្នៃអាហារកំពុងអនុវត្តការអប់រំផ្អែកលើលទ្ធផល (OBE) និងស្តង់ដារ AUN-QA ក្នុងឆ្នាំ 2025។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ទីតាំង (សាកលវិទ្យាល័យជាតិបាត់ដំបង) បណ្ដាញសង្គម៖ Facebook | Website៕


