ហាងកាហ្វេ និងអាហារ ហ្គាឌ័រហ្គ្រោនស៍ មានម្ចាស់ជាជនជាតិខ្មែរ បើកសាខាទី៥ នៅខណ្ឌទួលគោក

02-05-2026 15:01

(ភ្នំពេញ)៖ ហាងកាហ្វេ និងអាហារ ហ្គាឌ័រហ្គ្រោនស៍ (Gather Grounds Coffee & Eatery) សាខាទី៥ នៅខណ្ឌទួលគោក រាជធានីភ្នំពេញ ត្រូវបានសម្ពោធ នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឧកញ៉ា តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងលោកស្រី នី ប៉ាឡូណា ម្ចាស់អាជីវកម្មហាងកាហ្វេ និងអាហារ ហ្គាឌ័រហ្គ្រោនស៍ ដោយមានការចូលរួមពីតំណាងសភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា ព្រមទាំងភ្ញៀវកិត្តិយសចូលរួមយ៉ាងច្រើនកុះកុរ។

នេះជាសាខាដ៏មានសក្តានុពលមួយ ដោយសារវាស្ថិតនៅលើផ្លូវធំ ម្តុំផ្សារទំនើប វិថី ធីខេ (TK Avenue Mall) និងមានចំណតរថយន្តធំទូលាយ បន្ទាប់ពីការបើកដោយជោគជ័យនៅសាខា ភ្នំពេញថ្មី សាខា ឥន្ទ្រទេវី សាខា មាត់ទន្លេ និងសាខាក្រសួងដែនដី។ ចក្ខុវិស័យវែងឆ្ងាយរបស់ ហ្គាឌ័រហ្គោនស៍ កាហ្វេ គឺនឹងមានវត្តមាន យ៉ាងតិច ១៥សាខា នៅទូទាំងរាជធានីភ្នំពេញ។

នាឱកាសនោះ តាមនាមម្ចាស់កម្មសិទ្ធិដើមនៃ ហ្គាឌ័រហ្គោនស៍កាហ្វេ ហ្វ្រេនឆាយ លោកស្រី នី ប៉ាឡូណា ពិតជាមានសេចក្តីសោមនស្ស រីករាយយ៉ាងក្រៃលែង ក្នុងការរៀបចំកម្មវិធីសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការ សាខាថ្មី ហ្គាឌ័រហ្គោនស៍ សាខាទួលគោក ដោយមានភ្ញៀវកិត្តិយស ចូលរួមគាំទ្របានយ៉ាងច្រើនកុះករគួរជាទីមោទនៈ។

លោកស្រី នី ប៉ាឡូណា បានចែករលែកនូវគន្លឹះសំខាន់ៗដែលនាំមកនូវសមិទ្ធិផលដូចទៅនឹងសព្វថ្ងៃនេះ ផងដែរ ថា ហ្គាឌ័រហ្រ្គោនស៍ កាហ្វេ មិនត្រឹមតែជាអាជីវកម្មហាងកាហ្វេហ្វ្រេនឆាយ ដែលកំពុងតែពេញនិយមល្បីល្បាញក្នុងស្រុក តែមួយមុខនោះទេ គឺយើងទាំងអស់គ្នាបាននិងកំពុងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសង្គមជាតិតាមរយៈ បង្កើតទីផ្សារការងារជូនសិស្ស និស្សិត និងយុវជន យុវនារីដែលកំពុងតែស្វែងរកការងារធ្វើកាន់តែច្រើនទៅៗ, គាំទ្រទៅ ដល់ផលិតផលកសិផលជាតិ ដែលផលិតក្នុងស្រុក តាមរយៈការបង្កើនការទិញទំនិញវត្ថុធាតុដើមគ្រប់មុខ ទាំងអស់ដូចជា បន្លែត្រីសាច់ គ្រឿងទេស ល..! ពីដៃគូរផ្គត់ផ្គង់ជាច្រើនកន្លែងមកធ្វើការផលិតទៅជាផលិតផលពាក់កណ្តាលសម្រេច ចម្អិន និងរៀបចំបម្រើជូនអតិថិជនជារៀងរាល់ថ្ងៃបានយ៉ាងឆ្ងាញ់ពិសារ, លើកកម្ពស់ហ្វ្រេនឆាយក្នុងស្រុក ប្រកបដោយគុណ ភាព មិនចាញ់ទៅនឹងហ្វ្រេនឆាយធំៗមកពីក្រៅស្រុកនោះទេ ដែលជាចំណែកលើកកម្ពស់មុខមាត់ជាតិយើង, បង្កើនភាព ងាយស្រួលទៅដល់បងប្អូន អតិថិជន ដែលកំពុងត្រូវការកន្លែង មានផាសុខភាព កាហ្វេឆ្ងាញ់ មានកន្លែងសមរម្យ ដែលអាចធ្វើការងារណាត់ជួបទំនាក់ទំនងការងារផ្សេងៗ កន្លែងមានចំណតធំទូលាយ និងងាយស្រួលធ្វើការងារស្វែងរក ជាពិសេសនៅ ពេលហ្គាឌ័រហ្គោនស៍សាខា មានវត្តមានសាខា កាន់តែច្រើន នោះអតិថិជនកាន់តែមានភាពងាយស្រួល កាន់ស្ថិតនៅជិតទៅៗ ដើម្បីងាយស្រួលអញ្ជើញមកធ្វើការគាំទ្រជារៀងរាល់ថ្ងៃ និងជាពិសេសបង្កើតឱកាស កិច្ចសហប្រតិបត្តិការវិនិយោគក្នុងភាពជាដៃគូរសម្រាប់សាខាថ្មីៗ សម្រាប់បងប្អូន អស់លោក លោកស្រីដែលមានចំណាប់អារម្មណ៍ ចង់ក្លាយទៅជាម្ចាស់សាខាថ្មីៗណាមួយក្នុងចំណោម១៥ សាខាសរុបតាមផែនការដែលបានគ្រោងទុកផងដែរ។

លោកស្រីបានបន្តថា «ហ្គាឌ័រហ្គោនស៍កាហ្វេ យើងខ្ញុំមានថ្នាក់ដឹកនាំឆ្នើមៗ និងបុគ្គលិកល្អៗជាច្រើនរូប ត្រៀមខ្លួនបំពេញបេសកម្មបម្រើសេវាកម្ម ជូនអតិថិជនទាំងអស់ នៅគ្រប់សាខា និងប្តេជ្ញា បន្តបេសកកម្មថ្មីៗល្អៗដើម្បីនាំមកនូវ ផលិផល ថ្មីៗបន្ថែមទៀត បម្រើជូន អតិថិជន ប្រកបដោយអនាម័យល្អ និងសុវត្ថិភាពល្អ ឲ្យខានតែបាន»

ជាមួយគ្នានេះ បណ្ឌិត តាន់ មុនីវណ្ណ បានអំពាវនាវប្រជាពលខ្មែរគាំទ្រផលិតផលជាតិ។ លោកបានថ្លែងថា បើសិនជាពលរដ្ឋខ្មែរ នៅតែស្រមៃថា ទំនិញ ឬផលិតផលនោះត្រូវតែឆ្ងាញ់ ត្រូវតែល្អ និងត្រូវតែបែបអន្តរជាតិ ធ្វើឲ្យផលិតផលក្នុងស្រុក ដឹងតែទៅមិនរួច និងប្រកួតមិនឈ្នះផលិតផលបរទេសនោះទេ។

អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានបញ្ជាក់យ៉ាងដូច្នេះថា «សូមបងប្អូនគាំទ្រ អភិរក្សផលិតផលជាតិរបស់យើង បានទៅរួច។ បើយើងនៅតែស្រមៃថា វាត្រូវតែឆ្ងាញ់ ត្រូវតែល្អ ត្រូវតែបែបអន្តរជាតិ ខ្ញុំជឿថា របស់ក្នុងស្រុកទៅអត់រួចទេ។ រឿងខ្លះវានៅលើទម្លាប់ទេតើ។ យើងត្រូវកែទម្លាប់ ហើយគាំទ្រផលិតផលក្នុងស្រុកវិញ។ បើសិនជាយើងអត់គាំទ្រទេ ដោយសារការស្រមើស្រមៃយើង វាចេះតែទៅមុខផុតអ្វីដែលខ្មែរយើងធ្វើកើត»

បណ្ឌិត តាន់ មុនីវណ្ណ បានបន្តថា «អីចឹង ខ្ញុំអំពាវនាវឲ្យគាំទ្រផលិតផលក្នុងស្រុក ពិសេសឲ្យតែសំឡឹងឃើញរបរណា ថៅកែណា ដែលមានម្ចាស់ក្នុងស្រុក យើងគាំទ្រទៅបានយើងទៅរួច។ បើយើងចេះតែចង់បានអីថ្មី ចង់បានអីទំនើប យើងដើរមិនទាន់គេទេ យើងទៅអត់រួចទេ»

លោកបានលើកឧទាហរណ៍ថា ប្រទេសមួយក្បែរយើង មានហាងកាហ្វេមួយល្បីខ្លាំងណាស់ ហើយម៉ាកយីហោផ្សេងចូលអត់រួចទេ ដោយសារតែប្រជាជនគេគាំទ្រខ្លាំង និងមានតម្លៃសមរម្យ។ ជាមួយគ្នានេះ​ ជនជាតិជប៉ុន ចិន និងកូរ៉េ កម្រចូលហាងណា ដែលគ្មានម្ចាស់ជាជនជាតិគេណាស់៕