ជើងខ្លាំងជប៉ុន Inoue ផ្តួលកីឡាករ Nakatani ដោយពិន្ទុ បន្តប្រវត្តិប្រកួត ៣៣លើក មិនចាញ់ដដែល

03-05-2026 10:28

(តូក្យូ)៖ កីឡាករប្រដាល់សកល Naoya Inoue នៅតែបន្តកាន់កាប់កំណត់ត្រាវ៉ៃ ៣៣លើកមិនចាញ់ដដែល តាមរយៈផ្តួលគូប្រជែងសញ្ជាតិជប៉ុនដូចគ្នា Junto Nakatani ដោយពិន្ទុឯកច្ឆន្ទកាលពីរាត្រីថ្ងៃសៅរ៍ ទី០២ ខែឧសភា នៅទីក្រុង Tokyo រួចមក។

ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា Inoue វ័យ ៣៣ឆ្នាំ គឺជាម្ចាស់ជើងឯកខ្សែក្រវាត់ពិភពលោក ៤ប្រភេទស្ថាប័នផ្សេងគ្នានាពេលបច្ចុប្បន្ននេះ បានយកឈ្នះជើងខ្លាំង Nakatani ក៏ជាអតីតម្ចាស់ខ្សែក្រវាត់ពិភពលោក ៣ប្រភេទ ទម្ងន់ផ្សេងគ្នាដែរ និងវាយកីឡាករសិស្សប្អូន ៥ឆ្នាំឱ្យមានរបួសក្រោមភ្នែកខាងឆ្វេងទៀតផង នៅក្នុងទឺកទី១០។

ជាលទ្ធផលក្រោយចប់ការប្រកួតចំនួន ១២ទឹកពេញ ចៅក្រមទី១ និងទី២ បានដាក់ពិន្ទុ ១១៦-១១២ ដូចគ្នា នៅពេលចៅក្រមទី៣ បានដាក់ពិន្ទុ ១១៥-១១៣ ដល់កីឡាករ Inoue ឈ្នះដោយឯកច្ឆន្ទតែម្តង។

Inoue បានថ្លែងក្រោយការប្រកាសលទ្ធផលជ័យជម្នះថា «ជ័យជម្នះនេះពិតជាមានតម្លៃណាស់សម្រាប់ខ្ញុំ ក៏ព្រោះតែ Nakatani គឺជាជើងខ្លាំងមួយរូបប្រចាំទីក្រុងតូក្យូនេះ។ ទន្ទឹមគ្នានោះ ខ្ញុំក៏រីករាយក្នុងសំណើសុំសងសឹកផងដែរនៅទីនេះ ជាថ្មីមុ្តងទៀត»

ឆ្លងតាមជ័យជម្នះដ៏គាប់ប្រសើរនេះដែរ បានញាំងឱ្យ Inoue បង្កើនកំណត់ត្រាដ៏ល្អឥតខ្ចោះ តាមរយៈឡើងសង្វៀន ៣៣ដង មិនស្គាល់ពាក្យថា ចាញ់ និងស្មើឡើយ ពោលគឺឈ្នះទាំងអស់ ដោយក្នុងនោះធ្លាប់ផ្តួលដៃគូសន្លប់បាន ២៧លើកទៀតផង៕