ធនាគារ វីង ឈ្នះពានរង្វាន់អន្តរជាតិធំៗពីរ៖ «កម្ចីឌីជីថលល្អបំផុត» និង«ម៉ាកយីហោធនាគារលូតលាស់លឿនបំផុត» ឆ្នាំ២០២៦
03-05-2026 10:52
(ភ្នំពេញ)៖ ធនាគារ វីង (ខេមបូឌា) ម.ក នៅតែបន្តនាំមោទនភាពជូនកម្ពុជា និងរក្សាបានសន្ទុះកំណើនដ៏ខ្លាំងក្លារបស់ខ្លួន តាមរយៈការទទួលស្គាល់ជាអន្តរជាតិ ដោយទទួលបានពានរង្វាន់ដ៏មានកិត្យានុភាពចំនួនពីរពីស្ថាប័នអន្តរជាតិGlobal Banking & Finance Review រយៈពេលពីរឆ្នាំជាប់ៗគ្នា។ ពានរង្វាន់ដែលទទួលបានរួមមាន៖ “ម៉ាកយីហោធនាគារដែលរីកលូតលាស់លឿនបំផុតនៅកម្ពុជាឆ្នាំ២០២៦” និង “ម៉ាកយីហោផ្តល់ឥណទានឌីជីថលល្អបំផុតនៅកម្ពុជា ឆ្នាំ២០២៦” ដែលសមិទ្ធផលទាំងនេះបានបង្ហាញពីការខិតខំប្រឹងប្រែង និងការពង្រីកខ្លួនដ៏រឹងមាំ ក្នុងការធ្វើឱ្យសេវាហិរញ្ញវត្ថុឌីជីថលកាន់តែមានភាពងាយស្រួលប្រើប្រាស់ ហើយឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាជនកម្ពុជានៅទូទាំងប្រទេស។
លោកបណ្ឌិត ឌីមីត្រូ ខូលេកកូ អគ្គនាយក ធនាគារ វីង បានលើកឡើងថា៖ “គោលដៅចម្បងរបស់យើង គឺផ្តោតលើការកសាងប្រព័ន្ធធនាគារមួយដែលរីកចម្រើនទៅមុខជាមួយ កម្ពុជា ហើយអាចជួយដោះស្រាយតម្រូវការប្រចាំថ្ងៃរបស់ប្រជាជននៅក្នុងសហគមន៍បានរលូន។”
លោកបណ្ឌិតបានបន្ថែមទៀតថា៖ “ពានរង្វាន់ដែលយើងទទួលបាននៅថ្ងៃនេះ គឺជាការឆ្លុះបញ្ចាំងពីទំនុកចិត្តដ៏ធំធេងរបស់អតិថិជន ដៃគូសហការនិងភាគីពាក់ព័ន្ធទាំងអស់។ ទំនុកចិត្តនេះ កាន់តែជំរុញឱ្យយើងបន្តពង្រីកសេវាកម្ចីឌីជីថល និងធ្វើឱ្យការប្រើប្រាស់សេវាធនាគារកាន់តែមានភាពសាមញ្ញ សុវត្ថិភាព និងងាយស្រួលបំផុតសម្រាប់គ្រប់ៗគ្នា។”
ពានរង្វាន់ Global Banking & Finance ត្រូវបានបង្កើតឡើងក្នុងគោលបំណងទទួលស្គាល់នូវឧត្តមភាពក្នុងវិស័យសេវាកម្មហិរញ្ញវត្ថុ ដែលមានភាពលេចធ្លោ មានការច្នៃប្រឌិតខ្ពស់ និងបម្រើអតិថិជនបានល្អបំផុត។ ការទទួលបានពានរង្វាន់កិត្តិយសក្នុងឆ្នាំ ២០២៦ នេះ បានបញ្ជាក់បន្ថែមទៀតលើការផ្ដោតការយកចិត្តទុកដាក់ក្នុងការបង្កើតសេវាកម្មធនាគារដែលគិតគូរដល់តម្រូវការជាក់ស្តែងសម្រាប់ជីវិតប្រចាំថ្ងៃ ដើម្បីជួយសម្រួលដល់អ្នកប្រើប្រាស់ទូទៅ ក្រុមគ្រួសារ និងអ្នកប្រកបរបរអាជីវកម្ម ឱ្យទទួលបាននូវសេវាហិរញ្ញវត្ថុដែលមានសុវត្ថិភាព និងងាយស្រួលបំផុត។
សម្រាប់ពានរង្វាន់ “ម៉ាកយីហោធនាគារដែលរីកលូតលាស់លឿនបំផុតនៅកម្ពុជា ឆ្នាំ២០២៦” ឆ្លុះបានបង្ហាញយ៉ាងច្បាស់ពីការគាំទ្រ និងការកើនឡើងយ៉ាងឆាប់រហ័សនៃការប្រើប្រាស់សេវាធនាគារតាមប្រព័ន្ធឌីជីថលពីសំណាក់អតិថិជន។ ជាក់ស្តែង គិតត្រឹមឆ្នាំ ២០២៥ ធនាគារ វីង បានបម្រើអតិថិជនចំនួន ១៥លាននាក់ និងបានដំណើរការប្រតិបត្តិការចំនួន ៦១០លានដង ដែលមានទំហំទឹកប្រាក់សរុបប្រមាណ ៥៥ពាន់លានដុល្លារអាមេរិក។ ទន្ទឹមនឹងនេះ ធនាគារ វីង ក៏បានផ្តល់ប្រាក់កម្ចីចំនួន ២,២៣ ពាន់លានដុល្លារ បានទទួលប្រាក់បញ្ញើចំនួន ២,៩៩ពាន់លានដុល្លារ និងមានទ្រព្យសកម្មសរុបចំនួន ៣,៦ពាន់លានដុល្លារ។ សមិទ្ធផលទាំងនេះ ក៏ត្រូវបានឆ្លុះបញ្ចាំងយ៉ាងច្បាស់តាមរយៈសូចនាករថ្នាក់ជាតិផងដែរ។ យោងតាមរបាយការណ៍ឆ្នាំ២០២៤ របស់ធនាគារជាតិនៃកម្ពុជា ធនាគារ វីង បានជាប់ចំណាត់ថ្នាក់ក្នុងចំណោមធនាគារពាណិជ្ជកំពូលទាំង៥ នៅក្នុងប្រទេស ផ្អែកលើទំហំទ្រព្យសកម្ម ប្រាក់បញ្ញើ និងឥណទាន ដែលនេះកាន់តែបង្ហាញពីការពង្រីកវិសាលភាព និងជំហរដ៏រឹងមាំរបស់ធនាគារ វីង ក្នុងវិស័យធនាគារនៅកម្ពុជា។
ចំណែកឯ ពានរង្វាន់ “ម៉ាកយីហោកម្ចីឌីឌីជីថលល្អបំផុតនៅកម្ពុជា ឆ្នាំ២០២៦” គឺជាការទទួលស្គាល់នូវកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈររបស់ធនាគារ វីង ក្នុងការពង្រីកលទ្ធភាពទទួលបានឥណទាន តាមរយៈដំណោះស្រាយឌីជីថលដែលមានសុវត្ថិភាព និងផ្តោតលើតម្រូវការអតិថិជនជាចម្បង។
ជាក់ស្តែង ក្នុងឆ្នាំ២០២៥ ធនាគារ វីង បានផ្តល់កម្ចីឌីជីថលដល់អតិថិជនចំនួន ១,៧ លាននាក់ និងបានបញ្ចេញកម្ចីឌីជីថលសរុបចំនួន ៣៤៩ លានដុល្លារអាមេរិក ដើម្បីជួយអនុញ្ញាត ឱ្យអតិថិជនក៏ដូចជាអាជីវកម្មខ្នាតតូច ក្នុងការដោះស្រាយតម្រូវការហិរញ្ញវត្ថុបន្ទាន់ ព្រមទាំងផ្តល់នូវភាពអង់អាចឱ្យពួកគេអាចចូលរួមយ៉ាងសកម្ម នៅក្នុងចរន្តសេដ្ឋកិច្ចឌីជីថលកម្ពុជាដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សផងដែរ។
តាមរយៈប្រព័ន្ធអេកូឡូស៊ីដែលផ្ដោតលើប្រព័ន្ធឌីជីថល ធនាគារ វីង ផ្ដល់ជូននូវដំណោះស្រាយហិរញ្ញវត្ថុឌីជីថលប្រកបដោយនវានុវត្តន៍ដ៏សម្បូរបែប ព្រមទាំងបន្តវិនិយោគលើការពង្រឹងសមត្ថភាព សុវត្ថិភាព និងបទពិសោធន៍ប្រើប្រាស់របស់អតិថិជន។ រាល់កិច្ចខិតខំប្រឹងប្រែងទាំងអស់នេះ គឺផ្ដោតលើការពង្រីកលទ្ធភាពទទួលបានឧបករណ៍ហិរញ្ញវត្ថុដែលមានអត្ថប្រយោជន៍ជាក់ស្ដែងសម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃ ដើម្បីគាំទ្រដល់ក្រុមគ្រួសារ សហគ្រិន និងអាជីវកម្មនានា ស្របពេលដែលសេដ្ឋកិច្ចឌីជីថលរបស់កម្ពុជាកំពុងបន្តបោះជំហានទៅមុខយ៉ាងស្វាហាប់៕



