តួសម្តែង និងស្គ្រីបដែលបង្កើតដោយ AI នឹងមិនមានសិទ្ធិទទួលបានពានរង្វាន់ Oscars ឡើយ

04-05-2026 09:45

(បរទេស)៖ ស្ថាប័នដែលនៅពីក្រោយពានរង្វាន់លំដាប់ពិភពលោក Academy Awards (Oscars) បានបញ្ចេញច្បាប់មួយនៅថ្ងៃសុក្រសប្តាហ៍មុន រួមទាំងច្បាប់ដែលផ្តោតលើការប្រើប្រាស់បញ្ញាសិប្បនិម្មិត (Generative AI)។ សាលាបណ្ឌិតសភាសិល្បៈ និងវិទ្យាសាស្ត្រភាពយន្ត (The Academy of Motion Picture Arts and Sciences) បានបញ្ជាក់ថា មានតែការសម្តែងណាដែល «មានឈ្មោះក្នុងបញ្ជីឈ្មោះអ្នកសម្តែងផ្លូវការរបស់ភាពយន្ត និងត្រូវបានសម្តែងដោយមនុស្សផ្ទាល់ដោយមានការយល់ព្រម» ប៉ុណ្ណោះ ទើបមានសិទ្ធិជាប់ឈ្មោះដណ្តើមពានរង្វាន់។

ដូចគ្នាដែរ សាលាបណ្ឌិតសភាសិល្បៈបានបញ្ជាក់ថា អត្ថបទភាពយន្ត (Screenplays) ត្រូវតែជា «ស្នាដៃនិពន្ធដោយមនុស្ស» ទើបមានសិទ្ធិទទួលបានពានរង្វាន់។ សាលាបណ្ឌិតសភាសិល្បៈមួយនេះមានសិទ្ធិស្នើសុំព័ត៌មានបន្ថែមអំពីការប្រើប្រាស់ AI នៅក្នុងភាពយន្ត និងភស្តុតាងនៃ «ការនិពន្ធដោយមនុស្ស»។ ការកែប្រែច្បាប់នេះកើតឡើងចំពេលដែលភាពយន្តឯករាជ្យមួយកំពុងផលិតដោយប្រើរូបភាព AI របស់លោក Val Kilmer ខណៈដែល «តារាសម្តែង AI» ឈ្មោះ Tilly Norwood កំពុងល្បីខ្លាំងក្នុងសារព័ត៌មាន ហើយបច្ចេកវិទ្យាបង្កើតវីដេអូថ្មីៗកំពុងធ្វើឱ្យអ្នកផលិតភាពយន្តមួយចំនួនមានការព្រួយបារម្ភយ៉ាងខ្លាំង។

គួរជម្រាបថា បញ្ហា AI ក៏ជាចំណុចវិវាទដ៏ធំមួយក្នុងអំឡុងពេលកូដកម្មរបស់តារាសម្តែង និងអ្នកនិពន្ធកាលពីឆ្នាំ២០២៣ ផងដែរ។ នៅក្រៅវិស័យហូលីវូដ យ៉ាងហោចណាស់មានប្រលោមលោកមួយត្រូវបានដកចេញដោយអ្នកបោះពុម្ពផ្សាយ ដោយសារការប្រើប្រាស់ AI ហើយក្រុមអ្នកនិពន្ធដទៃទៀតក៏កំពុងប្រកាសថា ស្នាដៃដែលប្រើ AI នឹងមិនត្រូវបានអនុញ្ញាតឱ្យចូលរួមប្រកួតប្រជែងដណ្តើមពានរង្វាន់ផ្សេងៗនោះទេ៕