ផ្លូវការ! Man Utd ដណ្តើមបានកៅអី UCL ត្រឡប់មកវិញពេលឈ្នះ Liverpool ក្រោយអវត្តមាន ២រដូវកាល
04-05-2026 10:07
(បរទេស)៖ នៅទីបំផុតគ្រូបង្វឹកបណ្តោះអាសន្ន លោក Michael Carrick បានរួមចំណែកជួយក្រុម Manchester United ត្រឡប់ទៅលេងពានអឺរ៉ុប UEFA Champions League នារដូវកាលក្រោយឡើងវិញ បន្ទាប់ពីខកខាន ២រដូវរួចមក ក្រោយឈ្នះគូប្រជែង Liverpool ៣-២ នារាត្រីថ្ងៃអាទិត្យ ទី០៣ ខែឧសភា ឆ្នាំ២០២៦។
អ្នកចាត់ការទូទៅសញ្ជាតិអង់គ្លេស វ័យ ៤៤ឆ្នាំរូបនេះបានថ្លែងថា «អ្នកចង់ធ្វើតាមគាត់, អ្នកចង់ក្លាយជាអ្នកប្រយុទ្ធដូចគាត់ និងក្លាយជាអ្នកសម្លាប់ដូចគាត់លើទីលាន។ ពេលនេះអ្នកអាចធ្វើបានហើយ»។ នេះបើយោងតាមការដកស្រង់ចេញដោយគេហទំព័រកីឡា BBC។
គ្រាប់ជ័យជម្នះ ៣ពិន្ទុនៅកីឡដ្ឋាន Old Trafford នាយប់មិញនេះ គឺធ្វើបានដោយកីឡាករយុវជន វ័យទើបតែ ២១ឆ្នាំ Kobbie Mainoo ដែលទើបបន្តកិច្ចសន្យាថ្មីដល់ឆ្នាំ២០៣១ បន្ទាប់ពីម្ចាស់ការពារតំណែងជើងឯកលីគអង់គ្លេស Premier League គឺហង្សក្រហម Liverpool វាយបកតាមស្មើ ២-២ ដ៏គួរឱ្យភ្ញាក់ផ្អើលផងដែរក្នុងវគ្គទី២។
ឆ្លងតាមជ័យជម្នះនេះដែរ បានញាំងឱ្យបិសាចក្រហម Man Utd បន្តឈរនៅលេខរៀងទី៣ ក្នុងតារាងពិន្ទុដ៏រឹងមាំ ដោយមាន ៦៤ពិន្ទុ ដ្បិតត្រូវលេង ៣ប្រកួតទៀត ដើម្បីបិទរដូវកាល ២០២៥-២៦ ដ៏ពេញលេញ និងបានធានាកៅអីវគ្គ League Phase ក្នុងចំណោម ៥កៅអីសរុបរបស់អង់គ្លេសនៅ UCL រដូវកាលក្រោយ៕



