Inter ត្រូវបានប្រកាសជាជើងឯក Serie A រដូវកាលនេះ នៅពេលបំបាក់ Parma ២-០
04-05-2026 10:22
(បរទេស)៖ ក្រុមបាល់ទាត់ពស់ខៀវ Inter Milan បានក្លាយជាជើងឯកលីគ Serie A របស់ប្រទេសអ៉ីតាលីនារដូវកាល ២០២៥-២៦ នេះ បើទោះបីជានៅសល់ ៣ប្រកួតទៀតក៏ដោយ ក្រោយពេលយកឈ្នះគូប្រជែង Parma ២ទល់នឹង០ យប់មិញ។
ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា Inter អតីតក្រុមរងជើងឯកពានអឺរ៉ុប UEFA Champions League រដូវកាលមុន បានបន្តគ្រងជើងឯក Serie A ជាលើកទី២១ របស់ពួកគេ នៅពេលបន្ថែម ៣ពិន្ទុដោយស្រួលក្នុងកីឡដ្ឋាន San Siro ទៅលើ Parma នៃសប្តាហ៍ទី៣៥ ជើងទី២ ពីការធ្វើបានសម្រេចរបស់កីឡាករ Marcus Thuram និង Henrikh Mkhitaryan។
តាមរយៈជ័យជម្នះនេះបានញាំងឱ្យ Inter ដែលបានឈ្នះពាន Serie A ចុងក្រោយកាលឆ្នាំ២០២៤ នោះ បង្កើនការនាំមុខតំណែងកំពូលតារាងដាច់ដល់ទៅ ១២ពិន្ទុ ពីក្រុមការពារតំណែងជើង និងឈរនៅចំណាត់ថ្នាក់លេខ២ ពពកស Napoli នៃពិន្ទុសរុប ៨២ទល់នឹង ៧០ពិន្ទុ។
ទន្ទឹមគ្នានោះ អ្នកចាត់ការទូទៅ លោក Cristian Chivu ក៏បានសាងកំណត់ត្រាថ្មីតាមរយៈឈ្នះពានលីគ Serie A ដែលបានដឹកនាំក្នុងរដូវកាលដំបូងរបស់លោកដែរ ដោយធ្លាប់បានឈ្នះធំនេះ ៣លើកផងដែរកាលនៅជាកីឡាកររបស់ Inter Milan។
លោកបានដឹកនាំក្រុមខ្លាំងប្រចាំទីក្រុង Milan ប្រទេសអ៉ីតាលីមួយនេះ រកបានដល់ទៅ ១៩គ្រាប់ឯណោះ ក្នុងចំណោម ៦ប្រកួតចុងក្រោយនេះ មុនឈានដល់ការក្រសោបបានជើងឯក តាមរយៈឈ្នះ ២៦លើក ក្នុងចំណោម ៣៥ប្រកួតសរុបរបស់ពួកគេ៕



