MediaTek ប្រកាសតែងតាំងអតីតមេធំ TSMC ជាទីប្រឹក្សា ដើម្បីពង្រឹងសមត្ថភាព AI
04-05-2026 13:18
(បរទេស)៖ ក្រុមហ៊ុនរចនាបន្ទះឈីបលំដាប់ពិភពលោក MediaTek ទើបតែបានប្រកាសតែងតាំងលោក Douglas Yu ដែលជាអតីតអ្នកជំនាញជាន់ខ្ពស់មកពីក្រុមហ៊ុន TSMC ឱ្យមកធ្វើជាទីប្រឹក្សាផ្នែកបច្ចេកវិទ្យាវេចខ្ចប់កម្រិតខ្ពស់។ ការសម្រេចចិត្តនេះ ធ្វើឡើងក្នុងគោលបំណងពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់ខ្លួន ក្នុងការពង្រីកខ្លួនចូលទៅក្នុងទីផ្សារបន្ទះឈីបបញ្ញាសិប្បនិម្មិត (AI) ដែលកំពុងមានការរីកចម្រើនយ៉ាងខ្លាំង។ នេះបើយោងតាមការចេញផ្សាយដោយ CNA នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៦។
លោក Douglas Yu គឺជាបុគ្គលសំខាន់ដែលនៅពីក្រោយការបង្កើតបច្ចេកវិទ្យា «CoWoS» របស់ TSMC ដែលជាបច្ចេកវិទ្យាវេចខ្ចប់បន្ទះឈីបដ៏សំខាន់បំផុតសម្រាប់ផលិតបន្ទះឈីប AI ខ្លាំងៗ ដូចជាបន្ទះឈីបរបស់ក្រុមហ៊ុន Nvidia ជាដើម។ បច្ចុប្បន្ន បច្ចេកវិទ្យានេះកំពុងមានតម្រូវការខ្ពស់បំផុតក្នុងសកលលោក រហូតដល់ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស និងក្រុមហ៊ុនផ្តល់សេវាកម្ម cloud ដណ្ដើមគ្នាកក់សមត្ថភាពផលិតដើម្បីកុំឱ្យខកខានឱកាសក្នុងវិស័យ AI។
ជុំវិញការតែងតាំងនេះ ក្រុមហ៊ុន MediaTek បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថា៖ «យើងទន្ទឹងរង់ចាំការទាញយកប្រយោជន៍ពីបទពិសោធន៍ដ៏ទូលំទូលាយ និងជំនាញបច្ចេកទេសរបស់លោក ដើម្បីគាំទ្រដល់ការរុករក និងការរៀបចំផែនការផែនទីបង្ហាញផ្លូវសម្រាប់បច្ចេកវិទ្យាវេចខ្ចប់កម្រិតខ្ពស់នាពេលអនាគត ក៏ដូចជាការណែនាំអំពីយុទ្ធសាស្ត្រ R&D និងការវិនិយោគលើផលិតផលដែលពាក់ព័ន្ធ»។
គួរជម្រាបថា តាមរយៈយុទ្ធសាស្ត្រថ្មីនេះ MediaTek មានមហិច្ឆតាខ្ពស់ក្នុងការក្លាយជាអ្នកនាំមុខគេមួយរូបក្នុងទីផ្សារ AI ដោយក្រុមហ៊ុនរំពឹងថា ខ្លួននឹងអាចបង្កើតប្រាក់ចំណូលបានរហូតដល់រាប់ពាន់លានដុល្លារ ពីផលិតផលបន្ទះឈីប AI (ASIC) នៅត្រឹមឆ្នាំ ២០២៧ ខាងមុខនេះ៕













