យល់ដឹងកីឡា៖ FIFA ត្រៀមកញ្ចប់ទឹកប្រាក់ $៣៥៥លាន ដល់ក្លិបដែលមានកីឡាករលេងនៅ World Cup 2026
04-05-2026 16:12
(បរទេស)៖ សហព័ន្ធបាល់ទាត់អន្តរជាតិ FIFA តាមរយៈ «កម្មវិធីទ្រទ្រង់ក្លិបអាជីព» Club Benefits Programme (CBP) បានត្រៀមកញ្ចប់ថវិការប្រមាណ ៣៥៥លានដុល្លារអាមេរិក ដើម្បីចែកជូនដល់បណ្តាក្លិបនានា ដែលមានកីឡាកររបស់ពួកគេលេងនៅ World Cup 2026 នាពេលដ៏ខ្លីខាងមុខ។
បើយោងតាមការចេញផ្សាយនៅលើគេហទំព័រផ្លូវការ FIFA បានបញ្ជាក់ថា នេះជាលើកទី៤ ហើយរបស់ CBP ដែលត្រូវបានបង្កើតឡើង ដើម្បីទ្រទ្រង់ដល់បណ្តាក្លិបនានាលើលោក ដែលមានកីឡាកររបស់ពួកគេបង្ហាញខ្លួននៅ ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ពោលគឺដើម្បីទប់ទល់នឹងហិរញ្ញវត្ថុក្នុងក្លិប ការទទួលបានធានារ៉ាប់រងផ្សេងៗ នៅពេលកីឡាកររបួសជាដើម។
ទន្ទឹមនឹងប្រាក់រង្វាន់នៅ World Cup ជំនាន់ទី២៣ មានការកើនឡើង CBP ក៏បានបង្កើនប្រាក់ដល់បណ្តាក្លិបនានាឡើងដល់ ៣៥៥លានដុល្លារដែរ ក្រោយពេល World Cup 2022 មានត្រឹមតែ ២០៩លានដុល្លារប៉ុណ្ណោះ ចែកជូនដល់ ៤៤០ក្លិបសរុប ដែលមានកីឡាកររបស់ពួកគេលេងនៅប្រទេសកាតានាអំឡុងខែវិច្ឆិកា និងខែធ្នូ។
World Cup 2026 ដែលបានបន្ថែមពី ៣២ក្រុមកើនដល់ ៤៨ប្រទេស ដោយចែកចេញជា ១២ពូល (A-L) និងមាន ៣ប្រទេសធ្វើម្ចាស់ផ្ទះរួមគ្នាមានទាំងសហរដ្ឋអាមេរិក មិចស៊ិក និងកាណាដា នឹងចាប់ផ្តើមដំណើរការប្រកួតពីថ្ងៃព្រហស្បតិ៍ ទី១១ ខែមិថុនា និងបញ្ចប់ទៅវិញនាថ្ងៃអាទិត្យ ទី១៩ ខែកក្កដា ឆ្នាំ២០២៦៕



