ក្រុមកីឡាការិនីកូរ៉េខាងជើង ត្រូវប្រឈមមុខនឹងកូរ៉េខាងត្បូងលើកដំបូង ក្នុងកម្មវិធី Women’s Champions League

05-05-2026 10:15

(បរទេស)៖ ក្រុមកីឡាការិនីបាល់ទាត់កូរ៉េខាងជើង នឹងត្រូវធ្វើដំណើរដោយកម្រទៅកាន់ប្រទេសកូរ៉េខាងត្បូង ដើម្បីលេងក្នុងព្រឹត្តិការណ៍លីគជើងឯកស្រ្តីប្រចាំទ្វីបអាស៊ី Asian Women’s Champions League 2025-26 នាចុងខែឧសភានេះ។

ក្រុម Naegohyang របស់កូរ៉េខាងជើង នឹងត្រូវឆ្លងដែនចូលទឹកដីកូរ៉េខាងត្បូង ដើម្បីពើបប្រទះនឹងក្រុមនារី Suwon ក្នុងកម្មវិធីខាងលើ ដែលនឹងធ្វើឡើងនាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ សម្រាប់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

ទីក្រុង Pyongyang បានបញ្ជូនបញ្ជីឈ្មោះកីឡាការិនីចំនួន ២៧នាក់ និងបុគ្គលិក ១២នាក់ផងដែរ ក្នុងដំណើរទៅប្រកួតនៅប្រទេសក្បែរខាងគ្នា ដែលកំពុងតានតឹងផ្នែកនយោបាយដល់បច្ចុប្បន្ន និងជាលើកដំបូងសម្រាប់ពួកគេដែលមានការឆ្លងចូលទឹកដីគ្នាតាមរយៈកីឡា គិតចាប់តាំងពីឆ្នាំ២០១៨ មក។

ក្នុងដំណើរទស្សនៈកិច្ចដ៏កម្រនេះដែរ វាក៏គាប់ជួនប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung បានកំពុងស្វែងរកកិច្ចចរចាសន្តិភាព រវាងប្រទេសដែលជាបងប្អូននឹងគ្នាទៀតផង។

Naegohyang បានលេងក្នុងកម្មវិធីពានរង្វាន់ស្រ្តីប្រចាំតំបន់អាស៊ី Champions League លើកដំបូង និងបានទម្លាក់គូ ប្រជែង Ho Chi Minh របស់វៀតណាមដោយលទ្ធផល ៣-០ ពីក្នុងវគ្គ ៨ក្រុម។ ពួកគេនឹងត្រូវប្រឈមមុខនឹង Melbourne City របស់អូស្រ្តាលី ឬក៏ Tokyo Verdy របស់ជប៉ុននៅក្នុងវគ្គផ្តាច់ព្រ័ត្រ ដែលនឹងធ្វើឡើងនាថ្ងៃទី២៣ ខែឧសភានេះ នៅទីក្រុង Suwon ប្រទេសកូរ៉េខាងត្បូងដដែល៕