Man City លេងមិនឈ្នះ Everton នាំឱ្យការប្រជែងពានលីគអង់គ្លេសជាមួយ Arsenal កាន់តែតានតឹង
05-05-2026 11:38
(បរទេស)៖ ការបញ្ចប់ក្នុងលទ្ធផលស្មើគ្នា ៣-៣ របស់ក្រុមឈរនៅចំណាត់ថ្នាក់លេខ២ Manchester City នៅក្នុងផ្ទះ Everton នាយប់ថ្ងៃចន្ទ ទី០៤ ខែឧសភា បាននាំឱ្យការប្រជែងពាន Premier League របស់អង់គ្លេសរដូវកាលនេះ ទល់នឹងក្រុមកំពូលតារាង Arsenal កាន់តែឡើងកំដៅខ្លាំងឡើង។
គិតត្រឹមពេលនេះ មេឃខៀវរបស់លោក Pep Guardiola បានស្ថិតនៅលេខរៀងទី២ បណ្តោះអាសន្នក្នុងតារាងពិន្ទុ Premier League 2025-26 ដោយមាន ៧១ពិន្ទុ តាមពីក្រោយក្រុមកាំភ្លើងធំ Arsenal ដែលឈរទីកំពូលតារាង ៥ពិន្ទុ ប៉ុន្តែ Man City នៅសល់ ១ប្រកួតក្នុងដៃ។
ទោះជាយ៉ាងណា Arsenal ដែលបានខកខានលើកពានលីគអង់គ្លេសតាំងពីឆ្នាំ២០០៤ នោះ នៅសល់ ៣ប្រកួតទៀត ដើម្បីបិទរដូវកាល ហើយគូប្រជែងដ៏ប្រកៀកប្រកិតវិញ នៅសល់ដល់ទៅ ៤ប្រកួតទៀតឯណោះ។
កូនក្រុមរបស់លោក Mikel Arteta ត្រូវប្រឈមមុខនឹងម្ចាស់ផ្ទះ West Ham United ដែលត្រូវការពិន្ទុជាចាំបាច់ ដើម្បីគេចចេញពីការធ្លាក់ទៅលេងនៅក្របខណ្ឌទី២ Championship មុនពេលធ្វើម្ចាស់ផ្ទះទទួលក្រុម Burnley និង ១ប្រកួតចុងក្រោយ នៅក្នុងផ្ទះរបស់ Crystal Palace។ ប្រសិនបើឈ្នះទាំងអស់ នោះ Arsenal នឹងកើនបាន ៨៥ពិន្ទុសរុប គ្រាដែល Man City វិញ បើឈ្នះទាំង ៤ប្រកួតដែលនៅសល់ នឹងកើនបានតែ ៨៣ពិន្ទុប៉ុណ្ណោះ។
៤ប្រកួតនៅសល់របស់ City ដែលបានឈ្នះជើងឯក Premier League ចុងក្រោយកាលឆ្នាំ២០២៤ នឹងត្រូវស្វាគមន៍ Brentford ក្នុងកីឡដ្ឋាន Etihad របស់ខ្លួន មុនពេលស្វាគមន៍ Crystal នៅទីនេះដដែល។ ពួកគេត្រូវធ្វើជាភ្ញៀវរបស់ AFC Bournemouth និងលេងបិទរដូវកាល ត្រូវស្វាគមន៍ Aston Villa នារាត្រីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦៕



