លោក Elon Musk ព្រមបង់ ១,៥ លានដុល្លារបញ្ចប់បណ្តឹងជាមួយ SEC រឿងទិញ X តែមិនព្រមទទួលកំហុស

05-05-2026 11:43

(បរទេស)៖​ មហាសេដ្ឋីលំដាប់ពិភពលោក លោក Elon Musk បានព្រមព្រៀងបង់ប្រាក់ពិន័យចំនួន ១,៥ លានដុល្លារ ដើម្បីបិទបញ្ចប់បណ្តឹងរ៉ាំរ៉ៃជាមួយគណៈកម្មការមូលបត្រអាមេរិក (SEC) ពាក់ព័ន្ធនឹងការលាក់បាំងព័ត៌មានទិញភាគហ៊ុនក្រុមហ៊ុន Twitter (បច្ចុប្បន្ន X) កាលពីឆ្នាំ ២០២២។ បើទោះជាទឹកប្រាក់ពិន័យនេះត្រូវបានចាត់ទុកថាខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រសម្រាប់កំហុសប្រភេទនេះ ប៉ុន្តែវានៅតែរងការរិះគន់យ៉ាងចាស់ដៃពីមហាជន។

យោងតាមការចេញផ្សាយដោយ Reuters នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៦ លោក Musk ត្រូវបានចោទប្រកាន់ថាបានបង្អង់យូរពេកក្នុងការប្រកាសពីការកាន់កាប់ភាគហ៊ុនរបស់ខ្លួន ដែលអនុញ្ញាតឱ្យលោកលួចទិញភាគហ៊ុនក្នុងតម្លៃទាប និងចំណេញប្រាក់រហូតដល់ ១៥០ លានដុល្លារ។ ទោះជាយ៉ាងណា ក្នុងកិច្ចព្រមព្រៀងនេះ លោក Musk មិនបានទទួលស្គាល់កំហុសឡើយ ហើយក៏មិនចាំបាច់ប្រគល់ប្រាក់ចំណេញ ១៥០ លានដុល្លារនោះត្រឡប់មកវិញដែរ។ មេធាវីរបស់លោក គឺលោក Alex Spiro បានអះអាងថា៖ «លោក Musk ត្រូវបានជម្រះឱ្យរួចខ្លួនពីបញ្ហាទាំងអស់... ដូចអ្វីដែលយើងបាននិយាយតាំងពីដំបូងមក»

ជាការឆ្លើយតប អ្នកស្រី Amanda Fischer អតីតប្រធានខុទ្ទកាល័យរបស់ SEC បានរិះគន់យ៉ាងធ្ងន់ៗថា កិច្ចព្រមព្រៀងនេះគឺជា «ថ្ងៃដ៏អាម៉ាស់មួយសម្រាប់ SEC»។ អ្នកស្រីបានបន្ថែមថា រឿងនេះគួរតែធ្វើឱ្យសាធារណជនចោទសួរថា តើស្ថាប័នច្បាប់មួយនេះកំពុងការពារអ្នកមានអំណាច និងសាច់ញាតិសេតវិមាន ជាជាងការការពារវិនិយោគិនទូទៅមែនដែរឬទេ? ការរិះគន់នេះកើតឡើងដោយសារគេមើលឃើញថា ការផាកពិន័យត្រឹម ១,៥ លានដុល្លារ ធៀបនឹងទ្រព្យសម្បត្តិជិត ៧៩០ ប៊ីលានដុល្លាររបស់លោក Musk គឺហាក់ដូចជា «ស្រមោចខាំដំរី» តែប៉ុណ្ណោះ។

ផ្ទុយទៅវិញ លោក Robert Frenchman មេធាវីនៅទីក្រុងញូយ៉ក យល់ថាទោះជាទឹកប្រាក់តិចតួចមែន ប៉ុន្តែវាជាសារព្រមានមួយដល់ទីផ្សារថា៖ «ច្បាប់ត្រូវអនុវត្តចំពោះគ្រប់គ្នា សូម្បីតែចំពោះលោក Elon Musk ក៏ដោយ»

គួរបញ្ជាក់ថា ការដោះស្រាយនេះបានបិទបញ្ចប់ជម្លោះផ្លូវច្បាប់ដ៏តានតឹងជាង ៧ ឆ្នាំ រវាងលោក Musk និង SEC ដែលធ្លាប់មានតាំងពីរឿងក្តីក្រុមហ៊ុន Tesla កាលពីឆ្នាំ ២០១៨។ ទោះបីជាបណ្តឹងនេះត្រូវបានដោះស្រាយ ប៉ុន្តែលោក Musk នៅតែមិនទាន់រួចខ្លួនទាំងស្រុងឡើយ ខណៈលោកកំពុងប្រឈមនឹងបណ្តឹងដាច់ដោយឡែកមួយទៀតពីសំណាក់ម្ចាស់ភាគហ៊ុន X ដែលទាមទារសំណងរហូតដល់ ២,៥ ប៊ីលានដុល្លារ ជុំវិញការធ្វើឱ្យខាតបង់ប្រយោជន៍របស់ពួកគេ៕