ក្រោយជោគជ័យលើកដំបូង គណៈកម្មការរៀបចំពានវាយសីមហាជន MPT គ្រោងពង្រីកវិញ្ញាសាកាន់តែច្រើន

05-05-2026 12:26

(ភ្នំពេញ)៖ គណៈកម្មការរៀបចំការប្រកួតកីឡាវាយសីលក្ខណៈមហាជន Maestria Paint Tournament (MPT) គ្រោងបន្ថែមវិញ្ញាសាកាន់តែច្រើន ពិសេសវិញ្ញាសាវ័យចំណាស់ ក្រោយទទួលបានជោគជ័យក្នុងការរៀបចំលើកដំបូង នៅទីលានក្លិបនិរោធកីឡា កាលពីចុងសប្ដាហ៍កន្លងទៅ។

អ្នកនាង ពៅ សុខសុភ័ក្ត្រា តំណាងគណៈកម្មការរៀបចំបានឲ្យដឹងថា នេះជាលើកទី១ ដែលពានរង្វាន់វាយសីលក្ខណៈមហាជននេះ ត្រូវបានរៀបចំឡើង ដើម្បីបំផុសសកម្មភាពលេងកីឡា ដើម្បីសុខភាព មិត្តភាព និងរួមចំណែកអភិវឌ្ឍវិស័យកីឡាវាយសីនៅកម្ពុជា។

សម្រាប់ការប្រកួតមាន ៣វិញ្ញាសា រួមមានវិញ្ញាសាចន្លោះអាយុ ១៦ ដល់ ៣៥ឆ្នាំ, វិញ្ញាសាអាយុលើ ៥០ឆ្នាំ និងវិញ្ញាសាពិសេស ដែលបានធ្វើការប្រកួតយ៉ាងស្វិតស្វាញ និងទទួលបានការគាំទ្រយ៉ាងច្រើនពីអ្នកស្នេហាវិស័យកីឡាវាយសី។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ គឺវិញ្ញាសាអាយុលើស ៥០ឆ្នាំ ដែលត្រូវបានបញ្ជ្រាបក្នុងការប្រកួតជាពិសេស ដើម្បីផ្ដល់ភាពជាគំរូដល់យុវជនឲ្យចូលរួមលេងកីឡា។

តាមរយៈភាពជោគជ័យនៃការប្រកួតលើកដំបូងនេះអ្នកនាងថា គណៈកម្មការនឹងបន្ដរៀបចំជាបន្ដបន្ទាប់ទៀត ជាមួយគម្រោងបន្ថែមវិញ្ញាសាផ្នែកនារី និងវ័យចំណាស់កាន់តែច្រើន ដើម្បីបំផុសឲ្យមានការចូលរួមលេងកីឡា ក៏ដូចជាការប្រកួតកាន់តែច្រើនទៀតផង៕