វគ្គផ្ដាច់ព្រ័ត្រ ACGL រវាងព្រះខ័នរាជ ប៉ះម្ចាស់ផ្ទះ Al Kuwait បានប្ដូរទៅទីលានថ្មី ដែលអាចផ្ទុកអ្នកទស្សនា ៦ម៉ឺននាក់

05-05-2026 12:48

(ភ្នំពេញ)៖ រំលេងតែ ១សប្ដាហ៍ទៀតប៉ុណ្ណោះ ជំនួបវគ្គផ្ដាច់ព្រ័ត្រនៃពានរង្វាន់លំដាប់ទី៣ ទ្វីបអាស៊ី AFC Challenge League (ACGL) 2025/26 រវាងក្លិបព្រះខ័នរាជស្វាយរៀង របស់កម្ពុជា និងក្រុមម្ចាស់ផ្ទះ Al Kuwait SC របស់ប្រទេសគុយវ៉ែត ពោលគឺនៅថ្ងៃពុធ ទី១៣ ខែឧសភា ឆ្នាំ២០២៦ ខាងមុខ។

អ្វីដែលគួរឲ្យចាប់អារម្មណ៍ ស្របពេលការប្រកួតខិតជិតមកដល់ សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC) បានប្រកាសពីការផ្លាស់ប្ដូរទីលានប្រកួតវគ្គផ្ដាច់ព្រ័ត្រនេះ ពីពហុកីឡដ្ឋាន Jaber Al-Mubarak ដែលផ្ទុកអ្នកគាំទ្រប្រមាណ ១៥,០០០នាក់ ទៅប្រកួតនៅពហុកីឡដ្ឋានជាតិ Jaber Al-Ahmad International ដែលអាចផ្ទុកអ្នកទស្សនាបានប្រមាណ ៦ម៉ឺននាក់វិញ។

ការសម្រេចចុងក្រោយនេះ តបតាមសំណើរបស់ម្ចាស់ផ្ទះគុយវ៉ែត ដើម្បីទាក់ទាញ និងផ្ដល់ឱកាសឲ្យអ្នកគាំទ្របានចូលរួមទស្សនាការប្រកួតវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់កម្រិតទី៣ ទ្វីបអាស៊ីកាន់តែច្រើន ក្នុងនោះរួមទាំងប្រជាពលរដ្ឋ និងអ្នកគាំទ្របាល់ទាត់កម្ពុជាផងដែរ។

គួរដឹងថា ព្រះខ័នរាជស្វាយរៀងបានបន្ដឡើងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ ACGL ២ឆ្នាំជាប់គ្នា ក្រោយយកឈ្នះក្រុម Manila Digger របស់ហ្វីលីពីន ទាំង ២ជើង ៤-១ គ្រាដែលក្រុម Al Kuwait បានយកឈ្នះក្រុមកៀហ្ស៊ីស៊ីស្ថាន Muras United ២-១ ដែលននាំឲ្យក្រុមទាំងពីរ ឡើងមកជួបគ្នានៅវគ្គផ្ដាច់ព្រ័ត្រ នៅលើទឹកដីអាស៊ីខាងកើត នាសប្ដាហ៍ក្រោយ បន្ទាប់ពីព្រះខ័នរាជស្វាយរៀង បានធ្វើម្ចាស់ផ្ទះក្នុងនាមបេក្ខភាពតំណាងតំបន់អាស៊ីខាងកើត កាលពីរដូវកាលមុន។

ជំនួបវគ្គផ្ដាច់ព្រ័ត្រនេះដែរ នឹងចាប់ផ្ដើមនាវេលាម៉ោង ៧ និង ១៥នាទីយប់ (ម៉ោងនៅគុយវ៉ែត) ត្រូវនឹងម៉ោង ១១ និង ១៥នាទីយប់ (ម៉ោងនៅកម្ពុជា) នាថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦៕