ប្រេងម៉ាស៊ីនលំដាប់កំពូលរបស់ជប៉ុន ENEOS បន្ដភាពជោគជ័យរបស់ខ្លួនលើទីផ្សារកម្ពុជា ជាមួយការជួបជុំអតិថិជនប្រចាំឆ្នាំលើកទី៩ និងអបអរខួប១០ឆ្នាំ នៃការបោះជំហានចូលទីផ្សារកម្ពុជា
05-05-2026 14:44
(ភ្នំពេញ)៖ ក្រុមហ៊ុន Professional Trader (Cambodia) និងក្រុមហ៊ុនប្រេងម៉ាស៊ីន ENEOS (អ៉ីណូស) ប្រចាំព្រះរាជាណាចក្រកម្ពុជា ប្រារព្ធពិធីពិសាភោជនាហារសាមគ្គីប្រចាំឆ្នាំ នៃមហាគ្រួសារ ENEOS ប្រចាំប្រទេសកម្ពុជា ដើម្បីថ្លែងអំណរគុណដល់អតិថិជនចំពោះការគាំទ្រប្រេងម៉ាស៊ីន ENEOS ដែលធ្វើឲ្យក្រុមហ៊ុនកាន់តែមានភាពល្បាញល្បី និងប្រកួតប្រជែងក្នុងប្រទេសកម្ពុជា។
ថ្លែងក្នុងពិធីពិសាភោជនាហារសាមគ្គីប្រចាំឆ្នាំ នៃមហាគ្រួសារ ENEOS ប្រចាំប្រទេសកម្ពុជា នៅល្ងាចថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៦ លោក សូ សុខប៊ុនថេត ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន Professional Trader (Cambodia) Co., Ltd បានអះអាងថា ពិធីជួបជុំប្រចាំឆ្នាំលើកទី៩ របស់ក្រុមហ៊ុន Professional Trader (Cambodia) និងក្រុមហ៊ុន ENEOS Cambodia ចាប់តាំងពីក្រុមហ៊ុនបានប្រតិបត្តិការ និងដំណើការលក់ផលិតផលប្រេងម៉ាស៊ីន ENEOS ក្នុងរយៈពេលប្រមាណជាង១០ឆ្នាំកន្លងទៅ។
លោកបានបន្ដថា ការប្រារព្ធពិធីជួបជុំនាពេលនេះ មានគោលបំណងដើម្បីថ្លែងអំណរគុណដល់ការគាំទ្ររបស់អតិថិជនទាំងអស់ ចំពោះក្រុមហ៊ុន Professional Trader (Cambodia) ពិសេសការគាំទ្រប្រេងម៉ាស៊ីន ENEOS និងផ្តល់ឱកាសដល់អតិថិជនដែលជាប្រតិបត្តិកទីផ្សារ ស្វែងយល់ឲ្យកាន់តែច្បាស់នូវលក្ខណៈស្តង់ដារបច្ចេកទេស និងបទដ្ឋានប្រើប្រាស់របស់ផលិតផល ក៏ដូចជាបង្កើតឲ្យមានបរិយាកាស និងទំនាក់ទំនងស្និតស្នាលរវាងអតិថិជន និងអតិថិជនរបស់ក្រុមហ៊ុនផងដែរ។
លោកឧកញ៉ា សូ សុខប៊ុនលីម អគ្គនាយកក្រុមហ៊ុន Professional Trader (Cambodia) Co., Ltd បានលើកឡើងថា គោលបំណង នៃការប្រារព្ធពិធីជួបជុំនារាត្រីនេះ គឺដើម្បីថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ការគាំទ្ររបស់អតិថិជនទាំងអស់ ចំពោះប្រេងម៉ាស៊ីន ENEOS ក៏ដូចជាបង្កើតឲ្យមានបរិយាកាស និងទំនាក់ទំនងស្និតស្នាលរវាងអតិថិជន និងអតិថិជនរបស់ក្រុមហ៊ុន ជាពិសេសដើម្បីអបអរសាទរខួប១០ឆ្នាំ នៃការដាក់លក់ផលិតផលប្រេងម៉ាស៊ីនម៉ាក ENEOS ក្នុងព្រះរាជាណាចក្រកម្ពុជា។
លោកឧកញ៉ា បានបន្ដថា ENEOS គឺជាពាណិជ្ជសញ្ញា នៃផលិតផលរបស់ក្រុមហ៊ុន ENEOS Corporation ដែលជាក្រុមហ៊ុនថាមពលវ័យចំណាស់មួយបង្កើតឡើងក្នុងឆ្នាំ១៨៨៨ និងជាប់ចំណាត់ថ្នាក់លេខ១ ក្នុងប្រទេសជប៉ុន ក្នុងការផ្គត់ផ្គង់ផលិតផលជាច្រើនដូចជា ថាមពលអគ្គីសនី ឧស្ម័ន ប្រេងឥន្ធនៈ ផលិតផលគីមីឥន្ធនៈ រ៉ែធម្មជាតិ និងប្រេងម៉ាស៊ីនជាដើម។ ក្រុមហ៊ុន ENEOS Corporation តែងតែយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍផលិតផល ENEOS ឲ្យកាន់តែទំនើបជាមួយនឹងបច្ចេកវិទ្យា និងនវានុវត្តន៍ថ្មីនៃពិភពលោក។
ទន្ទឹមនឹងប្រតិបត្តិការពាណិជ្ជកម្មប្រេងម៉ាស៊ីន ក្រុមហ៊ុន Professional Trader (Cambodia) ក៏ដូចជាក្រុមហ៊ុនប្រេងម៉ាស៊ីន ENEOS ប្រចាំកម្ពុជា បានចូលរួមចំណែកយ៉ាងសកម្ម ជាមួយសកម្មភាពគាំពាសង្គមនានា ក្នុងនោះក្រុមហ៊ុន បានចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល ក៏ដូចជាសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងបេសកកម្មកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ឲ្យបានជាអតិបរមា ដែលសកម្មភាពនេះជាគោលដៅយុទ្ធសាស្ត្រជាអាទិភាព នៃសកម្មភាពគាំពារសង្គមរបស់ក្រុមហ៊ុន តាមរយៈការចែកមួកសុវត្ថិភាព និងរបាំងសម្រួលចរារចរណ៍ ទៅកាន់សាលារៀនតាមបណ្តាខេត្តនានា ដែលនៅជាប់ដងផ្លូវជាតិ។
លោកឧកញ៉ា បានបន្ដថា ក្រុមហ៊ុនក៏បានចូលរួមចំណែក ក្នុងការលើកស្ទួយវិស័យទេសចរណ៍ ដោយផ្សាភ្ជាប់នូវពាក្យស្លោក «កីឡាយានយន្តដើម្បីទេសចរណ៍» តាមរយៈការចូលរួមបង្កើតឲ្យមាន ព្រឹត្តការណ៍ប្រណាំងម៉ូតូត្រៃដណ្តើម ពានរង្វាន់ ENEOS ប្រចាំឆ្នាំ ក៏ដូចជាចូលរួមគាំទ្រតាមរយៈការឧបត្ថមធំ ក្នុងកម្មវិធីប្រណាំងយានយន្តជាច្រើន ទាំងក្នុងរាជធានីភ្នំពេញ ក៏ដូចជាតាមបណ្តាខេត្តនានា។ ក្រុមហ៊ុនប្រេងម៉ាស៊ីន ENEOS ប្រចាំកម្ពុជា បានចូលរួមសហការរៀបចំបង្កើតមហាព្រឹត្តការណ៍ប្រណាំងម៉ូតូត្រៃ ដណ្តើមពានរង្វាន់ ENEOS ប្រចាំឆ្នាំចំនួន២លើក ដោយជោគជ័យរួមមកហើយ ដោយមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់អ្នកទស្សនា ក៏ដូចជាកីឡាករថ្នាក់ជាតិ និងអន្តរជាតិផងដែរ។
ជាមួយគ្នានេះ លោក កាត់ស៊ូហ៊ីរ៉ូ ណាកាហ្សាតូ (Katsuhiro Nakazato) តំណាងក្រុមហ៊ុន ENEOS Corporation មកពីប្រទេសជប៉ុន ជំនួសមុខឲ្យក្រុមគ្រួសារ ENEOS ទាំងអស់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវត្តមានរបស់ភ្ញៀវទាំងអស់គ្នា ដែលបានចូលរួមកម្មវិធីនាពេលនេះ ដើម្បីអបអរសាទរចំពោះភាពជោគជ័យ ក៏ដូចជាជួបជុំជាមួយក្រុមគ្រួសារ ENEOS ដែលជាតំណាងចែកចាយទាំងអស់។ លោកក៏បានអំណរគុណចំពោះការខិតខំប្រឹងប្រែងលើកកម្ពស់កិត្តិនាម ក៏ដូចជាលក់ផលិតផលប្រេងម៉ាស៊ីនម៉ាក ENEOS។
លោក Tatsuya Ishikawa (តាត់ស៊ូយ៉ា អ៊ីស៊ីកាវ៉ា) នាយកគ្រប់គ្រងទូទៅផ្នែកទីផ្សារ និងលក់ប្រេងម៉ាស៊ីនរបស់ក្រុម ENEOS Corporation ដែលមានទីស្នាក់កណ្តាលនៅទីក្រុងតូក្យូ ប្រទេសជប៉ុន បានបង្ហាញមោទនភាពចំពោះផលិតផលដែលល្អឥតខ្ចោះ ដែលត្រូវបានចែកចាយទូទាំងពិភពលោករួម ទាំងនៅក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរ។ ផលិតផលលំដាប់ពិភពលោកនេះ ត្រូវបានអភិវឌ្ឍន៍ឡើង ប្រកបដោយគុណភាពខ្ពស់ ជាមួយបច្ចេកវិទ្យាចុងក្រោយបំផុតរបស់ជប៉ុន។ ក្រុមហ៊ុនប្ដេជ្ញានាំយកផលិតផលដែលមានគុណភាពខ្ពស់បំផុតដល់អតិថិជនទាំងអស់។
សូមជម្រាបថា ENEOS គឺជាពាណិជ្ជសញ្ញានៃផលិតផលរបស់ក្រុមហ៊ុន ENEOS Corporation ដែលជាក្រុមហ៊ុនថាមពលវ័យចំណាស់ មួយបង្កើតឡើងក្នុងឆ្នាំ១៨៨៨ និងជាប់ចំណាត់ថ្នាក់លេខ១ ក្នុងប្រទេសជប៉ុន ក្នុងការផ្គត់ផ្គង់ផលិតផលជាច្រើនដូចជា ថាមពលអគ្គីសនី ឧស្ម័ន ប្រេងឥន្ធនៈ ផលិតផលគីមីឥន្ធនៈ រ៉ែធម្មជាតិ និងប្រេងម៉ាស៊ីន។ ក្រុមហ៊ុន ENEOS Corporation តែងតែយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍផលិតផល ENEOS ឲ្យកាន់តែទំនើបជាមួយនឹងបច្ចេកវិទ្យា និងនវានុវត្តន៍ថ្មីនៃពិភពលោក៕







































