Amazon បើកសមរភូមិដឹកជញ្ជូនថ្មី៖ បំប្លែងខ្លួនពីអ្នកលក់អនឡាញ មកជាគូប្រជែងដ៏គួរឱ្យខ្លាចរបស់ UPS និង FedEx

05-05-2026 14:49

(បរទេស)៖ ក្រុមហ៊ុនយក្ស Amazon បានប្រកាសដាក់ដំណើរការសេវាកម្ម «Amazon Supply Chain Services» ដោយអនុញ្ញាតឱ្យអាជីវកម្មគ្រប់វិស័យ ចាប់ពីលក់រាយរហូតដល់សុខាភិបាល អាចជួលបណ្តាញដឹកជញ្ជូនដ៏មហិមារបស់ខ្លួនដើម្បីផ្ញើទំនិញបាន។ យុទ្ធសាស្ត្រនេះធ្វើឱ្យ Amazon លែងត្រឹមតែជាអ្នកលក់ទំនិញតាមអនឡាញ ប៉ុន្តែបានក្លាយជាអ្នកផ្តល់សេវាភស្តុភារពេញលេញទាំងផ្លូវទឹក ផ្លូវគោក និងផ្លូវអាកាស ដែលវាយលុកផ្ទាល់ទៅលើទីផ្សាររបស់ស្ដេចដឹកជញ្ជូនចាស់វស្សាគឺ UPS និង FedEx។ នេះបើយោងតាមការចេញផ្សាយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៦។

តាមរយៈការប្រើប្រាស់យន្តហោះដឹកទំនិញជាង ១០០ គ្រឿង និងឃ្លាំងស្តុកទំនិញនៅជុំវិញពិភពលោក Amazon ផ្តល់លទ្ធភាពឱ្យក្រុមហ៊ុនដៃគូអាចដឹកជញ្ជូនទំនិញដល់ដៃអតិថិជនក្នុងរយៈពេលត្រឹម ២ ទៅ ៥ ថ្ងៃប៉ុណ្ណោះ។ លោក Parth Talsania នាយកប្រតិបត្តិក្រុមហ៊ុន Equisights Research បានលើកឡើងថា នេះគឺជាយុទ្ធសាស្ត្រដែល «Amazon ព្យាយាមបំប្លែងសេវាភស្តុភារពីបន្ទុកចំណាយ ឱ្យទៅជាផលិតផលហេដ្ឋារចនាសម្ព័ន្ធ» ដើម្បីរកចំណូលបន្ថែម ស្រដៀងទៅនឹងអ្វីដែលពួកគេធ្លាប់បានធ្វើជោគជ័យជាមួយសេវាកម្ម Cloud (AWS) កាលពីមុនដែរ។

ការបោះជំហានដ៏ធំនេះបានធ្វើឱ្យទីផ្សារភាគហ៊ុនមានការរញ្ជួយយ៉ាងខ្លាំង ដោយភាគហ៊ុនរបស់ FedEx និង UPS បានដាំក្បាលចុះជាង ៩% ភ្លាមៗ ខណៈដែលក្រុមហ៊ុនធំៗដូចជា Procter & Gamble និង 3M បានសម្រេចចិត្តប្រើប្រាស់សេវាកម្មថ្មីនេះរួចជាស្រេចទៅហើយ។ អ្នកវិភាគមកពី Evercore ISI បានចាត់ទុកទង្វើនេះថាជា «ការវាយប្រហារដោយផ្ទាល់» ទៅលើក្រុមហ៊ុនដឹកជញ្ជូនបញ្ញើអីវ៉ាន់ ដែលបង្ខំឱ្យគូប្រជែងទាំងអស់ត្រូវប្រុងប្រយ័ត្នខ្ពស់បំផុតចំពោះវត្តមានរបស់ Amazon ក្នុងសមរភូមិនេះ។

ទោះជាយ៉ាងណា ភ្នាក់ងារព័ត៌មាន Reuters បានបញ្ជាក់ថា «ខ្លួនមិនទាន់អាចផ្ទៀងផ្ទាត់របាយការណ៍នេះភ្លាមៗបាននៅឡើយទេ» ប៉ុន្តែអ្នកជំនាញព្យាករណ៍ថា ពិភពនៃការដឹកជញ្ជូននឹងមានការប្រកួតប្រជែងតម្លៃ និងល្បឿនកាន់តែខ្លាំងជាងមុន ដែលផ្តល់ផលចំណេញច្រើនដល់អ្នកប្រើប្រាស់ទូទៅ៕