យល់ដឹងកីឡា៖ ប្រេស៊ីល ប្រកាសផ្តល់រង្វាន់ដល់កីឡាករ ១លានដុល្លារ/នាក់ ប្រសិនបើឈ្នះ World Cup 2026
05-05-2026 16:15
(បរទេស)៖ សហព័ន្ធកីឡាបាល់ទាត់ប្រេស៊ីល CBF បានប្រកាសពីផ្តល់ប្រាក់រង្វាន់ដល់កីឡាករគ្រប់រូប ក្នុងម្នាក់ ១លានដុល្លារអាមេរិក ប្រសិនបើពួកគេដណ្តើមបានជើងឯក World Cup 2026 ដែលរៀបចំនៅតំបន់អាមេរិកខាងជើង។ នេះបើយោងតាមការចេញផ្សាយដោយ yahoo sports។
ក្រុមប្រឹក្សាភិបាល CBF រួមទាំងថ្នាក់ដឹកនាំក្រុមជម្រើសជាតិសាំបាមួយនេះបានជួបប្រជុំគ្នា និងបានសម្រេច ដើម្បីផ្តល់ប្រាក់រង្វាន់លើកទឹកចិត្ត ក្នុងករណីពួកគេដណ្តើមបានពាន World Cup ជាលើកទី៦ ដែលរៀបចំនៅសហរដ្ឋអាមេរិក មិចស៊ិក និងកាណាដា ចាប់ពីថ្ងៃទី១១ ខែមិថុនា ដល់ថ្ងៃទី១៩ ខែកក្កដា។
វាមានរយៈពេល ២៤ឆ្នាំមកហើយ ដែលអតីតក្រុមខ្លាំងប្រចាំតំបន់អាមេរិកឡាទីនមួយនេះ បានខកខានឈ្នះពានលំដាប់កំពូលពិភពលោក គិតចាប់តាំងពីឈ្នះអាល្លឹម៉ង់ ២-០ នៅវគ្គផ្តាច់ព្រ័ត្រ World Cup 2002 ដែលមានជប៉ុន និងកូរ៉េខាងត្បូងធ្វើម្ចាស់ផ្ទះរួមគ្នា។
ប្រេស៊ីល ត្រូវតែលេង ៨ប្រកួត ដើម្បីក្លាយជាជើងឯក និងលេង ៣ប្រកួតក្នុងពូល C ពីការប្រឈមមុខទល់នឹងម៉ារ៉ុក ហៃទី និងស្កុតឡេន ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី២៤ ខែមិថុនា ដោយស្ថិតក្រោមការដឹកនាំដោយគ្រូបង្វឹកសញ្ជាតិអ៉ីតាលី លោក Carlo Ancelotti។
ឆ្លងតាម World Cup ៥សម័យកាលចុងក្រោយនេះ ពោលគឺចាប់តាំងពី World Cup 2006 ប្រេស៊ីលពុំដែលឆ្លងចូលវគ្គដណ្តើមពានម្តងណាទៀតឡើយ និងបានត្រឹមតែវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រម្តងគត់កាលឆ្នាំ២០១៤ ក្នុងនាមម្ចាស់ផ្ទះ និងជាពេលដែលឈឺចាប់បំផុតទៀតផង ពេលចាញ់ក្រុមជើងឯកអាល្លឺម៉ង់ ៧-១ មុនមកចាញ់ហូឡង់ ពីការប្រជែងយកចំណាត់ថ្នាក់លេខ៣ ថែមទៀត៕





