នាយកប្រតិបត្តិ Nvidia និយាយថា AI កំពុង «បង្កើតការងារយ៉ាងច្រើនសន្ធឹកសន្ធាប់» ខណៈបុគ្គលិកព្រួយបារម្ភអំពីការវិវត្តន៍នៃ AI
05-05-2026 16:31
(បរទេស)៖ ពាក់ព័ន្ធនឹងក្ដីបារម្ភដែលថា AI អាចនឹងមកដណ្តើមយកការងារពីមនុស្ស លោក Jensen Huang យល់ថា កម្មករនិយោជិតអាមេរិកមិនមានអ្វីត្រូវភ័យខ្លាចនោះទេ។ ក្នុងកិច្ចសន្ទនាកាលពីយប់ថ្ងៃច័ន្ទដើមសប្តាហ៍នេះ ជាមួយអ្នកស្រី Becky Quick របស់ MSNBC ដែលរៀបចំដោយវិទ្យាស្ថាន Milken (ស្ថាប័នស្រាវជ្រាវគោលនយោបាយសេដ្ឋកិច្ច) នាយកប្រតិបត្តិ Nvidia ដែលមានទឹកមុខរីករាយរូបនេះបានលើកឡើងថា AI គឺជាម៉ាស៊ីនបង្កើតការងារក្នុងកម្រិតឧស្សាហកម្ម មិនមែនជាប្រផ្នូលនៃភាពអត់ការងារធ្វើទ្រង់ទ្រាយធំ ដូចដែលអ្នកទស្សនវិស័យអវិជ្ជមានអំពី AI (AI doomers) តែងតែចោទប្រកាន់នោះទេ។
ប្រធានបទផ្សេងៗគ្នាជាច្រើនត្រូវបានលើកយកមកពិភាក្សា ប៉ុន្តែចំណុចកណ្ដាលដែលតែងតែលេចឡើងមកវិញ គឺការព្រួយបារម្ភផ្នែកសេដ្ឋកិច្ចជុំវិញឧស្សាហកម្ម AI និងថាតើវាជារឿងដែលប្រជាជនអាមេរិកគួរតែព្រួយបារម្ភពិតប្រាកដដែរឬទេ។ មានពេលមួយ អ្នកស្រី Quick បានកត់សម្គាល់ថា៖ «រឿងនេះកំពុងកើតឡើងយ៉ាងលឿនបំផុត។ តើវានឹងមានការផ្លាស់ប្តូរធំជាងអ្វីដែលយើងធ្លាប់ឃើញកាលពីមុន ដែលនាំទៅរកវិសមភាពកាន់តែខ្លាំងដែរឬទេ? ហើយតើយើងត្រូវដោះស្រាយវាយ៉ាងដូចម្តេច?»។ ពេលនោះ លោក Huang បានបង្ហាញនូវភាពវិជ្ជមាន ដោយលោកបានអះអាងថា៖ «AI បង្កើតការងារ» ហើយលោកបានបន្ថែមថា «AI គឺជាឱកាសដ៏ល្អបំផុតរបស់សហរដ្ឋអាមេរិកក្នុងការធ្វើ ពង្រឹងឧស្សាហ៍កម្មឡើងវិញ នូវខ្លួនឯង»។ លោក Huang បានកត់សម្គាល់ថា ឧស្សាហកម្ម AI ត្រូវបានជំរុញដោយរោងចក្រឧស្សាហកម្មជំនាន់ថ្មី ដែលផលិតផ្នែករឹង (hardware) ដែលជាហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់សម្រាប់អាជីវកម្ម AI។ រោងចក្រទាំងនោះពិតជាត្រូវការកម្មករ ដូចទៅនឹងផ្នែកផ្សេងទៀតនៃឧស្សាហកម្ម AI ដែលកំពុងរីកដុះដាលផងដែរ។
លោក Huang បានពន្យល់ថា គ្រាន់តែភារកិច្ចជាក់លាក់ណាមួយត្រូវបានធ្វើដោយស្វ័យប្រវត្តិ វាមិនមានន័យថាការងារទាំងមូលរបស់មនុស្សម្នាក់នឹងត្រូវជំនួសនោះទេ។ លោកបាននិយាយថា មនុស្សដែលជឿបែបនេះគឺ «យល់ច្រឡំថាគោលបំណងនៃការងារ និងភារកិច្ចនៃការងារ គឺជាអ្វីដែលពាក់ព័ន្ធគ្នា» ប៉ុន្តែវាមិនមែនជាអ្វីដែលដូចគ្នាទាំងស្រុងនោះទេ។ និយាយម្យ៉ាងទៀត អំណះអំណាងរបស់លោក Huang គឺថា ទោះបីជា AI ចូលមកកាន់កាប់ភារកិច្ចដាច់ដោយឡែកណាមួយនៅក្នុងតួនាទីមួយក៏ដោយ ក៏មុខងារទូលំទូលាយដែលបុគ្គលិកនោះបម្រើឱ្យស្ថាប័ន នៅតែបន្តមានដដែល។ ជាមួយគ្នានេះដែរ លោក Huang ក៏បានរិះគន់អ្នកដែលចោទថា AI នឹងគ្រប់គ្រងមនុស្សជាតិ ឬវានឹងបំផ្លាញវិស័យសេដ្ឋកិច្ចធំៗផងដែរ។ លោកបានមានប្រសាសន៍ថា៖ «ក្ដីបារម្ភបំផុតរបស់ខ្ញុំ គឺការដែលយើងធ្វើឱ្យមនុស្សភ័យខ្លាច តាមរយៈរឿងប្រឌិតបែបវិទ្យាសាស្ត្រទាំងនេះ រហូតដល់ថ្នាក់ AI ក្លាយជាអ្វីដែលមិនពេញនិយមនៅក្នុងសហរដ្ឋអាមេរិក ឬមនុស្សខ្លាចវារហូតដល់ពួកគេមិនព្រមចូលទៅប្រើប្រាស់វា»។
អ្វីដែលគួរឱ្យអស់សំណើចនោះគឺថា មតិអវិជ្ជមានជាច្រើនត្រូវបានបង្កើតឡើងដោយឧស្សាហកម្ម AI ខ្លួនឯង ហើយអ្នករិះគន់យល់ថា ការនិយាយបំផ្លើសបែបនេះត្រូវបានប្រើប្រាស់ជាល្បិចទីផ្សារ ដើម្បីបង្កើតឱ្យមានការភ្ញាក់ផ្អើល និងការចាប់អារម្មណ៍ចំពោះផលិតផល ដែលសមត្ថភាពពិតប្រាកដរបស់វានៅឆ្ងាយពីអ្វីដែលពួកគេបាននិយាយបំផ្លើស។ ទោះជាយ៉ាងណា វានៅតែត្រូវរង់ចាំមើលថា តើផលប៉ះពាល់រយៈពេលវែងរបស់វាទៅលើសេដ្ឋកិច្ចទាំងមូលនឹងទៅជាយ៉ាងណា។ យ៉ាងណាមិញ ស្ថាប័នហិរញ្ញវត្ថុ និងសិក្សាធិការល្បីៗបានបង្ហាញថា ការងាររហូតដល់ ១៥% នៅក្នុងសហរដ្ឋអាមេរិក អាចនឹងត្រូវបាត់បង់ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ ជាលទ្ធផលនៃ AI៕










