ពិធីបើកមហាព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣ ចាប់ផ្ដើមផ្សាយឡើងវិញ ក្នុងឱកាសខួប ៣ឆ្នាំ ដោយទទួលបានការគាំទ្រខ្លាំងពីប្រជាពលរដ្ឋគ្រប់វ័យ
05-05-2026 18:03
(ភ្នំពេញ)៖ ទិដ្ឋភាពមិនអាចបំភ្លេចបានសម្រាប់ប្រជាពលរដ្ឋខ្មែរ នៃពិធីបើកព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ ត្រូវបានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) រៀបចំចាក់ផ្សាយឡើងវិញហើយ នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៦ ត្រូវនឹងខួប ៣ឆ្នាំ នៃពិធីបើកមហាព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ដោយទទួលបានការគាំទ្រខ្លាំងពីប្រជាពលរដ្ឋគ្រប់វ័យ នៅតាមរោងភាពយន្ដនានា ដែលចូលរួមគាំទ្រការចាក់បញ្ចាំងឡើងវិញនេះ។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC បានបញ្ជាក់ថា នៅថ្ងៃទី៥ ខែឧសភានេះ គឺត្រូវនឹងខួប ៣ឆ្នាំ សម្រាប់ថ្ងៃបើកមហាព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣ ដ៏ជោគជ័យត្រចះត្រចង់ ដែលកម្ពុជាមានមោទនភាព លើអ្វីដែលជាសមិទ្ធផលដ៏មហាសាល ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រី ក៏ដូចជាសមិទ្ធផលរបស់វិស័យកីឡា និងប្រជាជាតិទាំងមូល ដែលបានគាំទ្រដល់ព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រ ក្រោយកម្ពុជារង់ចាំអស់រយៈពេល ៦៤ឆ្នាំ។
លោកបន្ដថា «ថ្ងៃនេះ រោងភាពយន្ដទាំងអស់ ដែលជួយដល់ការចាក់បញ្ចាំងឡើងវិញ នៃពិធីបើកស៊ីហ្គេម ឆ្នាំ២០២៣ ពីដើម ដល់ចប់ ដែលជារយៈពេលមួយ មិនសូវមានអ្នកទស្សនាផ្ទាល់ច្រើន ព្រោះក្នុងចំណោមប្រជាពលរដ្ឋទាំងអស់ យ៉ាងច្រើនមានអ្នកទស្សនាផ្ទាល់ពី ៥ ទៅ ៦ម៉ឺននាក់ប៉ុណ្ណោះ។ ដូច្នេះប្រជាពលរដ្ឋយើងជាង ១៧លាននាក់ គួឆ្លៀតចូលរួមទស្សាតាមរោងភាពយន្ដ ចាប់ពីថ្ងៃទី៨ ខែឧសភា ដែលយើងនឹងធ្វើការាក់ផ្សាយឡើងវិញ ហើយប្រជាពលរដ្ឋក៏អាចឧបត្ថម្ភលើតម្លៃសំបុត្រត្រឹម ១២,០០០រៀលប៉ុណ្ណោះក្នុងម្នាក់ ដែលចំណូលទទួលបាននឹងផ្ដល់ការឧបត្ថម្ភដល់យុទ្ធនាការស្វែងរកជំនួយឧបត្ថម្ភដល់ក្រុមអត្តពលិកអូឡាំពិក ឆ្នាំ២០២៨ នៅសហរដ្ឋអាមេរិក»។
ដើម្បីលើកទឹកចិត្ត និងរំលឹកនូវអនុស្សាវរីយ៍ដ៏អស្ចារ្យនេះដែរ NOCC ក៏នឹងមានរៀបចំចាប់យករង្វាន់មេដាយមាសស៊ីហ្គេម ឆ្នាំ២០២៣ ដែលមានធាតុមាស 18k ឬប្រមាណ ៣០% នៃមេដាយមាស ដល់អ្នកចូលរួមទស្សនារាល់ថ្ងៃ និងគ្រប់រោងភាពយន្ដផងដែរ។ ដោយសារចំនួនរង្វាន់មានកំណត់ លោកបានអំពាវនាវដល់ប្រជាពលរដ្ឋ ពិសេសអ្នកមិនទាន់បានទស្សនាផ្ទាល់ ចូលរួមទស្សនានៃការចាក់ផ្សាយឡើងវិញនេះឲ្យបានច្រើន នៅតាមរោងភាពយន្ដប្រកបដោយផាសុខភាព និងអេក្រង់ធំ ដែលអារម្មណ៍ប្រហាក់ប្រហែលនឹងការបានទស្សនាផ្ទាល់ដែរ។
គួរដឹងថា បន្ទាប់ពីការចាក់ផ្សាយឡើងវិញ ដើម្បីអបអរសាទរខួប ៣ឆ្នាំ នៃមហាជោគជ័យព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣ NOCC នឹងចាប់ផ្ដើមកម្មវិធីចាក់ផ្សាយឡើងវិញនេះ ចាប់ពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ តទៅ នៅរោងភាពយន្ដ Legend Cinema និង Sabay Cinema ទាំងនៅភ្នំពេញ និងខេត្តសៀមរាប ដោយការចាក់បញ្ចាំងទស្សនាមានបរិច្ចាគការឧបត្ថម្ភដល់ Cambodia Olympic Team ចំនួន ១២,០០០រៀល និង ២ម៉ឺនរៀល ក្នុងមួយសំបុត្រ។
ទន្ទឹមជាមួយគ្នា ទាំងព្រឹទ្ធាចារ្យកីឡា និងយុវជន ដែលបានចូលរួមទស្សនាការចាក់ផ្សាយឡើងវិញ នៃពិធីបើកព្រឹត្តិការណ៍ស៊ីហ្គេម បានបង្ហាញការគាំទ្រ និងមានមោទនភាពជាថ្មី ទោះបីអ្នកខ្លះ ធ្លាប់បានចូលរួមទស្សនាពិធីបើក តែនៅតែមិនអស់ចិត្ត និងចង់ទស្សនាឡើងវិញ ជាមួយភាពអស្ចារ្យ ដែលមិនអាចបំភ្លេចបាននូវព្រឹត្តិការណ៍ដ៏សម្បើមអស្ចារ្យលើទឹកដីកម្ពុជា ក្រោមពាក្យស្លោក «កីឡារស់ក្នុងសន្ដិភាព» នេះ៕












