Arsenal រង់ចាំ Bayern ឬក៏ PSG ដណ្តើមជើងឯក Champions League នាថ្ងៃទី៣០ ខែឧសភា

06-05-2026 09:49

(បរទេស)៖ ក្រុមបាល់ទាត់កាំភ្លើងធំ Arsenal របស់អង់គ្លេសបានឡើងទៅឈរចាំមុននៃវគ្គផ្តាច់ព្រ័ត្រពានរង្វាន់លីគ អឹរ៉ុប UEFA Champions League 2025-26 ដោយរង់ចាំរវាងក្រុមឈ្នះ Bayern Munich ឬក៏ម្ចាស់ការពារតំណែងជើងឯក Paris Saint Germain ដែលត្រូវលេងជើងទី២ នារាត្រីនេះ។

ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា នេះជាលើកដំបូងរបស់អ្នកចាត់ការទូទៅសញ្ជាតិអេស្ប៉ាញ លោក Mikel Arteta ក្នុងការដឹកនាំ Arsenal ឡើងវគ្គផ្តាច់ព្រ័ត្រអឺរ៉ុបជាលើកដំបូង គិតចាប់តាំងពីឆ្នាំ២០០៦ ក្រោយទម្លាក់គូប្រជែង Atletico Madrid ដោយលទ្ធផល ១ទល់នឹង០ នាយប់មិញនេះ ក្នុងជើងទី២ នៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅកីឡដ្ឋាន Emirates។

ខ្សែប្រយុទ្ធ Bukayo Saka ជាអ្នករកបានគ្រាប់ជ័យជម្នះ ១-០ នៅចុងវគ្គទី១ និងបន្តរហូតដល់ចប់ការប្រកួតពេញម៉ោង ៩០នាទីតែម្តងកាលពីរាត្រីថ្ងៃអង្គារ នៃជើងទី២ ក្រោយពេលបញ្ចប់ក្នុងលទ្ធផលស្មើគ្នា ១-១ កាលពីជើងទី១។

ក្រុមកំពូលតារាងលីគអង់គ្លេស Premier League មួយនេះនៅតែរក្សាកំណត់ត្រាលេងមិនចាញ់នៅពាន Champions League ដូចដែលក្រុម Bayern Munich, Inter Milan និង Sporting Lisbon ដែលធ្លាប់ធ្វើបានកាលឈ្នះជើងឯកកន្លងមក។

គូប្រជែងរបស់ Arsenal គឺ Bayern ឬ PSG ដែលនឹងត្រូវលេងបញ្ចប់ជើងទី២ នៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ររាត្រីនេះ ក្នុងកីឡដ្ឋាន Allianz Arena ប្រទេសអាល្លឺម៉ង់ នៅពេលក្រុមរបស់បារាំង PSG យកឈ្នះ Bayern ៥-៤ កាលពីជើងទី១ នៅទីក្រុងប៉ារីស៕