Apple រកជម្រើសថ្មី! ពិភាក្សាជាមួយ Intel និង Samsung ដើម្បីផលិតបន្ទះឈីបនៅអាមេរិក

06-05-2026 09:54

(បរទេស)៖ ក្រុមហ៊ុនយក្ស Apple កំពុងស្វែងរកវិធីកាត់បន្ថយការពឹងផ្អែកទាំងស្រុងលើក្រុមហ៊ុន TSMC របស់តៃវ៉ាន់ ដោយបានបើកកិច្ចពិភាក្សាជំហានដំបូងជាមួយ Intel និង Samsung ដើម្បីឱ្យក្រុមហ៊ុនទាំងពីរនេះផលិតបន្ទះឈីបចម្បងសម្រាប់ឧបករណ៍របស់ខ្លួន។ យោងតាមរបាយការណ៍ពី Bloomberg ថ្នាក់ដឹកនាំរបស់ Apple បានចុះទៅពិនិត្យរោងចក្រថ្មីរបស់ Samsung នៅក្នុងរដ្ឋតិចសាស់ និងបានជជែកជាមួយ Intel អំពីលទ្ធភាពនៃការប្រើប្រាស់សេវាកម្មផលិតបន្ទះឈីបនៅក្នុងទឹកដីសហរដ្ឋអាមេរិក។ នេះបើយោងតាមការចេញផ្សាយបន្តដោយទីភ្នាក់ងារសារព័ត៌មាន​ Reuters នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៦។

ទោះជាយ៉ាងណា គម្រោងនេះនៅស្ថិតក្នុងដំណាក់កាលស្ទាបស្ទង់នៅឡើយ ដោយសារ Apple នៅតែមានភាពរុញរាចំពោះការប្រើប្រាស់បច្ចេកវិទ្យាដែលមិនមែនជារបស់ TSMC។ របាយការណ៍បានគូសបញ្ជាក់ថា Apple មានការព្រួយបារម្ភយ៉ាងខ្លាំងលើកត្តា «ភាពជឿជាក់ និងសមត្ថភាពផលិតទ្រង់ទ្រាយធំ» ដែលអាចប៉ះពាល់ដល់គុណភាពឧបករណ៍របស់ពួកគេ បើទោះបីជាចង់មានជម្រើសផ្គត់ផ្គង់ច្រើនយ៉ាងណាក៏ដោយ។

ការស្វែងរកជម្រើសថ្មីរបស់ Apple នេះ កើតឡើងបន្ទាប់ពីមានបញ្ហាប្រឈមនឹងការខ្វះខាតការផ្គត់ផ្គង់បន្ទះឈីបដែលបានធ្វើឱ្យប៉ះពាល់ដល់ការលក់ iPhone នាពេលកន្លងមក។ លោក Tim Cook នាយកប្រតិបត្តិក្រុមហ៊ុន Apple បានធ្លាប់លើកឡើងថា ការលក់ iPhone ត្រូវបានរាំងស្ទះដោយសារ «ការខ្វះខាតការផ្គត់ផ្គង់បន្ទះឈីបកម្រិតខ្ពស់ ដែលជាខួរក្បាលនៃឧបករណ៍»។ ដូច្នេះ ការចងសម្ព័ន្ធភាពជាមួយ Intel ឬ Samsung អាចជាយុទ្ធសាស្ត្រការពារហានិភ័យសម្រាប់ខ្សែសង្វាក់ផលិតកម្មនាពេលអនាគត។

គួរជម្រាបថា បច្ចុប្បន្ន ទាំង Apple, Samsung និង Intel មិនទាន់មានការបញ្ជាក់ជាផ្លូវការណាមួយជុំវិញការបញ្ជាទិញនៅឡើយទេ ខណៈដែលបន្ទះឈីបសម្រាប់ iPhone 17 ជំនាន់ក្រោយ នៅតែត្រូវផលិតដោយបច្ចេកវិទ្យារបស់ TSMC ដដែល ដែលជាបច្ចេកវិទ្យាផលិតបន្ទះឈីប AI ឈានមុខគេបំផុតក្នុងពិភពលោក៕