Foden ឈានដល់កិច្ចព្រមព្រៀងបន្តកិច្ចសន្យាថ្មី ៤ឆ្នាំទៀតជាមួយ Manchester City

06-05-2026 11:01

(បរទេស)៖ ខ្សែបម្រើអង់គ្លេស Phil Foden បានឈានដល់កិច្ចព្រមព្រៀងរយៈពេល ៤ឆ្នាំទៀតជាមួយក្លិបមេឃខៀវ Manchester City បន្ថែមលើកិច្ចសន្យាចាស់ដែលនឹងផុតសុពលភាពបំណាច់រដូវកាលឆ្នាំ២០២៥-២៦។ នេះបើយោងតាមការចេញផ្សាយដោយ BBC។

តាមរយៈកិច្ចសន្យាថ្មីនៅកីឡដ្ឋាន Etihad នេះដែរ នឹងធ្វើឱ្យកីឡាករវ័យ ២៥ឆ្នាំរូបនេះ នឹងបន្តលេងនៅ Man City ដល់ឆ្នាំ២០៣០ បន្ទាប់ពីរួមចំណែកឈ្នះជើងឯកលីគ Premier League បាន ៦សម័យកាល និងពានអឺរ៉ុប UEFA Champions League 2023 រួចមក។

ទោះជាយ៉ាងណា Foden បានជួបភាពត្រដាបត្រដួសពីការធ្លាក់ទម្រង់លេងជាខ្លាំងនាប៉ុន្មានខែចុងក្រោយនេះ និងមិនអាចរកបានគ្រាប់បាល់ឡើយ គិតចាប់តាំងពីថ្ងៃទី១៤ ខែធ្នូមក តួយ៉ាងរូបគេបានចូលលេងក្នុងនាមកីឡាករបម្រុងថែមទៀតកាលពីរាត្រីថ្ងៃចន្ទ ពេលមេឃខៀវលេងស្មើ ៣-៣ ទល់នឹងម្ចាស់ផ្ទះ Everton។

Foden នៅតែមានឱកាសរួមចំណែកជួយក្រុមរបស់លោក Pep Guardiola ប្រជែងជើងឯក PL រដូវកាលនេះ ដ្បិតចាញ់ប្រៀបក្រុមកំពូលតារាង Arsenal ៥ពិន្ទុក៏ដោយ ហើយខ្សែបម្រើរូបនេះ មានក្តីសង្ឃឹមមានកៅអីមួយ ក្នុងក្រុមតោកំណាចអង់គ្លេស ដឹកនាំដោយលោក Thomas Tuchel លេងនៅ World Cup 2026 នាខែមិថុនាខាងមុខដែរ៕