កីឡាចំបាប់សិស្សបឋមសិក្សាថ្នាក់ជាតិឆ្នាំនេះ ទាក់ទាញកុមារចូលរួមលើសការរំពឹងទុក

06-05-2026 11:28

(ភ្នំពេញ)៖ ការប្រកួតកីឡាចំបាប់ក្នុងព្រឹត្តិការណ៍កីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៦ បានបញ្ចប់ដោយជោគជ័យ ជាមួយកំណើនកុមារចូលរួមប្រកួតលើសការរំពឹង។ នេះបើតាមការគូសបញ្ជាក់របស់លោក ខេស៊ី បាណេត អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា។

កីឡាចំបាប់ គឺជាកីឡាមួយ ក្នុងចំណោម ១២ប្រភេទ ដែលក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំក្នុងការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិឆ្នាំនេះ ដោយមានកីឡាករ-កីឡាការិនីវ័យក្មេងជាង ៤០នាក់ មកពី ១០រាជធានី-ខេត្តចូលរួមប្រកួតប្រជែងលើ ៤វិញ្ញាសា។

អនុប្រធានសហព័ន្ធខាងលើថា តួរលេខកុមារា-កុមារីចូលរួមការប្រកួតឆ្នាំនេះ មានការកើនឡើងច្រើន បើធៀបនឹងឆ្នាំមុនៗ បន្ទាប់ពីសហព័ន្ធបានពង្រីក និងបង្កើតសាលហ្វឹកហាត់ស្ដង់ដារតាមខេត្ត ដូចជានៅខេត្តពោធិ៍សាត់ ខេត្តកំពង់ឆ្នាំង និងឃុំវិហារសួគ៌ ខេត្តកណ្ដាលជាដើម។

លោកបន្ដថា ការហ្វឹកហាត់កីឡាតាំងពីក្មេងពិតជាសំខាន់ដើម្បីស្រូបទាញមូលដ្ឋានគ្រឹះ និងបច្ចេកទេសបានច្រើន ហើយការហ្វឹកហាត់កីឡាចំបាប់នេះ ក៏បានចូលរួមអភិរក្ស និងលើកស្ទួយប្រភេទកីឡាប្រពៃណីជាតិខ្មែរ ព្រមទាំងជាឱកាសពង្រឹងបាននូវធនធានកីឡាករ-កីឡាការិនីបន្ដវេនត្រៀមការប្រកួតអន្ដរជាតិនានាផងដែរ។

ចំពោះលទ្ធផលក្រោយឆ្លងកាត់ការប្រកួតរយៈពេល ៤ថ្ងៃ ដែលទើបបញ្ចប់កាលពីដើមសប្ដាហ៍កន្លងទៅ គឺក្រុមកីឡាចំបាប់រាជធានីភ្នំពេញ ដណ្ដើមបានមេដាយដោយច្រើនជាងគេ រួមមានមេដាយមាស២ និង សំរឹទ្ធ១, ខេត្តកំពង់ឆ្នាំង ឈរលេខ២ ឈ្នះមេដាយមាស ១ ប្រាក់ ១ និងសំរឹទ្ធ ២ និងខេត្តកណ្ដាល ឈរលេខ៣ ឈ្នះមេដាយមាស ១គ្រឿង៕