គ្រូបង្វឹក Terzic ដែលដឹកនាំ Dortmund រងជើងឯក UCL 2024 ចុះកិច្ចសន្យា ២ឆ្នាំដឹកនាំ Athletic Club
06-05-2026 13:44
(បរទេស)៖ ក្លិប Athletic Club បានប្រកាសពីការតែងតាំងលោក Edin Terzic ជាគ្រូបង្វឹកថ្មីរបស់ពួកគេ ក្រោមកិច្ចសន្យារយៈពេល ២ឆ្នាំ។ នេះបើយោងតាមការចេញផ្សាយដោយ BBC។
នៅចាំបានថា បុរសសញ្ជាតិអាល្លឺម៉ង់ វ័យ ៤៣ឆ្នាំរូបនេះធ្លាប់បានចំណាយពេលដឹកនាំក្លិប Borussia Dortmund ២លើក ពោលគឺក្នុងខែធ្នូ ឆ្នាំ២០២០ ដល់ខែមិថុនា ឆ្នាំ២០២១ និងលើកទី២ ពីខែឧសភា ឆ្នាំ២០២២ ដល់ខែមិថុនា ឆ្នាំ២០២៤ បន្ទាប់ពីបានត្រឹមរងជើងឯក UEFA Champions League ដែលបានចាញ់ Real Madrid ២ទល់នឹង០ ផងដែរ។
តាមគម្រោង លោក Terzic នឹងបង្ហាញខ្លួន និងចូលដឹកនាំក្រុមមានមូលដ្ឋានស្ថិតនៅទីក្រុង Bilbao ប្រទេសអេស្ប៉ាញ ចាប់ពីដើមរដូវកាលក្រោយតទៅ តពីលោក Ernesto Valverde ដែលលោកបានថ្លែងកាលពីខែមីនា ឆ្នាំ២០២៦ ក្នុងការលែងលាពីតំណែង ក្រោយចំណាយពេល ៤ឆ្នាំរួចមក។
កន្លងមកលោក Terzic ធ្លាប់បានធ្វើជាជំនួយការរបស់លោក Slaven Bilic ក្នុងក្លិប Besiktas របស់ប្រទេសតួកគីយ៉េ និងក្នុងក្លិប West Ham United ថែមទៀត ដែលលេងនៅក្របខណ្ឌ Premier League។ បច្ចុប្បន្ន Athletic កំពុងឈរនៅលេខ៨ បណ្តោះអាសន្នក្នុងលីគ La Liga ដែលត្រូវលេង ៤ប្រកួត មុនពេលបិទរដូវកាលនេះ៕



