អ្នកជំនាញ Google ម្នាក់ព្រមានថា ច្បាប់ថ្មីរបស់សហភាពអឺរ៉ុប អាចធ្វើឱ្យបែកធ្លាយអត្តសញ្ញាណអ្នកប្រើប្រាស់

06-05-2026 13:57

(បរទេស)៖ អ្នកវិទ្យាសាស្ត្រកំពូលម្នាក់របស់ក្រុមហ៊ុន Google លោក Sergei Vassilvitskii បានចេញមុខព្រមានថា វិធានការថ្មីរបស់សហភាពអឺរ៉ុប (EU) ដែលតម្រូវឱ្យ Google ចែករំលែកទិន្នន័យស្វែងរកទៅឱ្យក្រុមហ៊ុនគូប្រជែង អាចនឹងបង្កហានិភ័យធ្ងន់ធ្ងរដល់ឯកជនភាព។ លោកបានចាត់ទុកបញ្ហានេះថាជា «ការប្រើអំណាចហួសដែនកំណត់នៃបទប្បញ្ញត្តិ» ដែលអាចបើកផ្លូវឱ្យមានការលួចយកព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់បានយ៉ាងងាយស្រួល។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៦។

ចំណុចសំខាន់ដែល Google បារម្ភបំផុត គឺបច្ចេកវិទ្យារក្សាការសម្ងាត់ទិន្នន័យ (Anonymization) របស់សហភាពអឺរ៉ុប នៅមានកម្រិតខ្សោយ ដែលមិនអាចទប់ទល់នឹងបញ្ញាសិប្បនិម្មិត (AI) ទំនើបៗបានឡើយ។ លោក Vassilvitskii បានបញ្ជាក់យ៉ាងច្បាស់ក្នុងសម្ដីដើមថា៖ «យើងមានការព្រួយបារម្ភ ព្រោះវិធីសាស្ត្ររបស់គណៈកម្មការអឺរ៉ុប មិនអាចការពារឯកជនភាពបានទេ។ ក្រុមការងារ Red Team របស់យើង អាចសម្គាល់អត្តសញ្ញាណអ្នកប្រើប្រាស់វិញបាន ក្នុងរយៈពេលតិចជាង ២ ម៉ោងប៉ុណ្ណោះ»

ក្រុម Red Team ដែលជាក្រុម​ Hacker ជំនាញរបស់ Google បានរកឃើញថា ទិន្នន័យដែលគេស្មានថាសុវត្ថិភាព អាចត្រូវបានគេស្រាវជ្រាវរកឃើញឈ្មោះម្ចាស់ដើមវិញបានតាមរយៈឧបករណ៍ AI។ ហេតុដូច្នេះហើយ ទើបលោក Vassilvitskii ស្នើសុំជួបជាមួយមន្ត្រីសហភាពអឺរ៉ុប ដើម្បីចែករំលែកជំនាញបច្ចេកទេស និងដាក់ចេញនូវប្រព័ន្ធការពារឱ្យបានរឹងមាំជាងមុន ជៀសវាងការបង្កគ្រោះថ្នាក់ដល់ឯកជនភាពរបស់ប្រជាជនអឺរ៉ុប។

គូសបញ្ជាក់ថា និយតករសហភាពអឺរ៉ុបនឹងត្រូវសម្រេចចិត្តលើវិធានការចុងក្រោយនៅត្រឹមថ្ងៃទី ២៧ ខែកក្កដាខាងមុខ។ ប្រសិនបើ Google មិនអនុវត្តតាមច្បាប់ទីផ្សារឌីជីថល (DMA) នេះទេ ក្រុមហ៊ុនអាចនឹងត្រូវប្រឈមមុខនឹងការផាកពិន័យជាទឹកប្រាក់មហាសាល រហូតដល់ទៅ ១០% នៃចំណូលសរុបប្រចាំឆ្នាំទូទាំងពិភពលោករបស់ខ្លួន៕