* អូស្ត្រាលីបើកការស៊ើបអង្កេតលើកម្មវិធីវ៉ែនតាឆ្លាតវៃដែល Kmart និង Amazon ដាក់លក់
* Meta, TikTok និង X តតាំងនឹងនិយតករអង់គ្លេស ជុំវិញការទាមទារទិន្នន័យសុវត្ថិភាពអនឡាញ
* គ្រាន់តែចុចមួយ Click បង្កើត Channel CoolApp យ៉ាងងាយដើម្បីផ្សព្វផ្សាយផលិតផលរបស់ខ្លួន ! Channel គឺដូចជា Facebook Page ឬ Website សម្រាប់ទុកផ្សាយផលិតផលដែលអតិថិជនអាចចូលមើលពេលណាក៏បានដោយសេរី !
* ប្រធានាធិបតីកូរ៉េខាងត្បូង អះអាងថា បច្ចេកវិទ្យា AI ហាក់ត្រូវបានប្រើប្រាស់ក្នុងការហេគប្រព័ន្ធធនាគារ

ក្រុមហ៊ុន Canva របស់អូស្ត្រាលី បង់ប្រាក់ពិន័យជាង ៥៧ម៉ឺនដុល្លារ ជុំវិញការយឺតយ៉ាវក្នុងការដាក់របាយការណ៍ហិរញ្ញវត្ថុ

06-05-2026 16:00

(អូស្ត្រាលី)៖ ស្ថាប័នគ្រប់គ្រងអាជីវកម្មរបស់ប្រទេសអូស្ត្រាលី បានប្រកាសនៅថ្ងៃពុធសប្តាហ៍នេះថា ខ្លួនបានចេញការពិន័យជាប្រាក់សរុបចំនួន ៧៩២,០០០ ដុល្លារអូស្ត្រាលី (ប្រហែល ៥៧០,៧១៥ ដុល្លារអាមេរិក) ទៅលើក្រុមហ៊ុនចំនួន៤ ដែលស្ថិតក្រោមបុត្រសម្ព័ន្ធក្រុមហ៊ុនរចនាក្រាហ្វិក Canva Group ពីបទ ខកខានមិនបានដាក់របាយការណ៍ហិរញ្ញវត្ថុសម្រាប់ឆ្នាំ២០២៤។

ក្រុមហ៊ុនទាំង៤ នោះរួមមាន Canva Pty, Canva Operations Pty, Canva Trading Pty និង Fusion Books Pty។ ក្រុមហ៊ុននីមួយៗបានបង់ប្រាក់ពិន័យចំនួន ១៩៨,០០០ ដុល្លារអូស្ត្រាលី បន្ទាប់ពីខកខានមិនបានដាក់របាយការណ៍ហិរញ្ញវត្ថុតាមកាលកំណត់ត្រឹមថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥។ គណៈកម្មការមូលបត្រ និងការវិនិយោគអូស្ត្រាលី (ASIC) បានបញ្ជាក់ថា ក្រុមហ៊ុន Canva Pty ទើបតែបានដាក់របាយការណ៍ហិរញ្ញវត្ថុរួមសម្រាប់ឆ្នាំ២០២៤ កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ កន្លងទៅនេះប៉ុណ្ណោះ។

អ្នកនាំពាក្យរបស់ក្រុមហ៊ុន Canva បានលើកឡើងថា «យើងយកចិត្តទុកដាក់ខ្ពស់លើកាតព្វកិច្ចរាយការណ៍របស់យើង។ នៅពេលនេះ យើងបានបំពេញរាល់ឯកសារដែលនៅសេសសល់រួចរាល់អស់ហើយ ហើយយើងក៏បានរៀបចំប្រព័ន្ធការងារឱ្យកាន់តែរឹងមាំ ដើម្បីធានាថារឿងនេះមិនកើតឡើងទៀតទេនៅថ្ងៃខាងមុខ»។

មានសេចក្តីរាយការណ៍ថា Canva កំពុងរៀបចំខ្លួនដើម្បីដាក់លក់ភាគហ៊ុនជាសាធារណៈ (Go Public)។ កាលពីខែសីហា ឆ្នាំ២០២៥ ក្រុមហ៊ុននេះត្រូវបានគេវាយតម្លៃថាមានតម្លៃខ្លួនរហូតដល់ ៤២ពាន់លានដុល្លារ ក្នុងអំឡុងពេលដែលក្រុមហ៊ុនបានចាប់ផ្តើមលក់ភាគហ៊ុនឱ្យបុគ្គលិករបស់ខ្លួន។ បង្កើតឡើងក្នុងឆ្នាំ ២០១៣ Canva គឺជាវេទិកាតាមគេហទំព័រដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចរចនាអ្វីៗគ្រប់យ៉ាង ចាប់តាំងពីធៀបការ កាតថ្ងៃខួបកំណើត រហូតដល់រូបភាពសម្រាប់បង្ហោះលើបណ្តាញសង្គម និងស្លាយបទបង្ហាញផ្សេងៗយ៉ាងងាយស្រួល៕