ជំនួបរវាង Bayern និង PSG នាម៉ោង ២យប់នេះ ប្រៀបដូចផ្តាច់ព្រ័ត្រ UCL កាលឆ្នាំ២០២០

06-05-2026 16:09

(ម៉ូនិច)៖ ការប្រកួតជើងទី២ ដើម្បីបញ្ចប់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនាម៉ោង ២រំលងអាធ្រាត្រនេះ (ម៉ោងនៅកម្ពុជា) ប្រៀបដូចជាលេងវគ្គផ្តាច់ព្រ័ត្រ UEFA Champions League ដែល Paris Saint Germain ដែលបានចាញ់ Bayern Munich ១-០ កាលឆ្នាំ២០២០ កន្លងទៅដែរ។

ក្រុមខ្លារខិន Bayern Munich ដែលជាម្ចាស់ជើងឯកពានអឺរ៉ុប UCL ចុងក្រោយកាលឆ្នាំ២០២០ នោះ បានចាញ់ ៥-៤ ក្រោមថ្វីជើងរបស់ម្ចាស់ការពារតំណែងជើងឯក PSG ក្នុងប្រកួតជើងទី១ នៅទីក្រុងប៉ារីស មុនពេលកាត់ក្តីជើងទី២ នៅទីក្រុងម៉ូនិច ប្រទេសអាល្លឺម៉ង់វិញរាត្រីនេះ ក្នុងកីឡដ្ឋាន Allianz Arena។

ក្រុមឈ្នះគូយក្សទាំងពីរ នឹងឡើងទៅប៉ះ Arsenal នាថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ បន្ទាប់ពីកាំភ្លើងធំបានទម្លាក់គូប្រជែង Atletico Madrid របស់អេស្ប៉ាញ ២-១ លទ្ធផលទាំង ២ជើងនៃវគ្គ ៤ក្រុមនេះកាលពីរាត្រីថ្ងៃអង្គារ។

ក្នុងចំណោមជួបគ្នា ១០ប្រកួតចុងក្រោយនេះ ក្រុមទាំងពីរពុំដែលមានប្រវត្តិស្មើគ្នាឡើយ ពោលគឺ Bayern ឈ្នះដល់ទៅ ៧លើក និងចាញ់ក្រុមប៉ារីសតែ ៣លើកគត់។

ទាំង Bayern និង PSG សុទ្ធតែពេញជើងដូចគ្នារាត្រីនេះ ខុសត្រង់ថា ក្រុមជើងឯកលីគអាល្លឹម៉ង់មានខ្សែប្រយុទ្ធ Harry Kane សញ្ជាតិអង់គ្លេស ដែលដឹកនាំដោយលោក Vincent Kompany សញ្ជាតិប៊ែលហ្សិក នៅពេលដែល PSG ដែលទើបស្គាល់រសជាតិពាន UCL ឆ្នាំ២០២៥ ប្រើប្រាស់ខ្សែប្រយុទ្ធ Ousmane Dembele របស់បារាំងផ្ទាល់តែម្តង ដឹកនាំដោយគ្រូបង្វឹកអេស្ប៉ាញ លោក Luis Enrique៕