Apple ជួយឱ្យក្រុមហ៊ុនអាមេរិករាប់រយ បង្កើនល្បឿនប្រើ AI ក្នុងរោងចក្រ តាមរយៈសាលាបណ្តុះបណ្តាលពិសេស

07-05-2026 08:27

(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple កំពុងជម្រុញឱ្យសង្វាក់ផលិតកម្មនៅក្នុងសហរដ្ឋអាមេរិក ឈានជើងចូលយុគសម័យបញ្ញាសិប្បនិម្មិត (AI) កាន់តែលឿនជាងមុន តាមរយៈកម្មវិធីបណ្តុះបណ្តាល «Apple Manufacturing Academy»។ កម្មវិធីនេះ គឺជាកិច្ចសហការជាមួយសាកលវិទ្យាល័យ Michigan State (MSU) ក្នុងគោលបំណងជួយដល់អាជីវកម្មខ្នាតតូច និងមធ្យម ឱ្យចេះប្រើប្រាស់បច្ចេកវិទ្យាទំនើប ដើម្បីបង្កើនផលិតភាពការងារ។ នេះបើយោងតាមការចុះផ្សាយរបស់ Apple Newsroom នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៦។

ក្នុងវេទិកាប្រចាំឆ្នាំនាពេលថ្មីៗនេះ Apple បានបង្ហាញពីសមិទ្ធផលជាក់ស្តែងនៃការយក AI ទៅប្រើក្នុងរោងចក្រ។ លោកស្រី Priya Balasubramaniam អនុប្រធានផ្នែកប្រតិបត្តិការផលិតផលរបស់ Apple បានសង្កត់ធ្ងន់ថា៖«យើងចង់នាំយកបច្ចេកទេសផលិតកម្មកម្រិតខ្ពស់ មកកាន់ក្រុមហ៊ុនផលិតនៅអាមេរិក។ គោលដៅរបស់យើង គឺបង្កើតការអនុវត្តក្នុងពិភពពិត ដែលជួយក្រុមហ៊ុននានាបង្កើនផលិតភាព និងប្រសិទ្ធភាព»។

ជាក់ស្តែង គឺក្រុមហ៊ុន Block Imaging ដែលជាអ្នកឯកទេសខាងឧបករណ៍វេជ្ជសាស្ត្រ បានមើលឃើញពីការផ្លាស់ប្តូរភ្លាមៗ បន្ទាប់ពីទទួលបានការបណ្តុះបណ្តាលពីវិស្វកររបស់ Apple។ លោកស្រី Katie Runyon នាយកផ្នែកបណ្តុះបណ្តាលនៃក្រុមហ៊ុននេះ បានលើកឡើងថា បច្ចេកទេសដែលទទួលបាន គឺអាចយកទៅអនុវត្តផ្ទាល់នៅលើខ្សែសង្វាក់ផលិតកម្មភ្លាមៗ ដែលវាបានជួយកែលម្អទាំងរបៀបធ្វើការ និងគុណភាពនៃសេវាកម្មដែលផ្តល់ជូនទៅកាន់មន្ទីរពេទ្យនានា។

គួរជម្រាបថា មកទល់ពេលនេះ «Apple Manufacturing Academy» បានជួយជ្រោមជ្រែងអាជីវកម្មអាមេរិកជាង ១៥០ ក្រុមហ៊ុនរួចមកហើយ។ នេះគឺជាផ្នែកមួយនៃផែនការវិនិយោគដ៏ធំរបស់ Apple ដើម្បីត្រៀមខ្លួនសម្រាប់សេដ្ឋកិច្ចឌីជីថល និងបណ្តុះបណ្តាលធនធានមនុស្សឱ្យមានជំនាញបច្ចេកវិទ្យាខ្ពស់ ក្នុងការប្រកួតប្រជែងលើឆាកអន្តរជាតិ៕